ចូលដល់វ័យក្បែរ ៥០ឆ្នាំ គង់ សុជាតិ និងខាត់ សុឃីម ទម្លាក់ចិត្ដចង់បានកូនបន្ថែម ក្រោមហេតុផលដូចគ្នា
- 2022-06-13 08:33:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលដល់វ័យក្បែរ ៥០ឆ្នាំ គង់ សុជាតិ និងខាត់ សុឃីម ទម្លាក់ចិត្ដចង់បានកូនបន្ថែម ក្រោមហេតុផលដូចគ្នា
ចន្លោះមិនឃើញ
តារាស្រីវ័យជ្រេចំនួន ២ដួង មានចិត្ដដូចគ្នាថានឹងបន្ថែមសមាជិកគ្រួសារថ្មី ឬយកកូនម្នាក់មួយបន្ថែមទៀត ខណៈដែលខ្លួនមានកូនប្រុសស្រី ម្នាក់២ និងម្នាក់៣ទៅហើយនោះ។ ស្ថិតក្នុងវ័យប្រមាណ ៤០ឆ្នាំ តារាចម្រៀង ខាត់ សុឃីម និងពិធីការិនី គង់ សុជាតិ លែងរន្ថើនចង់បានកូនដូចឆ្នាំមុនៗ។
និយាយពីអ្នកនាង គង់ សុជាតិ។ ដ្បិតថាអ្នកនាងបានរៀបការជាមួយស្វាមីក្រោយ គឺលោក ជា វិបុល អស់រយៈពេល ៩ឆ្នាំហើយមានកូន ៣នាក់ទៅហើយក្ដី ក៏សម្រស់ និងសុខភាពរបស់អ្នកនាងនៅល្អមិនចាញ់តារាស្រីវ័យក្មេងឡើយ។ ក្នុងចំណោមកូនទាំង ៣នាក់ គឺមាន ២នាក់ គឺជាកូនអ្នកនាងជាមួយស្វាមីមុន និងកូនស្រីម្នាក់ក្រោយនេះ គឺជាតំណក់ឈាមរួមគ្នារបស់អ្នកនាង ជាមួយលោក ជា វិបុល ប៉ុន្ដែអ្នកនាងចង់បានកូនប្រុសម្នាក់ទៀតដែលជាតំណក់ឈាមរួមគ្នាជាមួយស្វាមីក្រោយ។
រយៈពេលជាង ២ឆ្នាំហើយដែលពិធីការិនីល្បីឈ្មោះរូបនេះ ចិញ្ចឹមចិត្ដចង់បានកូនបន្ថែម ប៉ុន្ដែគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ នេះ នៅតែមិនទាន់មានដំណឹងល្អនៅឡើយ។ អ្នកនាង គង់ សុជាតិ បានប្រាប់Sabay នៅរសៀលថ្ងៃទី១៣ ខែមិថុនា ថា សព្វថ្ងៃរវល់នឹងការងារសិល្បៈពេក ទើបធ្វើឲ្យអ្នកទម្លាក់ចិត្ដចង់បានកូនមកនៅត្រឹម៥០% ពោលគឺមានក៏បានអត់ក៏បាន។
អ្នកនាង គង់ សុជាតិ៖ “បើនិយាយពីសុខភាពវិញ នៅរត់បាន១ថ្ងៃពីរបីរោងដដែល ឥឡូវបើមានក៏អរ...តែហេតុផលសំខាន់ គឺរវល់ណាស់អូនអើយ! ម្យ៉ាងបើយកទៀតអាចជាប់ដៃ ហើយយើងក៏មានបីនាក់រួចហើយដែរ ហើយគាត់(ជា វិបុល) ចិញ្ចឹមកូនៗតាំងពីតូចដូចជាកូនបង្កើតដែរ”។
ងាកមកតារាចម្រៀងពហុជំនាញ ខាត់ សុឃីម វិញម្ដង។ អ្នកនាងបានចាប់ដៃកសាងអនាគតជាមួយស្វាមីក្រោយ គឺលោក ផាណូ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយថែមទាំងបង្កើតបានកូនស្រីដ៏ស្រស់ស្អាតដែលជាតំណក់ឈាមជាមួយគ្នាទៀតផង ខណៈកូនប្រុសស្វាមីមុនពេញកម្លោះបាត់ទៅហើយ។
អ្នកនាង ខាត់ សុឃីម ធ្លាប់ប្រាប់Sabay កាលពីពេលថ្មីៗកន្លងទៅនេះថា អ្នកនាង និងស្វាមីនៅតែចិញ្ចឹមចិត្ដចង់បានកូនម្នាក់ទៀត ប៉ុន្ដែមានហេតុផលសំខាន់មួយដែលធ្វើឲ្យអ្នកនាងពិបាកយកកូនបន្ថែមភ្លាមៗ ក្នុងពេលដែលទាំងស្វាមី និងរូបអ្នកនាងផ្ទាល់រវល់នឹងការងារសិល្បៈ និងការងារក្រុមហ៊ុនរកពេលហូបបាយស្ទើរមិនបាន។
ខាត់ សុឃីម៖ “សម្រាប់បងខុសគេ បើថាយកកូនហើយ គាត់(ស្វាមី)ត្រូវតែមានពេលវេលាឲ្យយើង បើអត់ដដែលយកមកធ្វើអី ហើយឥឡូវរវល់ចង់ងាប់ធ្វើម៉េចទៅ។ ប្ដីបង ប្រាប់ឲ្យបងធ្វើខ្លួនចាំតែទៅសម្ដែង ឬច្រៀងទេ ហើយគាត់រ៉ាប់រងការងារក្រុមហ៊ុនទាំងអស់”។
បច្ចុប្បន្នគេឃើញគ្រួសារតារាទាំងពីរដួង សុទ្ធតែខ្នះខ្នែងនិងការងារសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួនស្ទើរតែរកពេលសម្រាក និងហូបបាយគ្មាន។ ប៉ុន្ដែគូស្វាមីភរិយាទាំងពីរគូ តែងតែឆ្លៀតពេលផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមក ហើយក៏ឆ្លៀតគិតពីគម្រោងយកកូនបន្ថែមដែរ។
ក្រៅពីការងារសិល្បៈលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ក៏មានហាងសាឡន និងសាលាបង្រៀនផ្នែកសម្ផស្សផងដែរ។ រីឯលោក ផាណូ និងអ្នកនាង ខាត់ សុឃីម វិញ ក្រៅពីកាងារសិល្បៈ ក៏មានក្រុមហ៊ុនលក់ផលិតផលថែទាំសម្រស់ និងក្រុមហ៊ុនលក់ដីឡូត៍ផ្ទាល់ខ្លួនផងដែរ៕