មិនហត់ចិត្តស្វែងរកតម្លៃតាមសាកលទេ! គេហទំព័រ SALA បង្កើតចេញជា App មានទាំងកម្ចីសិក្សាទៀត
- 2022-06-22 08:02:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនហត់ចិត្តស្វែងរកតម្លៃតាមសាកលទេ! គេហទំព័រ SALA បង្កើតចេញជា App មានទាំងកម្ចីសិក្សាទៀត
ចន្លោះមិនឃើញ
សម្រាប់ប្អូនៗទើបនឹងបញ្ចប់វិទ្យាល័យ ធ្លាប់ទេ? ទម្រាំតែដឹងតម្លៃនៃសាកលវិទ្យាល័យនិមួយៗ ត្រូវចំណាយពេលស្វែងរករាប់ម៉ោង ហើយព័ត៌មានទទួលបានអត់ច្បាស់ មិនអាចយកជាការ ប៉ុន្តែឥឡូវមិនលំបាកទៀតទេ កម្មវិធីគេហទំព័រ SALA បានខិតខំប្រមែប្រមូលព័ត៌មានតាមបណ្ដាសាកលវិទ្យាល័យទាំងអស់នៅកម្ពុជា មានទាំងទីតាំង និងតម្លៃមកបញ្ចូលក្នុង Platform តែមួយដើម្បីជាទុនក្នុងការសម្រេចចិត្ត។
គេហទំព័រ SALA ថ្មីៗនេះបានបង្កើតចេញជា App លើទូរសព្ទដៃដែលមាន App Store និង Play Store ផ្ដល់ភាពងាយស្រួលក្នុងការរកមើលតម្លៃតាមសាកល និងមានជម្រើសប្រឹក្សាយោបល់ បើសិនសិស្សានុស្សិត ចង់កម្ចីសិក្សាដើម្បីបន្តដំណើរក្នុងជីវិតជានិស្សិតទៅមុខទៀត។
មុខងារថ្មីនៅគេហទំព័រ SALA គឺ ងាយស្រួលរកសាកលវិទ្យាល័យ, ងាយស្រួលចុះឈ្មោះតាមសាកល ងាយស្រួលរកមើលជំនាញផ្សេងៗ, មានការណែនាំអំពីមុខជំនាញនិមួយៗនិងមុខងារផ្សេងៗដែលមានសរសេររៀបរាប់ពីអត្ថប្រយោជន៍នៃជំនាញនិមួយៗដូចជា វិស្វករ គ្រូបង្រៀន អ្នកច្នៃម៉ូឌ និងអ្នករចនាក្រាហ្វិកជាដើម។
លោក សុខ លាភ បង្កើតគេហទំព័រ SALA Enrollment ធ្លាប់ផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ Sabay ថាការបង្កើត Platform នេះឡើងចង់ឲ្យសិស្សចប់ទី១២ ទទួលព័ត៌មានថា តើមានសាកលវិទ្យាល័យ ឬវិទ្យាស្ថានប៉ុន្មាន? ហើយមានជំនាញសិក្សាអ្វីខ្លះ? ដូច្នេះពួកគាត់អាចប្រៀបធៀប និងសម្រេចចិត្តត្រឹមត្រូវ។
លោកក៏មានគោលបំណងធំៗចំនួនពីរ គឺទីមួយ ជួយដល់សិស្សបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ស្វែងរកសាកលវិទ្យាល័យ រកជំនាញសិក្សា ឬដំណឹងអាហារូបករណ៍ទាំងអស់ និងទីពីរ (a school management platform) និងបំណងទីពីរ ជួយដល់វិទ្យាស្ថាន ឬបណ្ដាសាកលវិទ្យាល័យសម្រាប់ផ្ដល់ភាពងាយស្រួលភ្ជាប់ព័ត៌មាននិងទិន្នន័យឲ្យសិស្សចប់ទី១២ ក្នុងការជ្រើសរើសជំនាញរបស់ខ្លួនទៅថ្ងៃអនាគត៕
អត្ថបទ៖ រក្សា