កីឡដ្ឋាន KMH Park គ្រោង​បើក​​​ចូល​ទស្សនា​ដោយ​សេរី​ ​ខណៈ​ការ​សាង់​សង់​ជិត១០០%​

  • 2022-08-13 08:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន KMH Park របស់ ក្លឹប​បាល់ទាត់​ អាយ អេស អាយ ដង្កោសែនជ័យ ដែល​ស្ថិត​ក្រោ​ម​ដំណើរ​ការ​ស្ថាបនា​ឡើងវិញ​ជិត​រួចរាល់​១០០ភាគរយ​នោះ គ្រោង​បើក ចំហ​ដល់ សាធារណជន​បាន​ចូលទស្សនា ដោយសេរី ​នៅ​ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សៀក​ សុវណ្ណ អគ្គលេខាធិការ​ក្លឹប​បាល់ទាត់ អាយ អេស អាយ ដង្កោ​សែនជ័យ។

ថ្នាក់​ដឹកនាំ​ក្រុម​ដដែល​បញ្ជាក់​ថា ​នេះ​ជា​គម្រោង​បើក​សាកល្បង​ដល់​មហាជន​ ​បាន​ចូល​មើល​ដំណើរការ សាង​សង់​កី​ឡដ្ឋាន ឬ​ហៅ​ថា Soft Opening។ មិ​ន​តែ​ប៉ុណ្ណោះ​ក្នុង​ថ្ងៃ​ដដែល​នោះ ក៏​មាន​កម្មវិធី​ពិសេស ៗ ​និង​ការ​ប្រកួត បាល់​ទាត់​យុវជន ISI Community Cup U6 ដល់ U14 ព្រមទាំង​មាន​ការ​តាំង​ដាក់​លក់​ផលិតផល​ពី​ក្រុមហ៊ុនផ្សេងៗ ដែល​ជា​ដៃគូ​ ដើម្បី​សាធារណជន​​បាន​ចូល​រួម​ទស្សនា​សប្បាយ​រីករាយ។ ទន្ទឹម​នឹង​នេះដែរ​ក៏​មាន​ការ​តាំង​ពិព័រណ៍​ម្ហូប​នៅ The Ground Market ក្នុង ផ្សារ K-Mall ទៀត​ផង។

លោក សៀក សុវណ្ណ លម្អិត​បែបនេះ​ “៖ទីលាន​ របស់​យើង​សឹង​តែ​រួចរាល់​ជាស្ថាពរ១០០ភាគរយ​ហើយ​។ យើង​គ្រោង​ធ្វើ​កម្ម​វិធី​បើក​សាក​ល្បង (Soft Opening)។ យើង​ទទួល​មហាជន​ចូល​ទស្សនា​ក្នុង​តារាង​យើង​ដើម្បី​បាន​ឃើញ​ពី​ការរៀបចំ ​ដែល​ យើង​បាន​ដំឡើង​កៅអី​ហើយ ធ្វើ​សួន​ហើយ ធ្វើ​ទីលាន​ហ្វូតសាល​ហើយ ហើយ​ស្មៅ​ធម្មជាតិ​ក៏​យើង​ដាំ​ហើយ នៅ​ចាំ​វា​ដុះ​ជិត។ យើង​ចង់​ទាក់ទាញ​ពួកគា​ត់​បាន​ឃើញ ព្រោះ​អី​មហាជនភាគ​ច្រើន​ចង់​ឃើញ​ថា ទីលាន​ហ្នឹង​ហើយ​នៅ​ល​ណា​ហើយ ពេល​ណា​ប្រកួតបាន។ ទោះ​ឥឡូវ​មិន​ទាន់​អាច​ប្រកួត​បាន ប៉ុន្តែ​ពួកគាត់​អាច​ចូល​ទស្សនា​ ថតរូប ​ចូល​អង្គុយ​លេង​យក​ខ្យល់​អាកាស។ ក្នុង​ថ្ងៃហ្នុង​ដែរ ​យើង​មាន​ការ​ប្រកួត​ ក្មេងៗ​របស់​ ISI Community ​ទាំង​ស្រី ​ទាំង​ប្រុស ​ដែល​មា​ន​ក្មេង​ៗ​ជុំវិញ​ទីលាន KMH។ អ្នក​ផ្សេង​ក៏​អាច​ចូល​រួម​បា​ន​ដែរ​ដោយ​អាច​ចុះឈ្មោះ​ដែល​មាន U6 ៤ក្រុម U10 ៤ក្រុម U12 ៤ក្រុម និង U14 ៤ក្រុម​​​អី​ចឹង​​​ទៅ​ប្រកួត​គ្នា។ ការ​ប្រកួត​ហ្នឹង យើង​ធ្វើ​លក្ខណៈ​សប្បុរសធម៌​ អត់​ធំពេក​ទេ ដើម្បី​ក្មេងៗ​បាន​លេង និង​ចង់​ឱ្យមាន​ភាព​អធិកអធម។ ជា​មួយ​គ្នា​ហ្នឹង​ក៏​មាន​ពិព័រណ៍​ម្ហូបនៅ The Ground Market ក្នុងផ្សារ K-Mall ដែរ»​។

ទីលាន KMH Park របស់​​ក្លឹប​បាល់ទាត់ អាយ អេស អាយ ដង្កោជ័យ​បាន​ចាប់​ផ្ដើម​ដំណើរ ការ​ជួសជុល​កែ​លម្អ ឡើង​វិញ​នៅ​ដើម​ឆ្នាំ២០២២នេះ ​ដើម្បី​ឱ្យស្រប​ទៅ​នឹង លក្ខន្តិកៈ​របស់​ក្រុមហ៊ុន Cambodian Premier League។

ក្រុម​មាន​មូលដ្ឋាន​នៅ​សង្កាត់​ចោមចៅ​មួយនេះ​ត្រូវបាន​បង្កើត​ឡើង​ក្នុងឆ្នាំ២០១៦ និង​បាន​ចូលរួម​ការ​ប្រកួត ក្របខណ្ឌ​ Cambodian League 2 ដំបូង​ក្នុង​រដូវ​កាល២០២០។ ក្រោយ​ដំណើរ​ការ​ស្ថាបនា​ឡើងវិញ ​កីឡដ្ឋាន KMH Park នឹងមា​ន​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​សម្បូរ​បែប ហើយ​អាច​ផ្ទុកទស្សនិកជន ៣០០០នាក់៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម