ប្រលោមលោកថ្មីសន្លាងមួយ ពីអ្នកនិពន្ធ ម៉ីសន សុធារី ចេញភ្លាមផ្ទុះការពេញនិយមភ្លាម

  • 2022-07-05 03:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រលោមលោកថ្មីសន្លាងមួយ របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលទើបតែចេញផ្សាយកាលពីសប្ដាហ៍មុនបាននឹងកំពុងតែទទួលបានការពេញនិយម នេះបើតាមការឲ្យដំណឹងពីក្រុមការងាររបស់MST(ម៉ីសនសុធារី Team )។ ចំណងជើងថ្មី ដែលត្រូវបានហ្វេនក្លិបទន្ទឹងរង់ចាំជាយូរមកហើយ ក៏ជាឈុតឆាកបន្តពីរឿងប្រលោមលោក បេះដូងមេគង្គដ៏មានប្រជាប្រិយភាពកាលពីឆ្នាំ២០១៩ ពេលនេះមានចំណងជើងថា «ស្រឡាញ់បងជ្រៅជាងសមុទ្រ»

នៅក្នុងភាគទីមួយនិងភាគទីពីរដែលផ្សាយចេញកាលពីសប្តាហ៍មុន អ្នកនិពន្ធរំលេចចេញតួអង្គចំនួនពីររូបតែប៉ុណ្ណោះ គឺតួអង្គស្រីដែលមានឈ្មោះថា ជិន ចន្ទនីយ៉ា និងតួអង្គប្រុសដែលមានឈ្មោះថា ឥន្ត្រា ដែលអ្នកទាំងពីរ ម្នាក់ជាកូនប្រុសរបស់អ្នករកស៊ីដ៏ធំ និងមានឈ្មោះល្បីនៅដែនសមុទ្រ និងម្នាក់ទៀតគឺជា ប្អូនស្រីរបស់ប៉ូលិសជេន ដែលជាតួអង្គដ៏សំខាន់នៅក្នុងរឿងបេះដូងមេគង្គ។

នៅក្នុងការជួបគ្នាលើកដំបូងនាសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ការយល់ច្រឡំមួយរួមជាមួយ ឧប្បត្តិហេតុប៉ះទង្គិចដែលតួប្រុស ត្រូវស្វែងរកប្អូនប្រុសគេរហូតដល់ច្រឡំបន្ទប់ទឹកស្រី និងបើកទ្វារសម្រុកចូលចំពេលដែលខាងតួស្រីកំពុងផ្លាស់ខោអាវធ្វើឲ្យតួប្រុសត្រូវខាងស្រីប្រដេញតាមជះទឹកថូផ្កាសងសឹក។

នេះក៏ជាហេតុការណ៍ដែលធ្វើឲ្យសាច់រឿទំនាស់មិនចេះចប់រវាងពួកគេត្រូវបានកើតមានឡើង។ ចរិតលក្ខណៈតួប្រុសត្រូវបានហ្វេនក្លឹបស្រឡាញ់ជាប់ចិត្តជាខ្លាំងតាំងពីប៉ុន្មានទំព័រដំបូង ហើយសមាជិកហ្វេនក្លិបម្នាក់ បាននិយាយប្រាប់ក្រុមការងាររបស់យើងថា នាងពេញចិត្តចំពោះភាពច្បាស់លាស់នៃរបៀប បង្កើតចរិតតួអង្គរបស់អ្នកនិពន្ធ មានលក្ខណៈទាក់ទាញ និងមានភាពច្បាស់លាស់តាំងពីទំព័រទីមួយ។

អ្នកស្រី ជិន សូនីន មន្រ្តីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ប្រធានការិយាល័យអភិវឌ្ឍន៍វប្បធម៌ដែលបានអានជារៀងរាល់យប់បានវាយតម្លៃនេះ ចរិតតួអង្គឥន្ត្រា កសាងមកមានភាពយូនីកខុសពីតួអង្គផ្សេងៗក្នុងរឿងមុនៗ ។

«ជាពិសេសគេ ជាមនុស្សមិនងាយមាត់មិនងាយក! ជាមនុស្សប្រុសដែលមានចរិតកាច ហើយមិនចងគំនុំប៉ុន្ដែធ្វើសកម្មភាពភ្លាមៗដើម្បីប្រឆាំងទៅនឹងអ្នកណាដែលហ៊ានអុកឡុករបររកស៊ីគ្រួសារគេ!»

តួស្រីនាង ចន្ទ នីយ៉ា ត្រូវបានខាងប្រុសចោទប្រកាន់លើបទចំនួនបី គឺការប្រដេញតាមជះទឹកកណ្តាលមុខគេ ទីពីរនាងក៏ជាសង្សារដែលប៉ូលិសបានបានចូលខ្លួនមកនៅក្បែរប្អូនប្រុសគេដើម្បីយកការណ៍ និងចុងក្រោយសមាសភាពនាងជាប្អូនស្រីប៉ូលិសដែលមានឈ្មោះក្លែងបន្លំច្រើន។ ដោយសារតួសំខាន់បងប្រុសនៃតួអង្គស្រីម្នាក់នេះជាមេប៉ូលិសដែលមានស្នាដៃបង្ក្រាបបទល្មើសដែនសមុទ្រធំៗ ត្រូវបានអ្នករកស៊ីនៅតំបន់កោះនានាចាត់ទុកថា ជាសត្រូវរបស់ពួកគេ ផង។

ប្រលោមលោករឿង ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទីពីរត្រូវបានបញ្ចប់ទៅដោយអ្នកអានទាំងឡាយអាចចូលអានម ដោយមិនគិតថ្លៃនៅឡើយទេ។ ភាគទាំងពីរត្រូវបានបញ្ចប់ ត្រឹមឆាកដែលតួស្រីត្រូវស្ថិតនៅក្នុង ដៃខាងតួប្រុសដែលបានចាប់បញ្ជូនដោយ ឧទ្ធម្ភាគចក្រមកកាន់ដែនកោះ។

អ្នកអាននៅបន្តចង់ដឹងថា តើបងប្អូនស្រីរបស់ប៉ូលិស អាចចាកចេញពីសំបុករបស់មនុស្សដែលបាតដៃប្រឡាក់ទៅដោយឧក្រិដ្ឋកម្មទាំងនេះបានដែរឬក៏មិនបាន ចូលអានទាំងអស់គ្នាភាគទីបីដែលនឹងចេញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើ MEYSANSOTHEARY.COM

គួររំឭកផងដែរថា ប្រលោមលោកថ្មី រឿង ស្រឡាញ់បងជ្រៅជាងសមុទ្រនេះ គឺជាសាច់រឿងដែលនិពន្ធផ្ទាល់ដោយអ្នកនិពន្ធឡើង ដោយ អ្នកស្រី ម៉ីសនសុធារី ហើយហ្វេនក្លិបសង្ឃឹមថា រឿងនេះនឹងនាំមកនូវកេរ្តិ៍ឈ្មោះល្បីល្បាញបន្ថែមលើសពីរឿងមុនៗ ដែលបានត្រូវបានគេចាត់ទុកថាជាប្រលោមលោកមានអ្នកអានច្រើនដង និងច្រើនគ្នាដូចជា ស្រទន់មន្តស្នេហ៍ និងរឿង ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់។ល៕