កម្មវិធីសប្បុរសធម៌ «អនាម័យខ្ញុំ» បានចុះជួយសាលាដាច់ស្រយាលចំនួន២ នៅខេត្តកំពត

  • 2022-07-05 06:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង «អនាម័យខ្ញុំ» ដែលផ្ដួចផ្ដើមរៀបចំដោយក្លឹបយុវជននៃសាកលវិទ្យាល័យផារ៉ាហ្គន បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៥-២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមរូបភាពជាកម្មវិធីសប្បុរសធម៌មួយ ចុះជួយសាលាបឋមសិក្សាចំនួនពីរដែលខ្វះខាតធនធាន នៅឃុំតាកែន ស្រុកឈូក ខេត្តកំពត។

ស្ថិតក្នុងបរិយាកាសរីករាយ សិស្សានុសិស្សជាច្រើនបានតម្រង់ជួរគ្នា ដោយក្នុងម្នាក់ទទួលបានក្រដាសផាត់ពណ៌១, ខ្មៅដៃ ២ដើម, សៀវភៅ ២ក្បាល, ជ័រលុប ១, ដែកខួង១ , ម៉ាសចំនួន១០, អាល់កុល១ដប, ហើយពីក្រុមហ៊ុន Unilever Cambodia មានសាប៊ូដុសខ្លួន ១ដុំ, ច្រាសដុសធ្មេញ ១ដើម, ថ្នាំដុសធ្មេញ ១ប្រអប់ និងសាប៊ូកក់សក់ ៤កញ្ចប់។

គួរបញ្ជាក់ផងដែរថា គម្រោង “អនាម័យខ្ញុំ” ក៏បានកសាងនូវកន្លែងលាងដៃមួយ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន GC Life Insurance ជូនដល់សាលាបឋមសិក្សាវាលក្រសាំង ដែលមានសិស្សចំនួន ២៩៦នាក់ គ្រូបង្រៀន ៧នាក់់ និងអណ្ដូងទឹកប្រើម៉ូទ័រចំនួនមួយផ្សេងទៀតសម្រាប់សាលាបឋមសិក្សាអណ្ដែងសាង ដែលមានសិស្ស ១៧៣នាក់ គ្រូបង្រៀន ៤នាក់។ នេះជាចំណុចពិសេសរបស់គម្រោង “អនាម័យខ្ញុំ” ត្បិតថាគោលបំណងគម្រោងនេះផ្ដោតសំខាន់លើអនាម័យ និងទឹកស្អាត។

ក្លឹបយុវជនយើងមានទស្សនៈថា ទឹកគឺជាប្រភពនៃជីវិត មានទឹកស្អាតប្រើប្រាស់ ទើបសរីរាង្គកាយយើងមានសុខភាពល្អ ចៀសផុតពីជំងឺអាសន្នរោគ វីរុសនានា ជាពិសេស ការជំរុញឲ្យមានប្រភពទឹកស្អាត ភ្ជាប់ជាមួយការយល់ដឹងអំពីអនាម័យ ពិតជាការចាំបាច់សម្រាប់កុមារ និងប្រជាពលរដ្ឋនៅសហគមន៍ជនបទ ដើម្បីសុខុមាលភាព និងគុណភាពជីវិត។

ក្លឹបយុវជនផារ៉ាហ្គន ប្ដេជ្ញាថានឹងប្រមូលកម្លាំងយុវជន មកបន្តសកម្មភាពទាំងឡាយណាដែលផ្ដល់ប្រយោជន៍ល្អៗដល់សង្គម ក្នុងបុព្វហេតុលើកកម្ពស់ជីវភាព និងអនាម័យរបស់កុមារនៅតាមទីជនបទ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ