សំងំលែងកើត Kim Garam ចេញលាងភាពស្អាតស្អំខ្លួន ចៃដន្យ HYBE តបប្រតិកម្មមហាជនភ្លាម

  • 2022-08-11 02:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kim Garam បាន​បង្ហាញ​មុខជាផ្លូវការលើវិថីសិល្បៈជាមួយនឹង​រឿង LE SSERAFIM កាលពីខែឧសភា ឆ្នាំ២០២២។ ប៉ុន្តែចេញមុខមិនបានប៉ុន្មានផង នាង​ក៏ស្រាប់តែ​ត្រូវ​បាន​គេ​ចោទថា ពេល​នៅរៀន នាងគឺជា​សិស្សម្នាក់ដែលមាន​អាកប្បកិរិយាមិនល្អ ឬចូលចិត្ត Bully គេទៀត។ ប្រការនេះ ទើប​ធ្វើឲ្យនាង​ត្រូវ​ប្រឈម​នឹង​ការ​រិះគន់យ៉ាងចាស់ដៃ ហើយ Garam ត្រូវ​ដក​ខ្លួនក្នុងការចេញមុខមួយរយៈ។ ទោះបីជា HYBE ព្យាយាមជួយយ៉ាងណា ក៏មិនឈ្នះឥទ្ធិពលនៃសន្ធឹកអ្នកមិនពេញចិត្តដែរ រហូតដល់ ខែកក្កដា ឆ្នាំដដែល នាង​ក៏ត្រូវបាន​ដកចេញពីក្រុម និងក្រុមហ៊ុន។

ស្ងាត់អស់រយៈពេល​ជាយូរ ពេល​នេះ Kim Garam ក៏ស្រាប់តែ​ចេញមកម្ដងទៀត នៅ​ថ្ងៃទី១០ ខែសីហា ដោយបានបង្ហោះសារមួយទាក់ទង​នឹង​រឿងរ៉ាវ​កើតឡើង។

នាង​បាន​សរសេរសារយ៉ាង​វែង ដោយមាន​សេចក្ដី​ថា៖

«សួស្ដី, នេះគឺ Kim Garam!

ជាដំបូង ខ្ញុំ​ចង់សុំទោស ទោះបីដឹងថាវារាងយឺតពេល​ក៏ដោយ ខ្ញុំមិនមានឱកាសក្នុងការផ្ដល់ព័ត៌មាន​អ្វី​ទាំងអស់មួយរយៈនេះ។ ជាការពិត ខ្ញុំ​ខ្លាចក្ដីសុបិន ដែលខ្ញុំប្រឹងប្រែងចាប់យក និងរត់ទៅរកកន្លងមកនេះ អាច​ត្រូវរលាយ ដោយសារតែរឿងអតីតរបស់ខ្ញុំ។ ប៉ុន្តែ​ច្រើន​ថ្ងៃកន្លងទៅហើយ ខ្ញុំ​កាន់តែ​ភ័យ​ខ្លាចខ្លាំង​ឡើង ចំពោះ​ពាក្យរិះគន់ដែល​សម្រុក​មក​ខ្ញុំ ហើយបើអ្នកអាច​ផ្ដល់ឱកាសឲ្យខ្ញុំ ខ្ញុំ​ចង់ប្រាប់​រឿងរ៉ាវ​មួយពីខាងខ្ញុំ ចេញពីចិត្តស្មោះ។

១. ខ្ញុំ​មិនដែល​វាយ ឬប្រើហិង្សាទៅកាន់អ្នកណាម្នាក់ឡើយ មិនដែល​សូម្បី១ដង

២. ខ្ញុំ​មិនធ្លាប់មាន​អ្នកបង្ខំ ឲ្យប្ដូរសាលាទេ។

៣. ខ្ញុំមិន​ដែល​ជក់ ឬប្រើសារជាតិស្រវឹងឡើយ។

៤. ខ្ញុំ​មិន​ដែល​ជេរ​ប្រមាថ​ ឬ Bully អ្នក​ណា​ឡើយ។

៥. ខ្ញុំ​គ្រាន់តែជា​សិស្សធម្មតាម្នាក់ប៉ុណ្ណោះ។

ទាក់ទងនឹងបញ្ហារបស់អំពើហិង្សាក្នុងសាលា គឺខ្ទង់ខែមីនាដល់ខែឧសភា កាលពេលដែលខ្ញុំរៀនថ្នាក់មធ្យមសិក្សាឆ្នាំដំបូង វាបានកើតឡើងបន្ទាប់ពី Yoo Eun Seo បាននិយាយអំពីមិត្តភក្តិរបស់ខ្ញុំនៅពីក្រោយខ្នងរបស់ពួកគេ ហើយបានបង្ហោះរូបថតដែលមានមិត្តម្នាក់ទៀតថតជាប់នៅក្នុងនោះ ដោយពាក់ខោទ្រនាប់របស់នាង។

ខ្ញុំក៏បានប្រឈមមុខនឹង Yoo Eun Seo ដោយសារខ្ញុំចង់ជួយមិត្តរបស់ខ្ញុំ ហើយខ្ញុំបានជេរនាងនៅក្នុងពេលនោះតែម្ដង។ ​ពេល​នោះ ខ្ញុំ​មិន​អាចបែងចែកគ្នាបាន រវាងមតិ​ភាគ​ច្រើន និង​ភាគ​តិច ដូច្នេះខ្ញុំ​មិន​បាន​គិត​ថា​ទង្វើ​របស់​ខ្ញុំ​ខុស​ទេកាលហ្នឹង ពេលដែល​ខ្ញុំ​តតាំងជាមួយ Yoo Eun Seo។

ខ្ញុំគិតថាការជួយមិត្តរបស់ខ្ញុំគឺបញ្ជាក់ពីភាពស្មោះត្រង់ ហើយខ្ញុំគ្រាន់តែមានអារម្មណ៍ថាសកម្មភាពរបស់ខ្ញុំរញ៉េរញ៉ៃមែន ដូច្នេះខ្ញុំមិនអាចទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃបញ្ហានោះទេ។ ឥឡូវនេះ បើក្រឡេកមើលទៅក្រោយវិញ ខ្ញុំដឹងថា ខ្ញុំក្មេងខ្ចីណាស់។

កាលនោះ មិត្តភាពរបស់ខ្ញុំមានសារៈសំខាន់បំផុតសម្រាប់ខ្ញុំ ហើយខ្ញុំស្ថិតក្នុងវ័យដែលកំពុងរីករាយនឹងពេលវេលាដែលបានចំណាយជាមួយពួកគេច្រើនបំផុត។ គំនិតរបស់ខ្ញុំនៅពេលនោះ គឺខុសតែម្ដង ហើយទោះបីជាខ្ញុំបានធ្វើខុស និងវិលវល់ក៏ដោយ ក៏ខ្ញុំមិនចង់ស្អប់ ខ្ញុំខ្លួនឯងពីមុនដែរ។

ឪពុកម្តាយរបស់ខ្ញុំតែងតែប្រាប់ខ្ញុំថា កុំឱ្យព្រងើយៗដាក់មិត្តភ័ក្តិដែលត្រូវការជំនួយ ហើយស្ថិតក្នុងស្ថានភាពលំបាក។ សូម្បី​តែ​ពេល​នេះ​ក៏​ខ្ញុំ​គិត​បែបនេះដែរ។

ខ្ញុំ​នឹង​ខិត​ខំ​បន្ថែម​ទៀត ដើម្បី​ឱ្យ​អនាគត​របស់​ខ្ញុំ​កាន់​តែ​ភ្លឺ​ស្វាង។ ការចាប់ផ្តើមដំបូងរបស់ខ្ញុំគឺទទួលខុសត្រូវចំពោះពេលវេលាដែលខ្ញុំបានចំណាយ ធ្វើការឆ្ពោះទៅរកក្តីសុបិនរបស់ខ្ញុំ។ ពីរសប្តាហ៍បន្ទាប់ពីការបង្ហាញខ្លួនដំបូងគឺដូចជាសុបិនមួយសម្រាប់ខ្ញុំ ប៉ុន្តែទីបំផុតវាបានក្លាយទៅជាពេលវេលាមួយនៅក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំមិនអាចបំភ្លេចបាន។

ចំពោះអ្នកគាំទ្រដ៏មានតម្លៃរបស់ខ្ញុំ អ្នកដែលស្រឡាញ់ខ្ញុំ និងលើកទឹកចិត្តខ្ញុំ ខ្ញុំពិតជាអរគុណ។ ខ្ញុំ​អាច​ទ្រាំទ្រ​បាន​ដល់ពេលនេះ ដោយ​សារ​តែ​មាន​ការ​គាំទ្រ​គា្មនដែនកំណត់​ពី​អ្នក​គ្រប់គ្នា។ ខ្ញុំនឹងខិតខំឲ្យខ្លាំង​បន្ថែមទៀត។

អរគុណសម្រាប់ការអានសំណេរដ៏វែងនេះ។»

ងាកទៅ HYBE ដែលធ្លាប់ជាចាស់ទុំ និងធ្លាប់ជាអ្នកគ្រប់គ្រងរបស់ Kim Garam ក៏បាន​លើក​ឡើងដែរ ប៉ុន្តែ​ក្នុងន័យ​បញ្ជាក់ច្បាស់ កុំឲ្យអ្នកគាំទ្រមួយចំនួនវិលវល់ ឬទាមទារការយកចិត្តទុកដាក់មកលើនាង។

ក្នុងសេចក្ដី​ថ្លែង​ការ​ទៅកាន់ សារព័ត៌មាន Xportnews ពួកគេ​បាន​លើកឡើងថា៖ «ដោយសារយើង​បាន​បញ្ចប់​កុងត្រាជាមួយនឹង​ Kim Garam ហើយ។ យើងគ្មានអ្វី​ត្រូវ​និយាយទេ ព្រោះការបញ្ចេញមតិបន្ថែម​ណា​មួយ មិនសមស្របទាំងអស់ [ផ្អែកតាមស្ថានភាពកិច្ចសន្យា]»៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទពេញនិយម