ប្រវត្តិសាស្ត្រដំបូង! ណាន វីសារ ក្លាយជាបេក្ខភាព Cambodian Idol ២០២២ តែ១គត់ Judge សម្រេច Save

  • 2022-08-08 04:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួត ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ បាន​បន្សល់នូវពេលវេលាដ៏អស្ចារ្យ ដោយបានធ្វើឲ្យអ្នកទស្សនារំភើប​នឹង​សមត្ថភាពបេក្ខភាពទាំង ១០ រូប។ ប៉ុន្តែដោយសារ សំឡេងចំនួន​បោះឆ្នោតគាំទ្រ តិច ទើបបេក្ខជន ២ រូប ត្រូវ​ប្រឈម​ នឹង​ការចាកចេញក្នុងនាទីចុងក្រោយ នៃសប្ដាហ៍ថ្មី។

អ្នកទាំង ២ មាន ណាន វីសារ និង ស្រស់ រ៉ូឡុង ត្រូវជួប​នឹងពេល​វេលាភ័យរន្ធត់ ដោយសារអ្នកទាំង ២ ត្រូវចាកចេញពីកម្មវិធី នៅសប្ដាហ៍ប្រកួតទី ៤។ ប៉ុន្តែអ្វី​ដែលគួរ​ឲ្យភ្ញាក់ផ្អើល ក្រោយមាន​ការ​ពិចារណា និងពិគ្រោះគ្នា​យ៉ាង​ហ្មត់ចត់ គណៈកម្មការក៏សម្រេច ផ្ដល់ឱកាសពិសេសបំផុត ទៅឲ្យបេក្ខភាព ណាន វីសារ ដែលអាច​បន្តទៅសប្ដាហ៍ក្រោយទៀតបានជាមួយនឹង​បេក្ខភាព ៨នាក់ ផ្សេង​ទៀត ហើយមានការសាទរជាខ្លាំង។

ពេល​វេលាមួយនេះ ត្រូវ​បាន​ចាត់ទុកជា​ប្រវត្តិសាស្ត្រថ្មី របស់ Cambodian Idol រដូវកាលទី ៤ ហើយ វីសារ ក៏ក្លាយជា​បេក្ខភាព​តែម្នាក់គត់របស់កម្មវិធី ដែល​ទទួលបាន​ឱកាសពិសេសនេះ គឺ​ប្រៀបដូចជា​សុបិន។ ដូចប្រិយមិត្តជា​ច្រើន​បាន​ជ្រាប​ស្រាប់ហើយថា ក្នុងមួយរដូវកាល Judge មាន​សិទ្ធិ Save បាន​តែ ១ ដង​គត់ ក្នុង ១នាក់ ហើយអស់ពេល ៣សប្ដាហ៍ហើយ ដែល Judge មើលការដើរចេញទាំងស្ដាយរបស់ បេក្ខភាព​ដែល​ទទួលបានសំឡេង Vote តិចជាងគេ កន្លងទៅ។ ប៉ុន្តែមកទើរត្រឹម វីសារ ពេលនេះ ក៏ព្រោះគណៈកម្មការគិតថា លោកនៅមានសមត្ថភាព​អាច​បន្តទៅមុខទៀតបាន ទើបមិនដាច់ចិត្តឲ្យដើរចេញទៅត្រឹម​សប្ដាហ៍នេះ។

ជាក់ស្ដែងនៅព្រឹកនេះ វីសារ ក៏បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនកាលយប់មិញនេះ ដោយបានសរសេរបង្ហោះលើបណ្ដាញសង្គម Facebook ព្រមទាំងសម្ដែងការដឹងគុណថា៖ «យប់មិញ គឺអារម្មណ៍ក្តុកក្តួល រន្ធត់ខ្លាំងមែនទែន ខ្ញុំអត់បានយំទេ តែទឹកភ្នែកវាហូរមកអត់ដឹងខ្លួន ហូរអត់ឈប់សោះហូរដោយសាររំភើបនឹងសំលេងហ៊ោរគាំទ្ររបស់បងប្អូន។ ម្រាមដៃដប់ ក្បាលក្រាបដល់ឆាក សូមអរគុណចំពោះការផ្តល់ឳកាសដ៏ពិសេសពីបងៗគណៈកម្មការ ដែលជួយសង្គ្រោះ save រូបខ្ញុំទៅសប្តាហ៍ទី៥ បន្តទៀត។ ខ្ញុំនឹងធ្វើឱ្យការ Save មួយនេះក្លាយទៅជាការ Save ដ៏មានតម្លៃបំផុត និងខិតខំប្រឹងដុះខាតសមត្ថភាពរបស់ខ្ញុំបន្ថែមទៀតឱ្យកាន់តែល្អ។ អរគុណដល់បងៗក្រុមការងារទាំងអស់ និងបងពិធីករទាំង២ ជាពិសេសសូមអរគុណពុកម៉ែបងប្អូនដែលចំណាយថវិកាផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃ ផ្ញើរសារបោះឆ្នោតឱ្យរូបខ្ញុំ។ ខ្ញុំបាទសូមអរគុណសម្រាប់ការអាណិត ស្រលាញ់ដ៏ធំធេងពីពុកម៉ែប្អូនទាំងអស់គ្នាដល់រូបខ្ញុំ គឺខ្ញុំទទួលបានភាពកក់ក្តៅយ៉ាងខ្លាំងដែលខ្ញុំពុំធ្លាប់ទទួលបានពីមុនមក»។

រង់ចាំទស្សនាជា​បន្ត ថា​តើសប្ដាហ៍ក្រោយ នឹង​មាន​រឿង​អ្វី​កើតឡើងជា​បន្ត?