កំពុងរង់ចាំលទ្ធផលស្គែនខួរក្បាល ខ្ញុង ឆ្លៀតបង្ហើបពីស្ថានភាពជំងឺស្វាមីទៅកាន់មហាជន

  • 2022-08-12 02:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កៃដ ដែលត្រូវជាស្វាមីរបស់អតីតតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីលោកឈរនៅពីក្រោយប្រពន្ធកំពុងLive សុខៗស្រាប់តែមានអាការៈរឹងថ្គាម រឹងដៃរឹងជើង ហើយក៏ដួលទៅលើកម្រាលឥដ្ឋតែម្ដង។

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះ ខ្ញុង បានបង្ហើបពីស្ថានភាពស្វាមីតាមបណ្ដាញសង្គមហ្វេសប៊ុកថា ស្វាមីរបស់អ្នកនាង គឺលោកកៃដ បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ប៉ុន្ដែនៅរង់ចាំទទួលលទ្ធផលស្គេនខួរក្បាលម្ដងទៀតពីគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត។

អ្នកនាង ខ្ញុង៖“លូវប្តីខ្ញុំចេញពីរសង្គោះបន្ទាន់ហើយ អគុណសំរាប់ការបារម្ភនឹងសួរសុខទុក្ខ ពត៍មានលំអិតខ្ញុំនឹងប្រាប់ពេលក្រោយទៀតលូវគាត់នៅកាល់ម៉ែត រង់ចាំលិទ្ធផលស្គែនខួរក្បាលម្តងទៀតសិន។ សូមអគុណ”។

សូមបញ្ជាក់ថា នៅមុន១ថ្ងៃ នៃការសែនក្បាលទឹក អ្នកនាង ស្រេង សុកាន់ដា បានLive ដោយដាក់ចំណងជើងថា “និយាយរឿងចោលតិច”។ ក្នុងនោះអ្នកនាងក៏បានសុំក្ដីអាណិតស្រឡាញ់ និងការគាំទ្រពីមហាជនសម្រាប់រូបខ្លួនបើទោះបីជាពេលនេះអ្នកនាងបានឃ្លាតឆ្ងាយពីអាជីពសម្ដែងទៅហើយក្ដី។

ពេលកំពុងLive នោះ ស្រាប់តែស្វាមីរបស់នាងដើរមកពីក្រោយ ហើយយកដៃដាក់លើស្មានាង ដោយដៃម្ខាងកាន់ទូរស័ព្ទ។ ភ្លាមនោះស្រាប់តែមានអាការៈ មិនស្រួលតែម្ដង ហើយអ្នកនាងបានស្រែកហៅគេឲ្យជួយ និងបិទការLive ភ្លាមៗដោយមិនបានលាអ្នកចូលទស្សនា ហើយបានពឹងគេឲ្យជូនស្វាមីអ្នកនាងទៅសង្គ្រោះភ្លាមៗ៕

ជិន សុភ័ក្ដ្រ