ប៊ន ណារិទ្ធ ថា​ហ្វឹកហាត់​នៅ​ក្លឹប​និង​ជម្រើស​ជាតិ​គឺ​ពិបាក​ដូច​គ្នា

  • 2022-08-19 03:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប៉ះសេ​ដៃ​ទី​១​របស់​សមាគមន៍​បាល់ទះ​ក្រសួង​មហាផ្ទៃ ប៊ន ណារិទ្ធ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​កោះ​ហៅ​ឱ្យ​ចូល​រួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​​ ដើម្បី​ត្រៀម​ស៊ីហ្គេម​នៅ​កម្ពុជាឆ្នាំ​២០២៣​​។

កីឡាករ​ ប៊ន ណារិទ្ធ

មក​ទល់​នឹង​ពេល​នេះ​មាន​រយៈ​ពេល​មួយ​ខែ​ហើយ ​ដែល​គេ​​បាន​ចូល​រួម​ហ្វឹកហាត់។ ក្នុង​រយៈ​ពេល​នេះ​ ណារិទ្ធ បាន​ប្រាប់​ថា​គេ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ជា​ថ្មី។

នៅ​ពេល​សួរ​ថា​តើ​យល់​យ៉ាងណា​ដែរ​ចំពោះ​ការ​ហ្វឹកហាត់​​នៅ​ក្រុម​ជម្រើស​ជាតិ លំហាត់​ពិបាក​ទេ បើ​ធៀប​នឹង​ការ​ហ្វឹកហាត់​នៅ​ក្លឹប​ក្រសួង​មហាផ្ទៃ? កីឡាករ​មាន​ដើម​កំណើត​​មក​ពី​ខេត្ត​តាកែវ បាន​ទម្លាយ​ថា​ការហ្វឹកហាត់​មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ ពោល​គឺ​ពិបាក​ដូច​គ្នា និង​មាន​លំហាត់​ពិបាក​​ផ្សេងៗ​គ្នា។

ទោះ​បី​ជា​យ៉ាងណា​អ្នក​ប៉ះសេដ៏​​ឆ្នើម​ប្រចាំ​ក្លឹប​ក្រសួង​មហាផ្ទៃ អាច​ទ្រាំទ្រ​បាន​ ព្រោះ​ទាំង​អស់​នេះ​ជា​អ្វី​ដែល​កីឡាករ​គ្រប់​រូប​ចង់​បាន​។

ចំពោះ​ជំនឿ​ចិត្ត​ថា​នឹង​ជាប់​ក្នុង​ជម្រើស​បញ្ជី​ចុងក្រោយ​លេង​ស៊ីហ្គេម​​ឆ្នាំ​២០២៣ ណារិទ្ធ ថា​មិន​សូវ​ជា​មាន​សង្ឃឹម​ច្រើន​ឡើយ ដ្បិត​សមត្ថភាព​គេ​នៅ​មាន​កម្រិត ប៉ុន្តែ​គេ​នឹង​ខំប្រឹងប្រែង​តាម​ដែរ​អាច​ធ្វើ​ទៅ​បាន​។

នេះ​ជា​លើក​ទី​៣​ហើយ​នៅ​ក្នុង​អាជីព​ដែលកីឡាករ​ ប៊ន ណារិទ្ធ មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​បាល់​ទះ​កម្ពុជា ពោល​គឺ​ឆ្នាំ​២០១៨ ត្រៀម​​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០១៩ ត្រូវជម្រុះ​ចេញ និង​ឆ្នាំ​២០២២​នេះ ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣។

គួរ​បញ្ជាក់​ថា កីឡាករ​ផ្សេង​ទៀត​ដែល​​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​រួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​មាន​ មឿន ម៉េងឡាយ មក​ពី​ក្រសួង​មហាផ្ទៃ ខុម ហុងទ្រី មក​ពី​ក្រសួង​មហាផ្ទៃ មាស វាសនា មក​ពី​ក្រសួង​មហាផ្ទៃ, ឌឹន សុីដែន ស្មាត់​ស្ដាំ​មក​ពី​ស្នងការ​ខេត្ត​កំពង់​ចាម កីឡាករ​ ម៉ុន តារា ស្មាត់​ស្ដាំ​មក​ពី​ស្នងការ​ខេត្ត​តាកែវ កីឡាករ សេង គឹមហាប់ លីប្រូមក​ពី​ស្នងការ​ខេត្ត​សៀមរាប។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ច្បាស់​ការ​កីឡាករបី​រូប​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ​រួម​មាន ម៉ុន តារា, សេង គីមហាប់ និង មាស វាសនា កីឡាករ​របស់​ក្លឹប​ក្រសួង​មហាផ្ទៃ។ ចំពោះ​មូល​ហេតុ​ពួកគេ​រវល់​ការងារ​ផ្ទាល់​ មិន​អាច​ចូល​រួម​បាន​ឡើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ