អាច​ជា​ប្រផ្នូលល្អ​ទេ​ដឹង! ទើប​ចេញ​រឿងបេក្ខភាព​ជយលាភី MUC ជួប​រឿង​​ចៃដន្យ ស្ទើរ​មិន​គួរ​ឲ្យជឿ

  • 2022-06-18 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​សមត្ថភាព និង​សម្រស់ Miss Universe Cambodia 2022 បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្មី​ៗ​នេះ​ដោយ​កញ្ញា ហង្ស ម៉ានីតា កូន​កាត់​ខ្មែរ-បារាំង បាន​ឈ្នះ​ជយលាភី ប៉ុន្តែ​បើ​តាម​ដល់ បាន​ដឹង​ថា ម្ចាស់​ជយលាភី​បាន​ជួប​រឿង​ចៃដន្យ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

រឿង​ចៃដន្យ​នេះ ទើប​នឹង​បើក​កកាយ​ក្នុង​សន្និសីទសារព័ត៌មាន ដែល​ផ្ដួចផ្ដើម​ដោយ​ហាង​ពេជ្រ CSNJ នា​រសៀល​ម្សិលមិញ។ ដើម​ឡើយ ហាង​លក់​គ្រឿង​អលង្កការ​មួយ​នេះ បាន​ឧបត្ថម្ភ​ការ​ផលិត​មកុដ​ ដែល​សាង​ឡើង​ដោយ​ពេជ្រ និង​ត្បូង​រតនៈគីរី មាន​តម្លៃ​ដល់​ទៅ ១៨ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​បំពាក់​ជូន​ម្ចាស់​ជយលាភី។

ស្រាប់​តែ​រឿង​ចៃដន្យ បាន​កើត​ឡើង​ក្នុង​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី ដែល​ពេល​នោះ​ម្ចាស់​ជយលាភី​កញ្ញា ហង្ស ម៉ានីតា ជា​បេក្ខភាព​ពាក់​ផ្លាក​លេខ ១៨ ដូច​នឹង​​តម្លៃ​សាង​មកុដ​នេះ​ឡើង។ មក​ដល់​ចំណុច​នេះ លោក ជិន សំណាង ម្ចាស់​ហាង​ពេជ្រ​ខាង​លើ ប្រាប់​ក្នុង​សន្នីសីទសារព័ត៌មាន​កាល​ពី​យប់​មិញ​ថា លោក​ពិត​ជា​ភ្ញាក់​ផ្អើល និង​ជា​រឿង​ចៃដន្យ​មិន​គួរ​ឲ្យ​ជឿ។

“យើង​គិត​មើល វា​ដូច​ជា​ចៃដន្យ​មែន​ទែន​ណា មកុដ​​យើង​ធ្វើ​មក​អស់ ១៨ម៉ឺន​ដុល្លារ ស្រាប់​តែ​បេក្ខនារី​ដែល​ឈ្នះ គឺ​ពាក់​ផ្លាក​លេខ ១៨​ទៀត យី...តិច​មិន​ស្រួល យើង​អាច​ឈ្នះ​ជយលាភី​អី​ទៀត​ទេ​ដឹង​អ្ហី​(សើច)”។

លោក ជិន សំណាង បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​ពិត​ជា​ចង់​​ឃើញ​មោទកភាព​របស់​កម្ពុជា តាម​រយៈ​កម្មវិធី​ខាង​លើ ខណៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ គ្រប់​ការ​ប្រកួត​កម្មវិធី​នេះ ឬ​កម្មវិធី​ស្រដៀង​គ្នា កម្ពុជា បាន​ត្រឹម​តែ​កំដរឆាក ខណៈ​ប្រទេស​ជិត​ខាង​យើង គេ​បាន​សាង​មោទកភាព​ជូន​ជាតិ​គេ​បន្ត​បន្ទាប់។

ស្ថានភាព​នេះ នាំ​ឲ្យ​លោក​ដិតដាម​ក្នុង​ចិត្ត​ ​ចង់​ឃើញ​បេក្ខភាព​កម្ពុជា​សាង​មោទកភាព​ជូន​ជាតិ​ដែរ។ ដូច្នេះ​ហើយ​​ទើប​លោក​សម្រេច​​ជ្រើស​យក​ការ​ធ្វើ​អ្វី​ដែល​លោក​ផ្ទាល់​អាច​ធ្វើ​បាន គឺ​ឧបត្ថម្ភ​មកុដ​តម្លៃ ១៨ម៉ឺន​ដុល្លារ​ទុក​សម្រាប់​​ម្ចាស់​ជយលាភី​​តំណាង​កម្ពុជា​ពាក់​ឡើង​ប្រកួត​លើ​ឆាក​អន្តរជាតិ។

លោក​លើក​ឡើង​ថា បេក្ខភាព​កម្ពុជា​ពី​១​ឆ្នាំ​ទៅ​១ឆ្នាំ មាន​ការ​រីក​ចម្រើន ដូច្នេះ​ហើយ​ឆ្នាំ​នេះ លោក​ផ្ដើម​មាន​អារម្មណ៍​ថ្មី​ទៀត ពិសេស​ក្រោយ​រឿង​ចៃដន្យ​លើ​បេក្ខភាព​ពាក់​ស្លាក​លេខ​១៨​នេះ លោក​ផ្ដើម​អារម្មណ៍​ដិត​ដាម​ទៀត​ថា នោះអាច​ជា​ប្រថ្នូល​​ល្អ​សម្រាប់​ការ​ប្រកួត​នា​ពេលខាងមុខ។

លោក ម៉ែន និមលរតន៍ ប្រធាន​រៀប​ចំ​កម្មវិធី Miss Universe Cambodia 2022 បាន​លើក​ឡើង​ដូច នឹង​ម្ចាស់​ហាង​ពេជ្រ CSNJ ដែរ​ថា បេក្ខភាព​កម្ពុជា​ពី​១​ទៅ​១​ឆ្នាំ កាន់​តែ​​រីកចម្រើន។ ស្ថានភាព​នេះ មិន​យូរ​ទេ កម្ពុជា​នឹង​ធ្វើ​បាន ពិសេស​ក្នុង​ឆ្នាំ​នេះ លោក​សង្ឃឹម​ថា បេក្ខភាព​កម្ពុជា​នឹង​ទទួល​បាន​លទ្ធផល​ល្អ។

​កញ្ញា ហង្ស ម៉ានីតា ត្រូវ​បាន​ប្រកាស​ជា​ម្ចាស់​ជយលាភី Miss Universe Cambodia 2022 ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​កាល​ពី​រាត្រី​ថ្ងៃ​ពុធ ទី១៥។ បេក្ខភាព​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​អំណោយ​ផល​ទាំង​ព្រម ទាំង​ស្អាត មាន​ចំណេះដឹង​ទូលំទូលាយ ព្រម​អាច​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ ហើយ​ទាំង​នេះ ជា​មូលហេតុ​នាង​ទទួល​បាន​ជយលាភី ក្រោម​ការ​គាំទ្រ​យ៉ាង​ច្រើន។

សាមី​ខ្លួន បាន​ប្រាប់​ថា ខ្លួន​នាង​ផ្ទាល់ រំភើប​មិន​ដឹង​យក​អ្វី​មក​និយាយ និង​មាន​កិត្តិយស​ខ្លាំង​ណាស់ ដែល​បាន​​គ្រង​មកុដ​តំណាង​កម្ពុជា​ឡើង​លើ​ឆាក​អន្តរជាតិ។ នាង​ថា នឹង​ប្រឹង​ប្រែង​ឲ្យ​អស់លទ្ធភាព ពិសេស​ត្រៀម​បង្ហាញ​ពិភព​លោក​នូវ​អ្វី​ដែល​ជា​ភាព​អស្ចារ្យ​នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ។

ម៉ានីតា ត្រៀម​នឹង​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​អន្តរជាតិ ដែល​គិត​ត្រឹម​ពេល​នេះ មិន​ទាន់​ដឹង​ថា​នៅ​ទីណា​ច្បាស់​នៅ​ឡើយ។ ពាក់​ព័ន្ធ​រឿង​នេះ លោក ជិន សំណាង ​ព្រលយថា ប្រសិន​បើ​ការ​ប្រកួត​អន្តរជាតិ​នោះ ធ្វើ​នៅ​ប្រទេស​ក្បែរ​​ខាង​​កម្ពុជា លោក​អាច​នឹង​ម៉ៅយន្តហោះ​១​គ្រឿង​ដឹក​អ្នក​គាំទ្រ​កម្ពុជា​ទៅ​លើក​ទឹក​ចិត្ត​បេក្ខភាព​តំណាង​កម្ពុជា​ដោយ​ផ្ទាល់។

មិន​ត្រឹម​ប៉ុណ្ណឹង បុរស​ដែល​ដិត​ដាម​​ស្មារតី​​ជាតិ​និយម​ជ្រាលជ្រៅ​រូប​​នេះ នៅ​​និយាយ​ទៀតថា លោក​នឹង​យក​រថយន្ត Rolls Royce ទៅ​ដង្ហែរ​បេក្ខភាព​របស់​កម្ពុជា​ពី​ព្រលាន​យន្តហោះថែម​ទៀត ប្រសិន​​បើ​​នាង​សម្រេច​បាន​មោទកភាព​ឲ្យ​កម្ពុជា​បាន​ទៀត​នោះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី