មហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជន

  • 2022-08-15 09:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសម្ដែងរបាំក្បាច់បុរាណខ្មែរទ្រង់ទ្រាយធំ កាន់តែខិតមកដល់ ខណៈសិល្បករ-សិល្បការិនី ជិត ២០០នាក់កំពុងហាត់សមយ៉ាងយកចិត្តទុកដាក់បំផុតទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាឱ្យការសម្ដែងដ៏កម្រមួយនេះ ប្រកបដោយភាពអស្ចារ្យសម្រាប់ទស្សនិកជនទាំងជាតិ និងអន្តរជាតិ។

ក្រឡេកមកមើលលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ»។ មហាជន និងអ្នកស្នេហាសិល្បៈវប្បធម៌ជាតិ បានធ្វើការចែករំលែកព្រោងព្រាតអំពាវនាវសូមឱ្យប្រជាជនខ្មែរទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏កម្រមួយនេះ ខណៈដែលបច្ចុប្បន្ននេះមានប្រទេសជិតខាងកំពុងបញ្ជៀបវប្បធម៌របស់ពួកគេចូលមកក្នុងប្រទេសកម្ពុជា។ ដូច្នេះហើយមានតែគាំទ្រ សិល្បៈវប្បធម៌ជាតិរបស់ខ្លួនប៉ុណ្ណោះ ទើបអាចជួយលើកតម្កើនវប្បធម៌ជាតិឱ្យថ្កុំថ្កើន មិនអាចមានប្រទេសណាមកបន្លំបានឡើយ។

លោក ឈី កុលបុត្រា ដែលជាប្រធានដឹកនាំក្រុមការងារនៃកម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែរ បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមជាអ្នកដឹកនាំរៀបចំកម្មវិធី ក្រោយឃើញសន្ទុះការគាំទ្រយ៉ាងផុលផុសនៅលើបណ្ដាញទំនាក់ទំនងសង្គមនានា។ លោកបានមានប្រសាសន៍ថា ពិតជាសប្បាយរីករាយណាស់ ដែលឃើញយុវជន យុវនារី សម័យនេះ បានយល់ច្បាស់ពីអ្វីដែលជាសម្បត្តិវប្បធម៌ និងប្រពៃណីខ្មែរយើង។ លោកបានបន្ថែមថា ដោយស្រុកមានសន្តិភាព នាំឱ្យយុវជនមានឱកាសនៅក្នុងការគិតគូរ និងថែរក្សា ការពារ សិល្បៈ វប្បធម៌ខ្មែរ បន្សល់ទុកពីបុព្វបុរសខ្មែរ តាមរយៈការចូលរួមចំណែកជួយលើកស្ទួយទាំងអស់គ្នា ដូចកម្មវិធីមហោស្រពសិល្បៈរបាំក្បាច់បុរាណខ្មែរនេះជាដើម។

ដោយសារសន្ទុះនៃការគាំទ្រកាន់តែកើនឡើងខ្លាំង ការលក់សំបុត្រក៏ដាច់អស់ច្រើនដែរ។ ដូច្នេះឆ្លៀតក្នុងឱកាសនេះ លោក កុលបុត្រា ក៏បានអំពាវនាវផងដែរថា៖ «ដោយសារមានការគាំទ្រច្រើន សំបុត្រក៏បានលក់អស់ច្រើនដែរ ហើយកន្លែងអង្គុយទស្សនាមានកំណត់។ ដូច្នេះសូមបងប្អូនប្រញាប់រួសរាន់ឡើង ប្រញាប់ទិញសំបុត្រចូលទស្សនា ដើម្បីកុំឱ្យខកខានផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ»

គួរឱ្យដឹងថា ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះនឹងបង្ហាញខ្លួននៅសាលន្និសីទចតុម្មុខ នាថ្ងៃទី ២៧ និង ២៨ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ ក្រោមកិច្ចផ្ដួចផ្ដើមពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ជាមួយនឹងសាលារបាំនរោត្ដម បុប្ផាទេវី កំពុងតែបន្តលក់សំបុត្រជារៀងរាល់ថ្ងៃ។

សំបុត្រមានលក់តាមរយៈអនឡាញតេឡេក្រាម ០៧៧ ៤៤៤ ៣៣៥ និងមានការលក់ផ្ទាល់នៅសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃ២២ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ *កន្លែងមានកំណត់!

តម្លៃសំបុត្រ៖

  • សំបុត្រពិសេស (VIP) ១០០,០០០៛

  • តំបន់ពណ៌បៃតង (Green Zone) ៤០,០០០៛

  • តំបន់ពណ៌ខៀវ (Blue Zone) ២០,០០០៛

  • សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងមកលេខ ០៧៧ ៤៤៤ ៣៣៥

មិនត្រឹមតែជាការចូលរួមទស្សនា តែជាការគាំទ្រ លើកស្ទួយ និងរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នា!!!