១៤ឆ្នាំមុន ប្រាសាទព្រះវិហារ បានចុះបញ្ជីបេតិកភណ្ឌពិភពលោក! មកដឹងប្រវត្តិខ្លះៗ ទម្រាំឈ្នះក្តីនិងស្នើសុំចូលបានស្មុគស្មាញណាស់
- 2022-07-07 02:24:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៤ឆ្នាំមុន ប្រាសាទព្រះវិហារ បានចុះបញ្ជីបេតិកភណ្ឌពិភពលោក! មកដឹងប្រវត្តិខ្លះៗ ទម្រាំឈ្នះក្តីនិងស្នើសុំចូលបានស្មុគស្មាញណាស់
ចន្លោះមិនឃើញ
ថ្ងៃនេះគឺជាខួប១៤ឆ្នាំ ដែល «ប្រាសាទព្រះវិហារ» ត្រូវបានចុះបញ្ជីសម្បតិបេតិកភណ្ឌពិភពលោក ។ ព្រឹត្តិការណ៍ ០៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះមកវិញ ក្រោយឈ្នះក្តីប្រទេសថៃនៅតុលាការអន្តរជាតិនា ទីក្រុងឡាអេ ប្រទេសហូឡង់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើកំពូលភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។
អាចថាជារឿងមួយដែល បងប្អូនប្រជាពលរដ្ឋនៅ មិនទាន់បានដឹង តាមពិតទៅសម្តេចតេជោ ហ៊ុន សែន បានសុំស្នើចុះបញ្ជីប្រាសាទព្រះវិហារ តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១ មកម្ល៉េះ ប៉ុន្តែកំឡុងពេលនោះ ការស្នើសុំ បានជួបបញ្ហាស្មុគ្រស្មាញយ៉ាងច្រើន ជាពិសេសការបង្ករឿងពីសំណាក់ភាគីប្រទេសថៃ។
លុះក្រោយមក ក្រោមការយកចិត្តទុកពីអង្គការយូណេស្កូ ប្រទេសកម្ពុជា ដែលតំណាងដោយសម្តេចឧបនាយករដ្ឋមន្ត្រី សុខ អាន អតីតរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ៧ឆ្នាំក្រោយមក ទើបប្រាសាទព្រះវិហារ ដួងចិត្តរបស់កម្ពុជា ត្រូវបានចុះបញ្ជីជាផ្លូវការ។
សូមជម្រាបថា កាលពី៦០ ឆ្នាំកន្លងទៅ ពោលគឺនៅថ្ងៃទី ១៥ ខែមិថុនា ១៩៦២ គឺជាថ្ងៃដែលតុលាការអន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ សម្រេចប្រគល់ប្រាសាទព្រះវិហារឲ្យមកប្រទេសកម្ពុជាគ្រប់គ្រងវិញ ក្រោយពីបារាំងប្រគល់ឲ្យថៃកាន់កាប់ បន្ទាប់មកប្រាសាទព្រះវិហារបានស្ថិតនៅក្នុងការគ្រប់គ្រងក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាវិញ ដោយសារព្រះរាជសកម្មភាពទាមទាររបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។
រំលឹកដល់ការជ័យជំនះនោះផងដែរ កម្ពុជាបានយកឈ្នះថៃ ព្រោះមូលហេតុសំខាន់ពីរ គឺ
ទី១. កម្ពុជាឈ្នះថៃ ពីព្រោះកម្ពុជាទាមទារឲ្យតុលាការបកស្រាយសាលក្រម ចំណែកឯថៃវិញទាមទារឲ្យតុលាការច្រានចោលបណ្តឹងរបស់កម្ពុជា ក្នុងហេតុផលថា មិនមានវិវាទណាមួយដែលចាំបាច់ត្រូវបកស្រាយនោះទេ។ ដោយហេតុផលនេះ នៅចុងបញ្ចប់ តុលាការបានសម្រេចជាឯកច្ឆន្ទថា មានវិវាទទៅលើអត្ថន័យ និងវិសាលភាព នៃសាលក្រមតុលាការសម្រេចធ្វើការបកស្រាយទៅតាមការទាមទាររបស់កម្ពុជា។
ទី២. កម្ពុជាឈ្នះថៃ នៅត្រង់ថា ថៃទាមទារថា តំបន់ព្រំដែនជុំវិញប្រាសាទព្រះវិហារ គឺត្រូវយកទៅតាមខ្សែបន្ទាត់ដែលគណៈរដ្ឋមន្រ្តីថៃបានគូស គឺមានន័យថា នៅត្រឹមជើងជណ្តើរប្រាសាទព្រះវិហារ (ដោយកាត់យកទាំងផ្សារនៅជើងជណ្តើរប្រាសាទ ហើយដែលឆេះក្នុងពេលប្រយុទ្ធគ្នា និងទាំងវត្តកែវសិក្ខាគិរីស្វារៈបញ្ចូលទៅក្នុងទឹកដីថៃ)។ នៅទីបំផុត តុលាការប្រកាសច្រានចោលខ្សែបន្ទាត់ដែលគូសដោយគណៈរដ្ឋមន្រ្តីថៃនេះដោយបានសម្រេចជាឯកច្ឆន្ទថា តំបន់ជុំវិញប្រាសាទព្រះវិហារ ដែលត្រូវស្ថិតនៅក្នុងទឹកដីកម្ពុជា គឺត្រូវលាតសន្ធឹងរហូតទៅដល់ខ្សែបន្ទាត់ព្រំដែននៃផែនទីឧបសម្ព័ន្ធទី១ ទៅហួសខ្សែបន្ទាត់គូសដោយគណៈរដ្ឋមន្រ្តីថៃ ពោលគឺ ទាំងផ្សារដែលនៅនឹងជើងជណ្តើរប្រាសាទព្រះវិហារ ទាំងវត្តកែវសិក្ខាគិរីស្វារៈ ត្រូវស្ថិតនៅក្នុងទឹកដីកម្ពុជា៕