បេសកកម្មលើកនេះ ពូឃ្លាំង អាចធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងជាងធ្វើចម្រៀងរាប់ពាន់បទទៅទៀត

  • 2022-07-05 02:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពូឃ្លាំងដែលជាតារាចម្រៀងរ៉េប ទើបវិលមកចាប់អាជីពរបស់ខ្លួនឡើងវិញនៅឆ្នាំ២០២២ នេះ ធ្វើឲ្យមហាជនចាប់អារម្មណ៍កាន់តែខ្លាំង ព្រោះការវិលមកវិញលើកនេះលោកមិនត្រឹមតែចេញបទចម្រៀងថ្មីៗទេ ឥឡូវលោកធ្វើការងារសប្បុរសធម៌ និងជួយកិច្ចការងារសង្គមកាន់តែច្រើន។

ពូឃ្លាំង ស្នើឲ្យលោកជំទាវ ហ៊ុន ស៊ីណាត លូកដៃក្នុងរឿងគាំពារសត្វសុនខ ឬសត្វឆ្កែ ដោយលោកសង្កេតឃើញថា រាល់ពាក្យសម្ដីដែលលោកជំទាវនិយាយគឺសុទ្ធតែត្រឹមត្រូវ និងមានឥទ្ធិពលទៅលើរឿងទាំងនោះ។ ការស្នើនេះធ្វើឡើង ក្រោយពីលោកបានក្លាយជាតំណាងរបស់អង្គការសង្គ្រោះសត្វអនាថាមួយដែលផ្ដោតលើកិច្ចគាំពារសត្វឆ្កែអនាថា។

កាលពីថ្ងៃទី៣ ខែកក្កដា ពួឃ្លាំង ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឲ្យចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះអ្នកទាក់ ឬសម្លាប់សត្វឆ្កែ អ្នកលក់សាច់ឆ្កែ និងអ្នកបរិភោគ។ លោករំលឹកថា ការឈឺឆ្អាលចំពោះសត្វសុនខ ឬសត្វឆ្កែ ធ្លាប់ផ្ទុះការគាំទ្រម្ដងហើយ ប៉ុន្ដែបានតែមួយឆាវក៏បាត់ទៅវិញ ដូច្នេះទើបលោកស្នើសុំឲ្យជួយចាត់វិធានការលើរឿងនេះទៅដល់ថ្នាក់ដឹកនាំតែម្ដង។

ពូឃ្លាំង៖ “អាចទេ បើខ្ញុំសុំទៅដល់ថ្នាក់ដឹកនាំរបស់យើង សុំចេញវិធានការបង្ក្រាបតឹងរឹងឲ្យដូចការចាប់បារីអេឡិចត្រូនិក? ខ្ញុំស្ម័គចិត្ដធ្វើជាតំណាងកម្មវិធីនេះយ៉ាងពេញទំហឹង ខ្ញុំស្វាគមន៍ និងរង់ចាំសហការជាមួយអង្គការ ព្រមទាំងក្រុមសង្គ្រោះសត្វដែលចង់ចូលរួមយុទ្ធនាការផ្សព្វផ្សាយចំពោះការដាក់ទោសលើអ្នកទាក់សុនខ និងកន្លែងលក់សាច់សត្វសុនខ”។

តារាចម្រៀងរូបនេះ អះអាងថា មនុស្សធម្មតា ចាត់ទុកសត្វសុនខ ឬសត្វឆ្កែ ត្រឹមតែជាសត្វគ្មានតម្លៃ ចង់ទាត់ក៏ទាត់ ចង់ធាក់ក៏ធាក់ តែចំពោះអ្នកដែលស្រឡាញ់សត្វ គេថែទាំចាត់ទុកដូចជាកូន ឬសមាជិកគ្រួសារ ដោយផ្ដល់ចំណីអាហារ និងការថែទាំដិតដល់ ចង់ថ្លៃស្មើនឹងមនុស្សទៅហើយ។ លោកលើកជាឧទាហរណ៍ថា តើអ្នកមានអារម្មណ៍យ៉ាងណា បើនៅសុខៗស្រាប់តែមានគេមកចាប់ និងសម្លាប់សមាជិកគ្រួសារដែលអ្នកកំពុងស្រឡាញ់បែបនេះ?

ប្រភពមួយពីអង្គការ Paw Family Cambodia ឲ្យដឹងថា បច្ចុប្បន្នសត្វសុនខ ឬសត្វឆ្កែអនាថា ត្រូវបានយកចិត្ដទុកដាក់ជួយសង្គ្រោះដោយអង្គការមួយនេះ។ អង្គការ មានកន្លែងសង្គ្រោះ និងកំពុងចិញ្ចឹមឆ្កែអនាថាប្រមាណ៣០០ក្បាល ហើយតារាចម្រៀងពូឃ្លាំង នឹងក្លាយជាសិល្បករដំបូងគេនិយាយពាក្យប្រឆាំងដាច់ខាតចំពោះអ្នកសម្លាប់សត្វឆ្កែ និងជួញដូរសត្វឆ្កែ ហើយលោកក៏ជួយផ្សព្វផ្សាយដល់អ្នកបរិភោគសាច់ឆ្កែត្រូវភ្ញាក់រលឹក និងមានការយល់ដឹងពីបញ្ហាសុខភាពផ្ទាល់ខ្លួនកើតចេញពីការបរិភោគសាច់ឆ្កែ៕

ជិន សុភ័ក្ដ្រ