មិនមែនជម្រើសជាតិ-អ្នកអាជីព តែយុវជនជាគ្រូពេទ្យម្នាក់នេះ មានទេពកោសល្យកីឡាប៉េតង់ឈ្នះពានរង្វាន់ជាច្រើន

  • 2022-07-21 12:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សឹង សៅនី ជាយុវជនម្នាក់មានស្រុកកំណើតមកពីភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ហើយបច្ចុប្បន្ននេះកំពុងបម្រើការងារជាគិលានុបដ្ឋាក នៅមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ។ ក្រៅពីជាមន្ត្រីបម្រើការងារជូនប្រជាជនក្នុងនាមជាមន្ត្រីសុខាភិបាល យុវជនរូបនេះ មានទេពកោសល្យមួយទៀត គួរឱ្យសរសើរនោះ គឺគេអាចលេងកីឡាប៊ូល និងប៉េតង់បានយ៉ាងល្អ ថ្វីដ្បិតមិនមែនជាអ្នកអាជីព និងមិនមែនជាជម្រើសជាតិក៏ដោយ។

ប៊ូល និងប៉េតង់ គឺជាកីឡាមួយប្រភេទដ៏មានសក្ដានុពលក្នុងប្រទេសកម្ពុជា និងតែងនាំមកនូវមេដាយមាសច្រើនជាងគេ បើធៀបទៅនឹងកីឡាផ្សេងៗ។ កីឡាប្រភេទនេះមានអំណោយផលល្អសម្រាប់អ្នកលេងគ្រប់វ័យ និងមិនប្រកាន់កាយសម្បទារនោះទេ ដែលនេះក៏ជាហេតុផលមួយជំរុញឱ្យយុវជន សឹង សៅនី ចំណាយពេលជាមួយកីឡាមួយប្រភេទនេះ ដោយចេញពីក្ដីស្រលាញ់ ហើយក៏នាំឱ្យរូបគេមានឱកាសក្នុងការចូលរួមប្រកួតជាច្រើន និងទទួលបានសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់គួរឱ្យសរសើរ។

យុវជន ដែលបានបញ្ចប់ការសិក្សាផ្នែកគិលានុបដ្ឋាកមកពីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត បានប្រាប់មកកាន់ Sabay ថា មូលហេតុនាំឱ្យគេចេះលេងកីឡាប៊ូល និងប៉េតង់នេះ គឺដំបូងឡើយផ្ដើមចេញពីបញ្ហាសុខភាពរបស់ខ្លួន ឧស្សាហ៍ឈឺច្រើន តាំងពីថ្នាក់បឋម រហូតដល់វិទ្យាល័យ។ សៅនី គិតថា ខ្លួនត្រូវតែមានកីឡាមួយសម្រាប់ខ្លួនឯង តែដោយសារបញ្ហាសុខភាពផ្នែកផ្លូវដង្ហើម ទើបគេមិនអាចលេងកីឡាណាដែលប្រើចលនា និងកម្លាំងខ្លាំងបាននោះទេ។ ថ្ងៃមួយក្នុងពេលដែលកំពុងរៀននៅវិទ្យាល័យនៅម៉ោងកសិកម្ម គេឃើញលោកគ្រូលេងកីឡា ប៊ូល និងប៉េតង់នេះ ហើយពេលនោះ សៅនី ក៏ចាប់ផ្ដើមលេងកីឡានេះ និងហាក់មានទេពកោសល្យ អាចលេងបានយ៉ាងល្អ ហើយសមស្របជាមួយនឹងស្ថានភាពសុខភាពផងនោះ ទើបគេចាប់យកការលេងប៉េតង់តាំងពីពេលនោះរហូតមក។

យុវជនវ័យក្មេងរូបនេះរៀបរាប់ទៀតថា ការចេះលេងកីឡាប៊ូល និងប៉េតង់នេះ គឺមិនមានគ្រូបង្ហាត់បង្ហាញ ឬបង្វឹកអ្វីនោះទេ គឺចេះពីមិត្តភ័ក្ដិជាកីឡាករដែលរៀននៅវិទ្យាល័យជាមួយគ្នាកាលថ្នាក់ទី ១០ ជួយប្រាប់តែប៉ុណ្ណោះ។ អ្វីដែលគួរឱ្យសរសើរនោះក្នុងឆ្នាំ ២០១០ ពេលសៅនី រៀនថ្នាក់ទី ១០ ខ្លួនបានចូលប្រកួតប្រចាំសាលា និងទទួលបានចំណាត់ថ្នាក់លេខ១ ហើយក៏បន្តទៅប្រកួតថ្នាក់ស្រុកត្រាំកក់ បានចំណាត់ថ្នាក់លេខ១ និងបន្តទៅប្រកួតថ្នាក់ខេត្ត ដែលមាន ១០ស្រុកចូលប្រកួត សៅនី ទទួលបានចំណាត់ថ្នាក់លេខ ៤។

ចាប់ពីពេលដែលរូបគេ ទទួលបានលទ្ធផលជាទីគាប់ចិត្តបន្តបន្ទាប់ បានធ្វើឱ្យយុវជន សៅនី មានឆន្ទះកាន់តែមុះមុត និងចាប់យកកីឡាមួយនេះតទៅមុខទៀត។ យ៉ាងណាក្ដី ក្រោយចូលដល់ថ្នាក់ទី ១១ រូបគេបានផ្អាកការលេងមួយរយៈដើម្បីផ្ដោតលើការសិក្សា ស្របពេលដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចូលមកដល់។ ដោយក្ដីស្រលាញ់ពិតចំពោះកីឡា ប៊ូលនិងប៉េតង់ ដែលមានសក្ដានុពលពីទឹកដីកំណើតខ្លួនផងនោះ សៅនី បានបន្តចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់នេះបន្តបន្ទាប់ ក្រោយចប់ជីវិតសិក្សា។

ក្រោយបោះបង់ ១០ឆ្នាំ ត្រឡប់មកលេងវិញនៅឆ្នាំ ២០២០ ក្រោយរូបគេបានចូលបម្រើការងារនៅមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ក៏ឧស្សាហ៍ធ្វើដំណើរមកមើលការប្រកួតនៅពហុកីឡដ្ឋានអូឡាំពិក ដើម្បីមើលពីតិចនិកការប្រកួត និងដើម្បីបានមើលកីឡាករជម្រើសជាតិ ដែលជានិមិត្តរូបរបស់ខ្លួន។ ពេលនោះ សៅនី ក៏ចាប់ផ្ដើមចូលលេងប៊ូល និងប៉េតង់ឡើងវិញ ពីពេលនោះមក និងមានឱកាសចូលរួមកម្មវវិធីប្រកួត «គរុគុណសម្ដេចវិបុលបញ្ញា សុខ អាន និងសម្ដេចក្រឡាហោម ស ខេង» ។ ជារឿងគួរឱ្យសរសើរថ្វីដ្បិតថា អាក់ខានលេងជាយូរឆ្នាំហើយក្ដី ប៉ុន្តែ សឹង សៅនី អាចដណ្ដើមបានជយលាភីលេខ ៤ ទូទាំងប្រទេស ពីការប្រកួតនោះ។

មកដល់ឆ្នាំ ២០២១ នៅអំឡុងខែវិច្ឆិកា សៅនី ក៏បានចូលរួមប្រកួតពានរង្វាន់មហាជន ប្រចាំរាជធានី ដែលលេងឱ្យក្លឹបមួយ ហើយទទួលបានមេដាយសំរឹតមួយ ចំណាត់ថ្នាក់លេខ៣។ ដើមឆ្នាំ ២០២២ លោកគ្រូពេទ្យរូបនេះ បានចូលរួមប្រកួតពានរង្វាន់មហាជនមួយទៀត ប្រចាំខេត្តកំពង់ធំ ទទួលបានមេដាយសំរឹត ចំណាត់ថ្នាក់លេខ៣។ ឆ្នាំ ២០២២ ដដែលនៅក្នុងខែ ឧសភា សៅនី បានប្រកួតពានរង្វាន់មហាជន ប្រចាំរាជធានី នៅវិទ្យាល័យជាស៉ីមសាមគ្គី ទទួលបានចំណាត់ថ្នាក់លេខ៣ មេដាយសំរឹត។ ថ្មីៗនេះរូបគេទទួលបានចំណាត់ថ្នាក់លេខ១ តំបន់រាជធានីភ្នំពេញ ពានរង្វាន់មហាជន និងត្រៀមប្រកួតនៅទូទាំងប្រទេសនៅខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

លទ្ធផលដែលយុវជន មកពីខេត្តតាកែវរូបនេះ ទទួលបានគឺកើតចេញពីក្ដីស្រលាញ់ពិតប្រាកដមួយ និងដាក់ចិត្ត ដាក់កាយ លើកីឡាមួយប្រភេទនេះខ្លាំង។ ដ្បិតថា ខ្លួនមិនមែនជាអ្នកអាជីពក៏ពិតមែន តែ សៅនី បានបង្ហាញការគាំទ្រ និងពេញចិត្តកីឡាប៊ូល និងប៉េតង់នេះ ដោយសារកីឡានេះពិតជាមានឥទ្ធិពល និងសក្ដានុពល ដោយបាននាំមកនូវមេដាយរាប់រយគ្រឿងជូនប្រទេសជាតិ តាមរយៈកីឡាករ-កីឡាការិនីកម្ពុជា ដែលចេញទៅប្រកួតលើឆាកអន្តរជាតិតាំងពីថ្នាក់អាស៉ី ដល់កម្រិតពិភពលោក។ ក្នុងនោះដែរ សៅនី ក៏សង្ឃឹមថា ប្រជាជនកម្ពុជា នឹងងាកមកគាំទ្រកីឡាប៊ូល និងប៉េតង់ឱ្យកាន់តែផុសផុលបន្ថែមទៀត ដើម្បីលើកស្ទួយប៉េតង់កម្ពុជាកាន់តែរីកចម្រើន។ មិនតែប៉ុណ្ណោះកីឡានេះ បងប្អូនប្រជាជនខ្មែរ អាចលេងបានគ្រប់វ័យ និងមិនពិបាកនៅក្នុងការលេងនោះទេ ដែលអាចជាកីឡាមួយដ៏ល្អសម្រាប់ការកម្សាន្ត និងជួយឱ្យមានសុខភាពល្អទៀតផង៕

Chandararith