មកស្គាល់សត្វ៥ប្រភេទ!ស្លាប់ផុតពូជអស់ពីលើភពផែនដី​ សត្វខ្លះស្លាប់ដោយសារមូលហេតុសោកសៅបំផុត

  • 2022-06-03 08:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យើងធ្លាប់បានដឹងហើយថា មានសត្វជាច្រើនប្រភេទណាស់ដែលបានស្លាប់ផុតពូជពីលើភពផែនដី ដោយសារតែមូលហេតុផ្សេងៗពីគ្នា សត្វខ្លះស្លាប់ដោយសារតែកត្តាធម្មជាតិ សត្វខ្លះទៀតស្លាប់ដោយសារតែការតាមប្រមាញ់របស់មនុស្ស ។ថ្ងៃនេះ sabay សូមលើកយកសត្វចំនួន៥ប្រភេទ ដែលបានស្លាប់ផុពូជ និងមូលហេតុនៃការស្លាប់របស់ពួកវា ឲ្យប្រិយមិត្តបានជ្រាបជាចំណេះដឹងថ្មី។

១.អម្បូរសត្វដំរីវ៉ូលីម៉ាម៉ូស (Wolly Mammoth)

អម្បូរ សត្វដំរីវ៉ូលីម៉ាម៉ូស អ្នកវិទ្យាសាស្ត្របញ្ជាក់ថាបានស្លាប់ផុតពូជទាំងអស់កាលពី១០,០០០ឆ្នាំមុន ដោយសារតែកត្តាពីរយ៉ាងគឺការបម្រែបម្រួលអាកាសធាតុធ្វើឲ្យវាមិនអាចរកចំណីបាន និងតាមរយ:ការដេញ ប្រមាញ់របស់មនុស្សនាសម័យនោះ។

អម្បូរដំរីដ៏ធំមួយនេះដំបូងឡើយបានធ្វើបន្លាស់ទីចេញពីទ្វីបអាហ្រ្វិកកាលពីប្រមាណ៣.៥លានឆ្នាំមុន ហើយត្រូវបានបន្តពូជនិងរីកសាយពាសពេញភាគខាងជើងនៃតំបន់អឺរ៉ាស៊ីEurasia ព្រមទាំងតំបន់ជាច្រើននៅអាមេរិកខាងជើង ហើយត្រូវបានគេជឿថាថាមានជាប់សែស្រឡាយជាប់យ៉ាងជិតស្និទ្ធទៅ នឹងសត្វដំរីដែលកំពុងរស់នៅសព្វថ្ងៃទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។

សត្វដំរីវ៉ូល្លីម៉ាម៉ូស មានកម្ពស់ជាង៤ម៉ែត្រ និងទម្ងន់ជាង៦តោនឯណោះ ហើយដងខ្លួនរបស់វាគ្របដណ្តប់ដោយរោមក្រាស់ៗដើម្បីការពារភាពត្រជាក់ ហើយភ្លុកយ៉ាងកោងរបស់វាអាចមានប្រវែងរហូតដល់៥ម៉ែត្រ សម្រាប់ប្រយុទ្ធ និងជីកទឹកកក នៅក្នុងតំបន់ដែលវារស់នៅផងដែរ។

សូមជម្រាបថា បច្ចុប្បន្នភ្លុករបស់វាត្រូវបានគេតាមប្រមាញ់រក ដោយសារតម្លៃដ៏ថ្លៃមហាសាល និងភាពស្របច្បាប់នៃការទិញលក់ភ្លុករបស់សត្វប្រភេទនេះ ដោយមិនត្រូវបានគេចាត់បញ្ចូលជាសត្វត្រូវការពារដោយច្បាប់អន្តរជាតិនោះទេ ដោយសារសត្វប្រភេទនេះបានផុតពូជពីផែនដីតាំងពី១ម៉ឺនឆ្នាំមុនមកម្លេះ។

២.សត្វរមាសខ្មៅអាហ្វ្រិកខាងលិច( western black rhinoceros)

សត្វរមាសខ្មៅអាហ្វ្រិកខាងលិច ត្រូវបានគេរកឃើញមួយក្បាលចុងក្រោយ នៅក្នុងប្រទេសកាម៉ារ៉ូនកំឡុងឆ្នាំ២០០៦ និងត្រូវបានស្លាប់ផុតពូជនៅក្នុងឆ្នាំ២០១១ ដោយសារតែមិនអាចបន្តពូជទៀតបាន។

សត្វរមាសអាហ្រ្វិកមួយប្រភេទនេះ មានដងខ្លួនធំខ្លាំងណាស់ដោយមានបណ្តោយប្រវែងចន្លោះពី៣ទៅ៣.៨ម៉ែត្រ និងទម្ងន់វិញចាប់ពី៨០០ទៅ១,៣០០គីឡូក្រាម ឯណោះ នៅពេលដែលធំពេញវ័យ ។ចំណែកកុយរបស់វាមានចំនួន២ ដោយកុយខាងក្រោមមានប្រវែងប្រមាណ ១.៣ម៉ែត្រ និងកុយមួយទៀតប្រវែងចន្លោះ២ទៅ៥៥សង់ទីម៉ែត្រ នៅខាងលើកុយដែលមានប្រវែងវែង មានសមត្ថភាពការពារនិងវាយប្រហារ ពីសត្រូវ។

សូមជម្រាបថា សម្រាប់មូលហេតុនៃការផុតពូជនោះគឺ ដោយសារតែការប្រមាញ់របស់មនុស្សដោយខុសច្បាស់ ដោយគេជឿថា កុយរបស់សត្វរមាសអាចយកមកធ្វើជាថ្នាំព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាពបំផុត និងត្រូវបានជនខិលខូចលួចសម្លាប់យកទៅលក់ស្ទើរពាសពេញពិភពលោក។ក្រោយមកក្រុមជួយសង្គ្រោះសត្វព្រៃបានព្យាយាម ការពារនិងអភិរក្សសត្វ សត្វរមាសខ្មៅនេះដែរ ប៉ុន្តែគ្រប់យ៉ាងត្រូវបានហួសពេលអស់ ព្រោះតែនៅសល់ចំនួនតិចតួចបំផុត មិនអាចបង្កាត់និងបន្តពូជបានដោយប្រាស់ប្រាស់រយ:ពេលយូរ រហូតស្ងាត់វត្តមានតាំងពីឆ្នាំ២០១១មក៕

៣.ពពែភ្នំផាយរេនៀន(Pyrenean Ibex)

ចំនួន ពពែភ្នំផាយរេនៀន បានបន្តធ្លាក់ចុះយ៉ាងគំហក រហូតដល់មួយក្បាលចុងក្រោយបង្អស់ត្រូវបានស្លាប់ផុតពូជដោយសារតែធ្លាក់ពីលើដើមឈើ នៅភាគខាងជើងនៃប្រទេសអេស៉្បាញ។

កាលពីមិនទាន់ផុតពូជ កន្លងមកពពែភ្នំផាយរេនៀនត្រូវបានគេរកឃើញរស់នៅភាគច្រើននៅក្នុងតំបន់ភ្នំនៃប្រទេស អេស៉្បាញ និងប្រទេសបារាំង។ ពពែប្រភេទនេះ មានកម្ពស់ចាប់ពី៦០-៧៦សង់ទីម៉ែត្រ និងមានពីទម្ងន់២៤-៨០គីឡូក្រាម នៅពេលពេញវ័យ។

អម្បូរសត្វពពែភ្នំផាយរេនៀនត្រូវបានគេជឿថារស់នៅតាំងពី១៨,០០០ឆ្នាំមុនមកម្លេះ រហូតទៅដល់៥,០០០០ក្បាល តែនៅកំឡុងពាក់កណ្តាលទី១៩ តួលេខត្រួវបានធ្លាក់ចុះយ៉ាងគំហុកមកត្រឹមតែប្រមាណ១០០ក្បាលតែប៉ុណ្ណោះ។ សូមជម្រាបថាមូលហេតុដែលធ្វើឲ្យចំនួនពពែភ្នំផាយរេនៀន(Pyrenean Ibex)ធ្លាក់ចុះ រហូតធ្វើឲ្យស្លាប់ពូជទាំងអស់នៅលើភពផែនដីយើងនេះ គឺដោយសារតែកត្តាជាច្រើន រួមមាន ការប្រមាញ់របស់មនុស្ស កត្តាជំងឺ មួយវិញទៀតមកពីការកង្វះសមត្ថភាពក្នុងការប្រកួតប្រជែងស្វែងរកចំណីជាមួយសត្វដទៃ។

៤.សត្វគោសមុទ្រស្ទែលឡឺ (Steller's Sea Cow)

សត្វគោសមុទ្រស្ទែលឡឺ ត្រូវបានរកឃើញដំបូងបំផុតនៅក្នុងឆ្នាំ១៧៤១ ដោយលោក George Steller អ្នករុករកជនជាតិអាឡឺម្លង់ និងបានស្លាប់ផុតពូជទាំងអស់នៅក្នុងឆ្នាំ១៧៦៨។

សត្វគោសមុទ្រស្ទែលឡឺរត្រូវបានចាត់ចូលជាថនិកសត្វ ដែលស៊ីរុក្ខជាតិជាអាហារ សម្រាប់ប្រវែងដងខ្លួនដ៏ធំរបស់វាគឺមានរហូតទៅដល់យ៉ាងហោច៨-៩ម៉ែត្រ និងទម្ងន់ចន្លោះចាប់ពី៨-១០តោន ឯណោះ។

ភាគច្រើនសត្វនេះ រស់នៅមហាសុទ្រប៉ាស៊ីហ្វិកតាមតំបន់ប្រជុំកោះនៀ (Near Islands) រដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក អតីតទឹកដីរុស្ស៊ី និងតំបន់ប្រជុំកោះខមមែនដឺ (Commander Islands) ។ សូមជម្រាបថា មូលហេតុដែលបណ្តាលឲ្យសត្វគោសមុទ្រស្ទែលឡឺននេះស្លាប់ផុតពូជគឺដោយសារតែ រងការប្រមាញ់យ៉ាងខ្លាំងក្លាពីសំណាក់មនុស្សជាបន្តបន្ទាប់ ពីព្រោះសត្វនេះមិនអាចមុជខ្លួនដ៏ធំរបស់វាចូលទៅក្នុងទឹកបាននោះឡើយ ពោលគឺស្លាប់ផុតពូជទាំងអស់ក្រោយពីការរកឃើញត្រឹមតែ២៧ឆ្នាំ ។

៥.សត្វផ្សោតសប៉ាយជី (Baiji White Dolphin)

សត្វផ្សោតសប៉ាយជី ត្រូវបានអាជ្ងាធរចិនកត់សំគាល់ថាត្រូវបាន ស្លាប់ផុតពូជអស់នៅត្រឹមឆ្នាំ ២០០២ ក្រោយពុំមាននរណាម្នាក់នៅតាមដងទន្លេយ៉ាងសេ ប្រទះឃើញទៀតឡើយចាប់ពីពេលនោះ។ សត្វផ្សោតសប៉ាយជីមានប្រវែងរហូតដល់២.៥ម៉ែត្រ និងមានទម្ងន់ជាង២០០គីឡូក្រាម រស់នៅតែនៅក្នុងទន្លេយ៉ាងសេ ប្រទសចិនតែប៉ុណ្ណោះ(Yangtze River of China) ពោលគឺពេលពុំទាន់ផុតពូជផ្សោតសប៉ាយជី មិនមានវត្តមាននៅទីណាទៀតឡើយ ក្រៅពីប្រទេសចិន ។

ផ្សោតសប៉ាយជីត្រូវបានគេជឿជាក់ថា រស់នៅក្នុងទន្លេយ៉ាងសេអស់រយៈពេលប្រមាណជាង២០លានឆ្នាំមកហើយ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយជាទីបំផុតនោះគឺចំនួនរបស់ពពួកផ្សោតប្រភេទនេះ ត្រូវបានថយចុះយ៉ាងគំហុកចាប់ពីទសវត្សឆ្នាំ ១៩៥០មក រហូតដល់ឆ្នាំ២០០២ត្រូវផុតពូជក្រោយ ផ្សោតប៉ាយជីមួយក្បាលចុងក្រោយបានស្លាប់។

សូមជម្រាបថា សម្រាប់មូលហេតុនៃការផុតពូជនោះគឺ មានកត្តាជាច្រើន រួមមានការជាប់មងនេសាទរបស់ប្រជាជននៅតាមដងទន្លេនិង ការអភិវឌ្ឍន៍ប្រទេសចិនតាមរយ:ការបង្កើតប្រព័ន្ធវារីអគ្គិសនី នាំឲ្យមានការបំពុលយ៉ាងធ្ងន់ធ្ងរទៅលើផ្សោតសប៉ាយជី ដែលរស់នៅក្នុងទន្លេ រហូតឈានទៅដល់ការផុតពូជ៕

ប្រភព៖ Wikipedia   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ