ពេលដើរចេញពី CBS សិល្បករទាំង ៤ដួងនេះ បានបន្សល់ទុកសម្ដីម្នាក់មួយម៉ាត់ដ៏គួរឲ្យស្រណោះ

  • 2022-07-05 05:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចុងខែមិថុនា និងដើមខែកក្កដា ឆ្នាំ២០២២ នេះ សិល្បករឆ្នើមៗចំនួន ៤ដួង នៃក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង បានសម្រេចចិត្ដដើរចេញពីកន្លែងការងារដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅ និងបង្កើតប្រជាប្រិយភាពក្នុងនាមជាអ្នកសិល្បៈព្រមៗគ្នាតែម្ដង។

ក្នុងពេលបំពេញការងារថ្ងៃចុងក្រោយ និងថ្ងៃស៊ីញ៉េផ្ដាច់កុងត្រាជាមួយក្រុមហ៊ុនអ្នកទាំង៤ សុទ្ធតែបានបន្សល់នូវពាក្យសម្ដីដ៏គួរឲ្យស្រណោះ។ ថ្ងៃនេះ Sabay ស្រង់សម្ដីចុងក្រោយនៅកន្លែងការងារចាស់របស់លោក សុវណ្ណ ឬទ្ធី នាយពាក់មី នាយគ្រឿន និងនាយក្រូច មកជម្រាបជូន។

១/ នាយគ្រឿន បានប្រកាសដើរចេញពី CTN ជាផ្លូវការកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។ នៅថ្ងៃស៊ីញ៉េផ្ដាច់កុងត្រានោះ គេឃើញលោកបាននាំកូនប្រុសម្នាក់ និងស្រីម្នាក់ទៅជាមួយទៀតផង ហើយលោកបានថតជុំគ្នាជាមួយកូនៗនៅខាងមុខស្ថានីយទៀតផង។ សម្ដីដែលគេស្រណោះនោះ គឺ៖ “រីករាយនូវអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈឲ្យខ្ញុំ លាបងប្អូនធ្លាប់រួមការងារ ហើយក៏អគុណពុកម៉ែបងប្អូនដែលបន្ដស្រឡាញ់គាំទ្រ”។

២/សម្រាប់នាយពាក់មី បានប្រកាសចេញជាផ្លូវការកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។ លោកក៏បានបន្សល់នូវសម្ដីដ៏គួរឲ្យស្រណោះមិនខុសពីនាយគ្រឿនប៉ុន្មានដែរ គឺ៖ “លាហើយទីកន្លែងសិល្បៈរបស់ខ្ញុំ ស៊ីធីអិន ធ្វើឲ្យខ្ញុំមានអ្វីគ្រប់យ៉ាងនៅថ្ងៃនេះ ខ្ញុំឈប់ពី ស៊ីធីអិន តែខ្ញុំមិនឈប់ពីអាជីពសិល្បៈទេ ខ្ញុំនៅតែសម្ដែងតាមកម្មវិធីផ្សេងដដែល”។

៣/នាយក្រូច បានប្រកាសចេញជាផ្លូវការដោយមានភ្ជាប់វីដេអូខ្លីមួយនៅខាងមុខស្ថានីយមួយទៀតផង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ នៅថ្ងៃនោះលោកនិយាយថា៖ “ថ្ងៃទី១ ខែមករា ឆ្នាំ២០១០ ជាថ្ងៃដែលខ្ញុំប្រឡងជាប់នៅCTN ហើយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃចុងក្រោយដែលខ្ញុំដើរចេញពី CTN។ ជួយជួលក្រុមកំប្លែង និងអកកេសខ្ញុំផងបងប្អូន"។

៤/ លោក សុវណ្ណ ឬទ្ធី។ អ្នកគ្រប់គ្រងរូបនេះ បានប្រកាសចេញជាផ្លូវការកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយលោកបាននិយាយតាមបណ្ដាញសង្គមតេឡេក្រាមទៅកាន់អតីតក្រុមការងារថា៖ “ថ្ងៃនេះ ជាថ្ងៃចុងក្រោយរបស់ខ្ញុំនៅCBS។ កន្លងមកបើមានខុសឆ្គង ឬសម្ដីតូចធំចំពោះបងប្អូន ខ្ញុំសូមការអភ័យទេស។ ខ្ញុំសូមអគុណអ្នកឧកញ៉ាដែលបានផ្ដល់ឱកាសឲ្យខ្ញុំបាទ បានរៀនសូត្រពីការងារក្នុងវិស័យនេះ…ខ្ញុំសូមអគុណ”។

ការដើរចេញដ៏ធំ និងមិនធ្លាប់មានក្នុងវិស័យសិល្បៈនៅកម្ពុជានេះ ត្រូវបាននាយពាក់មី និងសមាជិកក្រុមកំប្លែងនិយាយស្រដៀងគ្នាថា មូលហេតុមកពីបុគ្គលិកមួយចំនួនមិនពេញចិត្ដនឹងការគ្រប់គ្រងថ្មីរបស់ថ្នាក់ដឹកនាំម្នាក់ដែលជាជនជាតិឥណ្ឌា។ បច្ចុប្បន្នទាំងនាយពាក់មី និងសមាជិកក្រុមដែលទើបដើរចេញពីCTN មិនទាន់ឃើញទៅចាប់ការងារថ្មីនៅក្រុមហ៊ុន ឬស្ថានីយទូរទស្សន៍ណាមួយទៀតនៅឡើយទេ៕

ជិន សុភ័ក្ដ្រ