មោទកភាព! បណ្ឌិត កៅ គឹមហួន ជា​មន្ត្រី​ខ្មែរ​ទី១ ទទួល​តំណែងអគ្គលេខាធិការ​អាស៊ាន​

  • 2022-08-05 02:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការ​បរទេស​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​រក​ឃើញ​មន្ត្រី​ខ្មែរ​ទី​១ គឺ​លោក​បណ្ឌិត កៅ គឹមហួន នឹង​ត្រូវ​ទៅ​ទទួល​តំណែង​ជា​អគ្គលេខាធិការ​អាស៊ាន​(ASEAN Secretary General) ចាប់​ពី​ឆ្នាំ ២០២៣​តទៅ។

លោកបណ្ឌិត កៅ គឹមហួន ជា​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីកម្ពុជា
លោកបណ្ឌិត កៅ គឹមហួន ជា​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីកម្ពុជា ត្រូវ​បាន​ឯកឧត្តម ប្រាក់​ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ប្រកាស​តែង​តាំង​នា​ថ្ងៃ​ម្សិលមិញ ឲ្យ​ទៅ​ធ្វើ​ជា​អគ្គលេខាធិការ​អាស៊ាន​ដែល​មាន​អាណត្តិ ៥ឆ្នាំ ចាប់​ផ្ដើម​ពី​ឆ្នាំ ២០២៣​ខាង​មុខ​នេះ​ត​ទៅ។ ការ​តែង​តាំង​នេះ ក៏​ត្រូវ​បាន​ទទួល​ការ​សាទរ​ពី​ប្រមុខ​ការទូត​អាស៊ាន​ផង​ដែរ។

តាម​ធម្មនុញ្ញ​អាស៊ាន​ត្រង់​មាន​មាត្រា​ទី ១១ អគ្គលេខាធិការ​អាស៊ាន ត្រូវ​បាន​តែង​តាំង​ដោយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន សម្រាប់​អាណត្តិ ៥ឆ្នាំ ដែល​អាណត្តិ​នេះ​មិន​អាច​បន្ត​ទៀត​បាន​ទេ។ ជាមួយ​គ្នា​នេះ អគ្គលេខាធិការ​អាស៊ាន ត្រូវ​ជ្រើស​រើស​ចេញ​ពី​ក្នុង​ចំណោម​ជនជាតិ​នៃ​រដ្ឋសមាជិកអាស៊ាន ផ្អែក​ទៅ​លើ​ការ​ប្ដូរ​វេន​គ្នា​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​រដ្ឋ​សមាជិក ដោយ​ពិចារណា​ល្អិតល្អន់​ទៅ​លើ​សុច្ចរិតធម៌ សមត្ថាភាព បទ​ពិសោធន៍​វិជ្ជាជីវៈ និង​សមភាព​យេនឌ័រ។

ឯកឧត្តម ប្រាក់​ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​

និយាយ​ពី​ភារកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​តួនាទី​ជា​អគ្គលេខាធិការ​អាស៊ាន​វិញ មាន ៥ចំណុច​ធំ​ៗ​គឺ៖ ១.អនុវត្តភារកិច្ច និង​ការ​ទទួល​ខុស​ត្រូវ​នៃ​ការិយាល័យ​ជាន់​ខ្ពស់​នេះ ដោយ​យោង​ទៅ​តាម​បទ​ប្បញ្ញត្តិ​នៃ​ធម្មនុញ្ញ​នេះ និង​លិខិត​តូបករណ៍ ពិធីសារ និង​កិច្ច​ប្រតិបត្តិ​ពាក់ព័ន្ធ​ទាំង​ឡាយ​របស់​អាស៊ាន។

២.សម្រួល និង​ត្រួត​ពិនិត្យ​មើល​ការ​រីកចម្រើន​នៃ​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង និង​សេចក្ដី​សម្រេច​របស់​អាស៊ាន និង​ដាក់​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​ការងារ​អាស៊ាន​ជូន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

៣.ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន កិច្ចប្រជុំ​របស់​ក្រុម​ប្រឹក្សា​សហគមន៍​អាស៊ាន កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ាន កិច្ច​ប្រជុំ​របស់​អង្គភាព​ថ្នាក់​រដ្ឋ​មន្ត្រី​ជំនាញ​តាម​ផ្នែក​របស់​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ដទៃ​ទៀត​របស់​អាស៊ាន។

៤.បង្ហាញ​អំពី​ទស្សនៈ​របស់​អាស៊ាន និង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ភាគី​ក្រៅ​តំបន់ ដោយ​អនុលោម​ទៅ​តាម​គោលមាគ៌ា​នយោបាយ​ដែល​បាន​ឯកភាព និង​អាណត្តិ​ដែល​ប្រគល់​ជូន​អគ្គលេខាធិការ និង

៥.​ស្នើ​សុំ​ការ​អនុម័តិ​ពី​ក្រុម​ប្រឹក្សា​សម្រប​សម្រួល​អាស៊ាន តែង​តាំង និង​បញ្ចប់​អាណត្តិ​របស់​អគ្គលេខាធិការ​រង។

បន្ថែម​ពី​លើ​នេះ អគ្គលេខាធិការ​អាស៊ាន ក៏​ត្រូវ​ទទួល​តួនាទី​ជា​ប្រធានរដ្ឋបាល​អាស៊ាន​ផង​ដែរ។ កិច្ច​ទទួល​ខុស​ត្រូវ​ទាំង​នេះ អគ្គលេខាធិការ​អាស៊ាន មាន​អគ្គលេខាធិការ​រង​អាស៊ាន​ចំនួន ៤​រូប ដែល​មាន​​តំណែង និង​ឋានៈ​ស្នើ​អនុរដ្ឋមន្ត្រី ជា​ជំនួយការ ដែល​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​អគ្គលេខាធិការ ក្នុង​ការ​អនុវត្តន៍​មុខងារ​របស់​ខ្លួន៕

អត្ថបទ៖ ទារិកា