Nokia និង SINET បានដាក់ឱ្យប្រើប្រាស់បណ្ដាញអុបទិក XGS-PON ដំបូងបង្អស់នៅកម្ពុជា ផ្ដល់ល្បឿនអ៉ីនធឺណិតដល់ទៅ 10Gbps

  • 2022-07-28 08:00:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមហ៊ុន Nokia បានប្រកាសថា ក្រុមហ៊ុន SINET ដែលជាប្រតិបត្តិករផ្ដល់សេវាអ៉ីនធឺណិតឈានមុខគេនៅកម្ពុជា បានជ្រើសយកបណ្ដាញអុបទិកអកម្មប្រភេទ XGS-PON របស់ក្រុមហ៊ុន Nokia ដើម្បីជាដំណោះស្រាយ ឆ្លើយតបទៅនឹងសេចក្ដីត្រូវការអ៉ីនធឺណិតដែលមានតម្រូវការល្បឿនលឿនរបស់ក្រុមហ៊ុនសហគ្រាសនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ដំណោះស្រាយនៃបណ្ដាញអុបទិកប្រភេទ XGS-PON របស់ក្រុមហ៊ុន Nokia នេះនឹងត្រូវបានចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់ជាដំបូងនៅរាជធានីភ្នំពេញ មុននឹងពង្រីកទៅកាន់បណ្ដាខេត្ត និងតំបន់ផ្សេងៗទៀត។

នៅពេលដែលបានដាក់ចេញឱ្យប្រើប្រាស់ បណ្ដាញអុបទិកដែលបានត្រៀមរួចជាស្រេចសម្រាប់ថ្ងៃអនាគតរបស់ក្រុមហ៊ុន SINET នឹងអាចដោះស្រាយបញ្ហាតម្រូវការល្បឿនអ៉ីនធឺណិតបន្ថែម និងជាការគាំទ្រដល់ការប្រើប្រាស់ក្នុង បរិបទទីក្រុងឆ្លាតវៃ (Smart city) និងដំណើរការអ៉ីនធឺណិត 5G ជាដើម។

ការដាក់ឱ្យប្រើប្រាស់បណ្ដាញសេវាអុបទិកថ្មី រួមទាំងការដំឡើងឧបករណ៍ក្នុងស្ថានីយខ្សែអុបទិកដែលមានស្រាប់របស់ក្រុមហ៊ុន គ្រោងនឹងត្រូវបញ្ចប់នៅក្នុង ឆ្នាំ២០២២ នេះ។

ដំណោះស្រាយដោយការប្រើប្រាស់បណ្ដាញអុបទិករបស់ក្រុមហ៊ុន Nokia គឺត្រូវបានបំពាក់ដោយបន្ទះសៀគ្វី Quillion ដែលសព្វថ្ងៃនេះ បន្ទះសៀគ្វី Quillion កំពុងប្រើប្រាស់ជាមួយបច្ចេកវិទ្យាបណ្ដាញអុបទិកអកម្មបីជំនាន់មកហើយគឺ GPON, XGS-PON និង 25G PON។ បើយើងប្រៀបធៀបទៅនឹងបន្ទះសៀគ្វីជំនាន់មុនៗ បន្ទះសៀគ្វី Quillion អាចសន្សំថាមពលបានរហូតដល់ទៅជាង៥០% ដែលធ្វើឱ្យប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតអាចកាត់បន្ថយចំណាយទៅលើប្រតិបត្តិការទៀតផង។

លោក Diep Kong ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុន SINET បានលើកឡើងថា “នៅពេលដែលប្រព័ន្ធអេកូឌីជីថលមានការរីកចម្រើនខ្លាំង ក្រុមហ៊ុនសហគ្រាសប្រាកដជាត្រូវការបណ្ដាញអ៉ីនធឺណិតដែលមានល្បឿនលឿនខ្លាំងប្រកបដោយទំនុកចិត្តខ្ពស់។ ហើយយើងខ្ញុំប្ដេជ្ញានឹងផ្ដល់ជូននូវបទពិសោធនៃការប្រើប្រាស់បណ្ដាញអ៉ីនធឺណិតលំដាប់ពិភពលោកដល់អ្នកប្រើប្រាស់ក្នុងអាជីវកម្មគ្រប់ប្រភេទ ដើម្បីអាចផ្ដល់សេវាកម្មល្អបំផុតទៅកាន់អតិថិជនរបស់ពួកគេ។

នៅពេលនេះ យើងកំពុងប្រើប្រាស់បណ្ដាញអុបទិកប្រភេទ GPON របស់ក្រុមហ៊ុន Nokia ហើយយើងខ្ញុំមានការជឿជាក់ថាបណ្ដាញអុបទិកប្រភេទ XGS-PON នឹងអនុញ្ញាតឱ្យយើងផ្ដល់នូវបទពិសោធល្អប្រសើរជាងមុនដល់ក្រុមហ៊ុនសហគ្រាសកម្ពុជា ដូចដែលធ្លាប់បានសបញ្ជាក់ឱ្យឃើញពីសមត្ថភាពរបស់វាកន្លងមក តាមរយៈបច្ចេកវិទ្យា GPON របស់ Nokia។

ក្រុមហ៊ុន Nokia ក៏ទទួលបាននូវការទទួលស្គាល់យថាប្រភេទ និងអនុញ្ញាតិឱ្យដាក់ចេញឱ្យប្រើប្រាស់ទៅលើឧបករណ៍បណ្ដាញអុបទិកប្រភេទ XGS-PON នេះពីសំណាក់និយ័តករទូរគមនាគមន៍កម្ពុជា ដែលការណ៍នេះបានបង្ហាញឱ្យយើងឃើញពីគុណវឌ្ឃន៏ និងការត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ចេញឱ្យប្រើប្រាស់នៅក្នុងទីផ្សារប្រទេសកម្ពុជារបស់ក្រុមហ៊ុន Nokia។”

លោក Ajay Sharma នាយកក្រុមហ៊ុន Nokia ប្រចាំប្រទេសថៃ និងកម្ពុជាក៏បានលើកឡើងផងដែរថា “យើងមានក្ដីរំភើបយ៉ាងខ្លាំងដែលក្រុមហ៊ុន SINET បញ្ជាក់សាជាថ្មីនូវទំនុកចិត្តរបស់ខ្លួនចំពោះដំណោះស្រាយរបស់យើងខ្ញុំ។ ឧបករណ៍បណ្ដាញអុបទិកប្រភេទ XGS-PON ដែលជាបណ្ដាញអុបទិកឈានមុខគេក្នុងវិស័យឧស្សាហកម្មមួយនេះ នឹងជួយធ្វើឱ្យក្រុមហ៊ុន SINET បង្កើនទាំងល្បឿន និងគុណភាពអ៊ីនធឺណិតទាំងមូលសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនដែលជាម្ចាស់ក្រុមហ៊ុនអាជីវកម្ម។ ហើយដំណោះស្រាយនេះក៏បានជួយឱ្យពួកគេបង្កើនប្រាក់ចំណូល និងទាក់ទាញអតិថិជនថ្មីៗផងដែរ។ អ្នកប្រើប្រាស់ដែលជាម្ចាស់ក្រុមហ៊ុនសហគ្រាសនឹងទទួលបាននូវអត្ថប្រយោជន៍ពីការកើនឡើងនៃសមត្ថភាពរបស់បណ្ដាញអុបទិក និងល្បឿនអ៊ីនធឺណិតលឿនរហ័សប្រកបដោយទំនុកចិត្ត។

ប្រភព៖

អំពីក្រុមហ៊ុន Nokia

ក្រុមហ៊ុន Nokia បង្កើតបច្ចេកវិទ្យាដែលជួយពិភពលោកឱ្យធ្វើសកម្មភាពរួមគ្នា។

ក្នុងនាមជាដៃគូដែលអាចជឿទុកចិត្តបានសម្រាប់បណ្ដាញសំខាន់ៗ ពួកយើងប្ដេជ្ញាចិត្តបង្កើតនូវអ្វីដែលថ្មី និងបន្តភាពជាអ្នកដឹកនាំក្នុងវិស័យបច្ចេកវិទ្យាទូទាំងបណ្ដាញពពក (Cloud Network) បណ្ដាញថេរ (Fixed Network) និងបណ្ដាញចល័ត (Mobile Network)។ យើងខ្ញុំបង្កើតគុណតម្លៃតាមរយៈកម្មសិទ្ធិបញ្ញា និងការស្រាវជ្រាវរយៈពេលវែង ដែលដឹកនាំដោយមន្ទីរពិសោធន៍របស់ក្រុមហ៊ុន Nokia ឬហៅ Nokia Bell Labs ដែលធ្លាប់ទទួលបានពានរង្វាន់កន្លងមក។

ដោយការប្រកាន់ខ្ជាប់នូវស្ដង់ដារខ្ពស់នៃសុខសុវត្ថិភាព និងសុចរិតភាព ពួកយើងបានជួយពង្រឹងសមត្ថភាពដែលពិភពលោកទាំងមូលកំពុងត្រូវការនោះគឺ ផលិតភាព និរន្តរភាព និងប្រកបដោយបរិយាបន្ន។

ការសាកសួរផ្នែកប្រព័ន្ធផ្សព្វផ្សាយ៖

  • Nokia
  • ទំនាក់ទំនងផ្នែកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
  • Cordia So
  • អ៉ីម៉ែល៖ cordia.so@nokia.com
  • ផ្នែកទំនាក់ទំនងគមនាគមន៍
  • អ៉ីម៉ែល៖ press.services@nokia.com
អត្ថបទថ្មី