២០ឆ្នាំសោះ របស់អស្ចារ្យទាំងនេះ ក្លាយជាសាមញ្ញ ជំនួសដោយរបស់ថ្មីៗ
- 2022-06-14 03:04:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០ឆ្នាំសោះ របស់អស្ចារ្យទាំងនេះ ក្លាយជាសាមញ្ញ ជំនួសដោយរបស់ថ្មីៗ
ចន្លោះមិនឃើញ
ឆ្នាំ ២០០០ ជាឆ្នាំដែលបច្ចេកវិទ្យាកំពុងរីកលូតលាស់យ៉ាងលឿន បន្តរមកដល់សព្វថ្ងៃឆ្នាំ២០២២នេះ គិតទៅគឺជាង ២០ឆ្នាំហើយ ដែលរយៈពេលមួយនេះយូរគ្រាន់បើ ក្នុងការកែប្រែឧបករណ៍ប្រើប្រាស់នានា។ ថ្ងៃនេះ Sabay នឹងនាំអារម្មណ៍របស់លោកអ្នកទៅកាន់សម័យនោះវិញ ដោយលើកយករបស់របរប្រើប្រាស់នានាដែលសព្វថ្ងៃនេះគេលែងប្រើប្រាស់។
១. ឌីស CD, VCD, DVD
ខ្មែរយើងហៅថា ឌីស ឬ CD គឺជាវិធីងាយស្រួលមួយក្នុងការរក្សាទុកទិន្នន័យនានា ជាពិសេសនោះគឺចម្រៀង។ កាលនោះ ពេលដែលផលិតកម្មចេញចម្រៀងម្តងៗ គឺគ្រប់គ្នាត្រូវទៅទិញឌីសយកមកចាក់ ផ្ទុយពីសព្វថ្ងៃដែលយើងអាចបង់លុយ រួចស្តាប់តាមប្រព័ន្ធអ៊ិនអឺណិត តាមទូរសព្ទដៃ។
បន្ទាប់ពី CD គេឃើញមាន VCD និង DVD ដែលជាបច្ចេកវិទ្យាថ្មីអាចផ្ទុកទិន្នន័យបានច្រើនជាងមុន ពោលគឺអាចរក្សាទុកទិន្នន័យវីដេអូចម្រៀងបាន និងអាចធ្វើជាឌីសខ្សែភាពយន្តជាដើម។
២. Floppy Disks
ជឿថាអ្នកដែលធ្លាប់ប្រើកុំព្យូទ័រកាលពីអំឡុងឆ្នាំ២០០០ ប្រាកដជាធ្លាប់បានឃើញ និងបានប្រើផងដែរ។ វាដំណើរការដូចនឹង USB សព្វថ្ងៃដែរ គឺប្រើសម្រាប់ចម្លងឯកសារនានា ពីកុំព្យូទ័រមួយ ទៅកុំព្យូទ័រមួយ។ Floppy disks មានរូបរាងជាបន្ទះស្តើង ទំហំធំល្មមប្រហែលនឹងឌីសធម្មតា ទោះធំមែនក្តី ទំហំផ្ទុករបស់វាមានត្រឹមតែ 1,44MB ប៉ុណ្ណោះ។ ខ្ញុំចាំបានថាដើម្បីអាចដំឡើង Window បានគេត្រូវប្រើ Floppy Disks នេះដល់ទៅ១ប្រអប់ឯណោះ។
៣. ទូរសារ ឬ Fax
Email ជាបច្ចេកវិទ្យាដែលយើងប្រើសព្វថ្ងៃសម្រាប់ផ្ញើរឯកសារផ្លូវការនានា ចុះកាលមុនវិញ? ត្រូវហើយ Fax ឬ ទូរសារ ជាម៉ាស៊ីនពិសេសមួយដែលអាចផ្ញើរ និងបោះពុម្ពចេញមកភ្លាមៗតែម្តងនូវឯកសារដែលបានផ្ញើរ។ ឧទាហរណ៍ថាអ្នកមានឯកសារដែលត្រូវឲ្យអ្នកទទួលចុះហត្ថលេខា អ្នកអាចប្រើម៉ាស៊ីននេះផ្ញើរទៅភាគីម្ខាងទៀត ដើម្បីចុះហត្ថលេខា រួចផ្ញើរមកវិញតាមម៉ាស៊ីនមួយនេះ។
៤. កាសែត ចំរៀង
មិនខុសពីឌីសចំរៀង ប៉ុន្តែវាមានអាយុកាលច្រើនជាង និងចេញមុនឌីស។ វាមានតួនាទីរក្សាទុកឯកសារសំឡេង សម្រាប់ចាក់ស្តាប់ ដោយប្រើម៉ាញ៉េឬម៉ាស៊ីនចាក់នានា។ កាលនោះ ពេលដែលយើងចង់ខាម្តងៗ យើងប្រើវិធីបង្វិលរន្ធទាំងពីរនោះទៅមុខឬទៅក្រោយ ហើយពេលដែលវាខូច ក្មេងៗអាចប្រើវាជាឧករណ៍កម្សាន្តបាន។
៥. ឧបករណ៍បញ្ចាំងស្លាយ
សព្វថ្ងៃយើងឃើញមាន LCD Projector ដែលអាចបញ្ចាំងរូបភាពចេញពីកុំព្យូទ័រ ទៅជញ្ចាំង ដោយប្រើពន្លឺ។ ក៏ដូចគ្នាកាលពីកន្លងទៅ ទោះបីមិនមានកុំព្យូទ័រក៏ដោយ គេអាចប្រើក្រដាសដែលមានអក្សរធម្មតា ដាក់លើម៉ាស៊ីននេះ រួចវានឹងបញ្ចាំងទៅលើជញ្ជាំងបានដូចគ្នា។
៦. ឧបករណ៍ចាក់តន្ត្រី MP3
ដើម្បីចាក់តន្ត្រីគេត្រូវការប្រើម៉ាស៊ីនចាក់ ដោយទទួលបានប្រភពសំឡេងចេញពី ឌីស ឬ កាសែត។ ប៉ុន្តែវាមិនអាចយកតាមខ្លួនបាននោះទេ ដូច្នេះហើយ គេនៅមានបច្ចេកវិទ្យាថ្មីមួយទៀតពីលើនេះគឺ ឧបករណ៍ចាក់តន្រ្តី MP3។ ឧបករណ៍នេះអាចនិយាយបានថាសម្រាប់យុវវ័យនាជំនាន់នោះ ព្រោះពេលប្រើវា ហើយពាក់កាសដើរតាមផ្លូវគឺជាស្តាយដ៏ពេញនិយមមួយ។ កាលនោះឧបករណ៍មួយនេះមានគ្រប់តម្លៃ និងគុណភាពសម្រាប់ប្រជាជនយើងអាចប្រើបានទៅតាមលទ្ធភាព ដោយរបស់ថ្លៃៗមានដូចជា Sony walkman និង iPod ជាដើម ហើយក៏មានរបស់ថោកៗដែលគ្មានមាកមួយចំនួនផងដែរ។
៧. កាមេរ៉ាប្រើហ្វីល
ជំនាន់ ២០២២នេះ ពេលថតរូបយើងបារម្មណ៍ពីការពេញ Memory ប៉ុន្តែបើត្រឡប់ទៅកាលមុនវិញ យើងនឹងឭពាក្យថាអស់ហ្វីល។ ព្រោះកាលនោះកាមេរ៉ានីមួយៗត្រូវកាលប្រើហ្វីលដើម្បីរក្សាទុករូប បន្ទាប់មកទើបយកទៅផ្តិត។ យើងត្រូវចំណាយលុយទៅទិញដុំហ្វីល ហើយដុំហ្វីលនីមួយៗគឺអាចប្រើបានតែម្តងនោះទេ ដោយវានឹងរក្សារូបភាព ទៅក្នុងសន្លឹកហ្វីលនីមួយៗ។