ក្លឹប​អគ្គិសនី​ធ្វើ​បាន​ល្អ​នៅ​លីគ២ខ្សែ​បម្រើ​ ឃុន សេងថៃ ថា​មក​ពី​ចំណុច​ទាំង​នេះ

  • 2022-08-18 04:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​នៅ​ជម្រើសជើងឯក​លីគ២ឆ្នាំ​២០២២នេះ​ ក្លឹបបាល់ទាត់​អគ្គិសនី​​កម្ពុជាធ្វើ​បាន​ល្អ​ខ្លាំង ដោយ​មាន​៣៥​ពិន្ទុ​ក្រោយ​ឆ្លងកាត់​១៥​ប្រកួត​គិត​ត្រឹម​សប្ដាហ៍​ទី​១៥ តាម​ពី​ក្រោយ​ដោយ​កោះកុង​អេហ្វស៊ី និង​អាយ អេស អាយ ដង្កោរ​សែនជ័យ មាន​៣២​ពិន្ទុ​ដូច​គ្នា​។

កីឡាករ ឃុន សេងថៃ

ធ្វើ​បាន​ល្អ​ឈ្នះ១១ប្រកួត ចាញ់​២ប្រកួត និង​ស្មើ​២ប្រកួត​នេះ​ដែរ ខ្សែ​បម្រើ​ដ៏​លេចធ្លោប្រចាំ​ក្រុម​​អគ្គិសនី​កម្ពុជា​ ឃុន សេងថៃ បាន​ឱ្យ​ Sabay ដឹង​ថា​មក​ពី​មាន​ការ​ខំប្រឹងប្រែង និង​ជម្រុញ​លើក​ទឹក​ចិត្ត​ពី​ថ្នាក់​ដឹកនាំក្លឹប​ គ្រូ​បង្វឹក មិត្តរួម​ក្រុម​ និង​អ្នកគាំទ្រ។

អតីត​សមាជិក​យុវជន​របស់​ក្លឹប​បាល់ទាត់​បឹង​កេត បាន​ពន្យល់​ថា ៖«កត្តា​ដែលធ្វេីឱ្យ​ពួកយេីងធ្វេីបានល្អនោះមកពីគ្រូជម្រុញទឹកចិត្តនិងម្នាក់ៗខំប្រឹងប្រែងហ្វឹកហាត់ក៏ដូចជាពេលប្រកួតនិងការៀបចំក្រុមបានល្អទៀតនោះ ទេីបពួកយេីងធ្វេីបានលទ្ធផល​បែបនេះ»។

កំពុង​ដឹកនាំ​កំពូល​តារាង​លីគ២ ក្រុម​បាល់​ទាត់​ដឹក​នាំ​ដោយ​លោកគ្រូ​បង្គោល ទុំ សារ៉ាយ ដែល​គេ​ស្គាល់​ថាជា​អតីត​កីឡាករ​ដ៏ឆ្នើម​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ឡើង​ទៅ​កាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League បាន​វិញ​នៅ​រដូវកាល​ក្រោយ។ ទោះ​បី​ជា​យ៉ាងណា កីឡាករ​ដែល​ជា​សរសៃឈាម​ក្រុម ឃុន សេងថៃ មិនទាន់ជឿជាក់ខ្លាំងពេកទេពោល​គឺ​ត្រឹម ៥០/៥០ ព្រោះ​ជុំទីពីរនេះគេ​មេីលឃេីញថា ក្រុមដទៃ​ទៀត​រៀបចំបានល្អជាងជុំទីមួយ។ ដូច្នេះ​ហើយ​គេ​និង​ក្រុម​ទាំងមូលនឹងខិតខំប្រឹងប្រែងឱ្យ​បានល្អ​ ដេីម្បីឱ្យ​ក្រុមទទួលបាន​លទ្ធផល​ល្អនៅលីគ២នេះ។

គួរ​បញ្ជាក់​ថា មិន​ត្រឹម​តែ​ធ្វើ​បាន​ល្អ​នៅ​លីគ​២​ទេ ថ្មីៗនេះ​ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជាក៏​មាន​សមត្ថភាព​មិន​ធម្មតាដោយ​បាន​​ទម្លាក់​ក្រុម​លីគកំពូល​កម្ពុជាគិរីវង់សុខសែនជ័យឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្នុង​ពាន​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន ឆ្នាំ​២០២២​នេះ​ផង​ដែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី