ប្រុស​សង្ហា សុធារិទ្ធ និង​រចនា រ៉ាវឌី ដាក់​លុយ​ច្រើន​ម៉ឺនដុល្លារ​រក​ស៊ី​ជាមួយ​គ្នា​ហើយ

  • 2022-08-27 01:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ពីរ​ដួង គឺ​លោក ប៉ែន ភ័ក្ត្រ​សុធារិទ្ធ និង​កញ្ញា រចនា រ៉ាវឌី បាន​ដាក់​លុយរក​ស៊ី​ជាមួយ​គ្នាជា​ច្រើន​ម៉ឺន​ដុល្លារ​ក្រោយ​សេព​គប់​គ្នា​ច្រើន​ឆ្នាំ។

​តារា​សម្ដែង​ប្រុស​ស្រី​ទាំង​ពីរ បាន​សម្រេច​សហការ​គ្នា​ជា​លើក​ដំបូង​បំផុត​ក្នុង​ពាណិជ្ជកម្ម​ខាង​ផ្នែក​សំលៀក​បំពាក់ ក្នុង​អាជីវកម្ម​ដែល​មាន​ឈ្មោះ​ថា "TP Homme” ក្រោយ​ពេល​ម្នាក់​ៗ សុទ្ធ​តែ​មាន​ពិសោធន៍​រៀង​ខ្លួន​លើ​ជំនួញ​នេះ។

កញ្ញា រចនា រ៉ាវឌី បាន​ឲ្យ​ដឹង​ថា ក្រៅ​ពី​អាជីព​សិល្បៈ នាង​ក៏​ជា​អ្នក​រកស៊ី​ម្នាក់​ជា​យូរ​មក​ហើយ គ្រាន់​តែ​អ្វី​ដែល​មាន​កន្លង​មក មាន​ជា​លក្ខណៈ​អនឡាញ ទើប​តែ​ពេល​នេះ នាង​សម្រេច​ចិត្ត​បង្កើត​មាន​ទីតាំង ដែល​អតិថិជន​មួយ​ចំនួន​ទទូច​ចង់​មក​ហាង​នោះ។ ងាក​មក​កំលោះ​សង្ហា ប៉ែន ភ័ក្ត្រ​សុធារិទ្ធ វិញ​ក៏​ដូច​គ្នា។

តារា​ប្រុស ប្រាប់​ថា មុន​មក​ចាប់​ដៃ​ជាមួយ​ដៃគូ​ជាមួយ​តារា​ស្រី លោក​ក៏​មាន​អាជីវកម្ម​ផ្ទាល់​មុន​រួច​ហើយ ពាក់​ព័ន្ធ​នឹង​សំលៀកបំពាក់​នេះ​ដែរ​មាន​ឈ្មោះ​ថា "The Prince”។ ដោយ​មើល​ឃើញ​ទីផ្សារ ឃើញ​ឱកាស​លោក​បាន​ងាក​មក​ពង្រីក​អាជីវកម្ម​លំអាន​តែ​មួយ តែ​ឈ្មោះ​ថ្មី "TP Homme” ខាង​លើ។

ចំណុច​គួរ​កត់​សម្គាល់ នេះ​ជា​ការ​វិនិយោគ​ដ៏​កម្រ​របស់​តារា​ប្រុស និង​តារា​ស្រី។ ដូច្នេះ​សំណួរ​សួរ​ថា ពួក​គេ​មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា។ ជុំវិញ​បញ្ហា​នេះ ពួក​គេ​អះអាង​ថា មិន​មាន​ទំនាក់ទំនង​អ្វី​ពិសេស​នោះ​ទេ ក្រៅ​ពី​មិត្តភ័ក្ដិ។ រ៉ាវឌី ប្រាប់​ថា នាង និង​សុធារិទ្ធ គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់ ក្នុង​នោះ​បើ​ទោះ​នាង​ទើប​ចូល​សិល្បៈ​បាន​ប្រមាណ ៥ឆ្នាំ ប៉ុន្តែ​នាង និង​តារា​ប្រុស​ពិត​ជា​ជិត​ស្និទ្ធ​ខ្លាំង នោះ​ក៏​ព្រោះ​ថា ពួក​គេ​ជា​តារា​ក្នុង​ផលិតកម្ម សាស្ត្រា Film ជាមួយ​គ្នា និង​ថ្មី​ៗ​នេះ ទើប​នឹង​បាន​សម្ដែង​ភាពយន្ត​មួយ​រឿង​ជា​មួយ​គ្នា​ផង។

ដើម​ទុន​វិនិយោគ​ជា​ច្រើន​​ម៉ឺន​ដុល្លារ ត្រូវ​បាន​ដាក់​ទុន​រួម​គ្នា រវាង​ភាគទុនិក​៣នាក់​ក្នុង​នោះ​មាន តារា​ប្រុស​ស្រី​ទាំង​ពីរ និង​លោក ហុក វាសនា។ យ៉ាង​ណា ទុនវិនិយោគ​ពិត​ប្រាកដ មិន​ត្រូវ​បាន​ទម្លាយ​ចេញ​នោះ​ទេ។ កញ្ញា រចនា រ៉ាវឌី គ្រាន់​តែ​បង្ហើប​ថា ច្រើន។ "អឹម...និយាយ​ទៅ​គឺច្រើន គឺ​ក្រាស់ ក្រាស់​ខ្លាំង​ហ្មង ទោះ​ចែក​ជា​ពីរ​ក៏​វា​នៅ​តែ​ច្រើន​ដែរ។

អាជីវកម្ម​ថ្មី​របស់​តារា​ទាំង​ពីរ ត្រូវ​បាន​បើក​សម្ពោធ​ម្សិលមិញ ដោយ​មាន​មិត្ត​សិល្បៈ​ជា​ច្រើន​បាន​ចូល​រួម​អបអរ។ ហាង​ថ្មី​នេះ មាន​លក់​សំលៀក​បំពាក់​បុរសនារី​ប្រភេទ​ចូល​រួម​កម្មវិធី​នានា​ច្រើនម៉ូដ នាំ​ចូល​ពី ចិន ថៃ ហុងកុង ជា​ដើម។ ដោយ​សារ​ថា សុទ្ធ​តែ​មាន​ពិសោធន៍​រៀង​ខ្លួន ក៏​មាន​អ្នក​គាំទ្រ ក៏​ដូច​ជា​អតិថិជន​រៀង​ខ្លួន សុធារិទ្ធ និង រ៉ាវឌី អះអាង​ថា ពួក​គេ​មាន​សុទិដ្ឋិនិយម​ចំពោះ​អាជីវកម្ម​របស់​ពួក​គេ​ថា អាច​នឹងមាន​ផ្លែ​ផ្កា​ល្អ៕

អត្ថបទ៖ ទារិកា