សម្ដេច​តេជោ​ ហ៊ុន​ សែន​ អំពាវនាវ​ប្រជាពលរដ្ឋ​​មក​ ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដូស​ទី​៣

  • 2022-06-27 12:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ការ​អំពាវ​នាវ​បង​ប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​មិន​ទាន់​បាន​​មក​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដូស​ទី​៣ មក​ទទួល​យក​ការ​ចាក់វាក់សាំង​ដូស​ទី​៣នេះ​ ដើម្បី​ធានា​បាន​នូវ​ភាព​ស៊ាំ​នៅ​ក្នុង​សហគមន៍​ពី​ជំងឺ​នេះ​ ទោះ​បី​ជា​កម្ពុជា​មិន​បាន​រក​ឃើញ​ជំងឺ​នេះ​ជិត​២ខែ​ហើយ​ក៏​ដោយ​។ នេះ​បើ​យោង​តាម​សារ​សម្លេង​ពិសេស​របស់​សម្ដេច​នៅ​ល្ងាច​ ថ្ងៃ​ទី​២៧ ខែ​មិថុនា​ ឆ្នាំ​២០២២។

សម្ដេច​បាន​លើក​ឡើង​ថា​៖" ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ សូម​យក​ឱកាស​នេះ​អំពាវ​នាវ​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋ​របស់​យើង​ ដែល​មិន​ទាន់​បាន​ទទួល​ដូស​ទី៣​ សូម​អញ្ជើញ​ទៅ​ទទួល​ដូស​ទី​៣​ "។

សម្តេច​បាន​បន្ត​ថា​៖ "បញ្ហា​មិន​មែន​នៅ​លើ​វ៉ាក់សាំង​នោះ​ទេ​ អ្វី​ដែលជាការលំបាកគឺបងប្អូនមិនព្រមមករកវ៉ាក់សាំងតែម្តង ដែលនេះជាបញ្ហាអាចបង្កនូវស្ថានភាពដ៏លំបាកនៅពេលក្រោយ កូវីដ១៩ ដ្បិតតែមិនមានឆ្លងនៅកម្ពុជា ប៉ុន្តែកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ទោះបីជាកម្ពុជាមិនមានឆ្លង ប៉ុន្តែមិនមានសេចក្តីថា មិនមានកូវីដ១៩ នៅជិតយើងនោះទេ "។

សម្តេចតេជោ ក៏បញ្ជាឱ្យអាជ្ញាធររៀបចំទីតាំងដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងបង្កើតក្រុមការងារដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលពួកគាត់មិនមានលទ្ធភាពមកចាក់វ៉ាក់សាំងផងដែរ។ សម្តេចបញ្ជាឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង សិក្សាអំពីទីតាំងដែលពលរដ្ឋភាគច្រើនមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ ហើយសម្តេចក៏បានណែនាំដល់អាជ្ញាធរ សិក្សាឱ្យដឹងអំពីប្រភេទពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញនេះផងដែរ ដើម្បីងាយពង្រាយគ្រូពេទ្យ និងវ៉ាក់សាំង។

តាមរយៈសារសំឡេងដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣រួចហើយ បន្តទៅទទួលដូសទី៤ទៀត ហើយមន្រ្តីជួរមុខដែលត្រូវទទួលដូសទី៥ ក៏ត្រូវរូសរាន់ទៅចាក់ដូសជំរុញនេះផងដែរ។

គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនជនរួមជាតិនៅទូទាំងប្រទេសសរុបចំនួន ១៥,០៧៩,១០៦នាក់។ ប្រជាពលរដ្ឋដែលបានចាក់ដូសទី៣ មានចំនួន ៩,៤៣៩,៥៥០នាក់, ដូសទី៤ ចំនួន ២,៨៦៣,៦៧១នាក់ និងដូសទី៥ ចំនួន ២៦៤,៤១៣នាក់។

គួរ​បញ្ជាក់​ផង​ដែរ​ថា​គិត​ត្រឹម​ថ្ងៃ​នេះ​ កម្ពុជា​មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ៥១ថ្ងៃជាប់គ្នាហើយ ខណៈអ្នកជំងឺជាសះស្បើយ និងអ្នកស្លាប់ ក៏គ្មានដែរ៕

ប្រភព៖ Fresh News

អត្ថបទ៖ ហ៊ីម រស្មី