5G ក្រៅពីលឿន តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វី? ចុះអ្នកត្រៀមខ្លួនរួចឬនៅ?

  • 2022-06-20 04:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

5G ជាបច្ចេកវិទ្យាទំនាក់ទំនងថ្មី មានល្បឿនលឿនជាង 4G កំពុងប្រើសព្វថ្ងៃ ១០០ ដង ហើយជាមួយល្បឿនប៉ុននេះ វេជ្ជបណ្ឌិតអាចវះកាត់ពីចម្ងាយ វត្តមាននៃទីក្រុងឆ្លាតវៃ និងភាពអស្ចារ្យជាច្រើនទៀតនៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនឹងភាពអស្ចារ្យនេះ ភាពភ័យខ្លាចនៃផលប៉ះពាល់របស់វាក៏កើតឡើងផងដែរ។

ដូចដែលបានលើកឡើងមកខាងលើ ល្បឿនដ៏លឿនមួយនេះ មិនត្រឹមតែធ្វើឲ្យយើងអាចប្រើអ៊ីនធឺណិតបានស្រួលចិត្តនោះទេ វាក៏កាត់បន្ថយរយៈពេលឆ្លើយតប (Respond time) ឲ្យនៅទាបបំផុតត្រឹម 1ms។ ល្បឿនឆ្លើយតបកាន់តែលឿន អ្នកនឹងទទួលបានអារម្មកាន់តែដូចនៅក្នុងស្ថានការនោះផ្ទាល់។

ជាឧទាហរណ៍ នៅពេលដែលយើងប្រើអ៊ីនធឺណិត 4G សម្រាប់និយាយទូរសព្ទវីដេអូ នោះយើងនឹងសង្កេតឃើញថា សកម្មភាព និងឃ្លាដែលយើងនិយាយចប់មួយសន្ទុះ ទើបបញ្ចូនទៅដល់ទូរសព្ទភាគីម្ខាងទៀត។ ខុសពី 5G ដែលពាក្យសម្តី ឬសកម្មភាព នឹងបញ្ចូនទៅដល់ភ្លាមៗ។

ជាមួយល្បឿនបែបនេះ គេអាចបង្កើតឧបករណ៍ទំនើបៗ និងឱកាសថ្មីៗ បានជាច្រើន ដូចជាវេជ្ជបណ្ឌិត អាចធ្វើការវះកាត់ពីចម្ងាយចេញពីមន្ទីពេទ្យដែលគាត់កំពុងធ្វើការផ្ទាល់ មកព្យាបាលអ្នកជំងឺដែលនៅព្យាបាលនៅមន្ទីពេទ្យផ្សេងដោយប្រើប្រាស់ឧបករណ៍បញ្ជារ ភ្ជាប់ដោយ 5G។ អ្នកបើកយន្តហោះអាចក្លាយជាអ្នក បញ្ជា Drone វិញ ឬក្រុមសង្គ្រោះបន្ទាន់ អាចប្រើប្រាស់បច្ចេកវិទ្យាមនុស្សយន្ត ចូលទៅកាន់កន្លែងគ្រោះថ្នាក់ជាដើម។

ផ្ទុយពីបច្ចុប្បន្នគ្រូពេទ្យជំនាញត្រូវធ្វើដំណើរទៅវះកាត់ផ្ទាល់ អ្នកបើកយន្តហោះត្រូវបញ្ជាដោយខ្លួនឯង ក៏ដូចគ្នានឹងក្រុមសង្គ្រោះបន្ទាន់ត្រូវប្រថុយចុះទៅទីតាំងជាក់ស្តែង។ នេះគឺដោយសារតែល្បឿនតបមកវិញយឹត សាកស្រមៃថាពេទ្យកំពុងវះកាត់ពីចម្ងាយដោយប្រើ 4G ដោយកំពុងប្រើកាំបិតវះ ប៉ុន្តែលោកមិនទទួលអារម្មណ៍ថាកាំបិតនោះប៉ះដល់សាច់ឬនៅនោះទេ ព្រោះតែពត៌មានដែលត្រូវបញ្ជូនមកវិញយឺត។ ចំណុចមួយនេះ សម្រាប់អ្នកដែលលេងហ្គេម Online ប្រាកដជាយល់ច្បាស់អំពីល្បឿនតបមកវិញ (Respond time) ដែលគិតជា ms មួយនេះ។

ចេញពីភាពវិជ្ជមាននៃ 5G យើងមកដឹងពីភាពអវិជ្ជមានរបស់វាម្តង។ រដ្ឋាភិបាល ក៏ដូចជាប្រជាជនភាគច្រើន នៅប្រទេសជុំវិញពិភពលោក សម្តែងការព្រួយបារម្ភ ទៅលើភាពប៉ះពាល់ដល់សុខភាពពីបច្ចេកវិទ្យាឥតខ្សែ មើលមិនឃើញមួយនេះ។ ការព្រួយបារម្ភនេះ គឺគេសំដៅទៅដល់ ភាពប៉ះពាល់វិទ្យុសកម្មដែនម៉ាញ៉េទិចទៅលើរាងកាយរបស់មនុស្ស។

តើអ្វីជាដែនម៉ាញ៉េទិច?

ដែនម៉ាញ៉េទិច គឺជាថាមពលដែលកើតឡើងចេញពីចរន្តអគ្គសនី នៅពេលដែលខ្សែថាមពល ជួបគ្នាជាមួយនឹងប្រភពថាមពល។ ដែនម៉ាញ៉េទិចមានចំនួនប្រេកង់ និងរលកសញ្ញាខុសៗគ្នា មានរង្វាស់ជា ហឺត (Hertz ឬ Hz)។ ជាទូទៅឧបករណ៍អេឡិចត្រូនិកចល័តដូចជាទូរសព្ទ និងថេប្លេត ក៏ដូចជា ឧបករណ៍វេជ្ជសាស្ត្រ និងទូរទស្សន៍ វិទ្យុមួយចំនួនត្រូវការដែនម៉ាញ៉េទិចមួយនេះ ដើម្បីទទួលបានព័ត៌មានពីស្ថានីយ ទើបអាចដំណើរការបាន។

ក្នុងនោះដែរ ផលប៉ះពាល់ដែលយើងឃើញជាក់ស្តែងនោះគឺកម្តៅ ប្រសិនបើដែនម៉ាញ៉េទិចកាន់តែខ្លាំងនោះកម្តៅក៏កាន់តែកើនឡើង រហូតដល់បណ្តាលឲ្យឆេះ។ ចុះក្រៅពីកម្តៅនេះ វានៅប៉ះពាល់អ្វីទៀត?

អង្កការសុខភាពពិភពលោកធ្លាប់បានបញ្ជាក់ថា មកដល់ពេលនេះនៅមិនទាន់មានភ័ស្តុតាច្បាស់លាស់ណាមួយ បញ្ជាក់ពីផលប៉ះពាល់ធ្ងន់ធ្ងររហូតបណ្តាលឲ្យមានជំងឺមហារីកនៅឡើយនោះទេ។ ក៏ដូចគ្នាចំពោះ FFC ក៏បានបញ្ជាក់ថាជុំវិញបញ្ហានៃភាពប៉ះពាល់មួយនេះ វានៅស្រពិចស្រពិល និងមិនទាន់ច្បាស់ការនៅឡើយផងដែរ៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី