ទឹក​មិន​ចេះ​ខូច ប៉ុន្តែទឹកសុទ្ធមានដាក់កាលបរិច្ឆេទកំណត់ព្រោះតែមូលហេតុដាច់ដោយឡែកមួយផ្សេង

  • 2022-09-06 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​នៃ​ដប​ទឹក​បរិសុទ្ធ​ រមែង​មាន​ការ​ដៅ​កាល​បរិច្ឆេទ​ថ្ងៃ​ផុត​កំណត់។ តើ​​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ទឹក​អាច​នឹង​​មាន​ថ្ងៃ​ផុត​កំណត់​ប្រើប្រាស់​ដែរ​ឬ?

ជា​ការ​ពិត​ណាស់ ទឹក​មិន​ចេះ​ខូច​គុណភាព​​​ទេ បើ​យើង​​​មិន​លាយ​ឡំ​វា​ជាមួយ​សារធាតុ​កង្វក់​ផ្សេងៗ​នោះ។ ប៉ុន្តែ​​​​​បើ​និយាយ​ដល់​ថ្ងៃ​ផុត​កំណត់​​នៅ​លើ​ដប​ទឹក​សុទ្ធ​គឺ​វា​​​ត្រូវ​បាន​កំណត់​ឡើង​ដោយសារ​មូលហេតុ​​ពិសេស​ផ្សឹង​ទៅ​វិញ។ ហេតុផល​ចម្បង​គឺ​ដោយសារ​​ច្បាប់​​​របស់​រដ្ឋាភិបាល។ ព្រោះ​ទឹក​ត្រូវ​ចាត់​ចូល​ជា​ប្រភេទ​អាហារ​ទទួល​ទាន​ផង​ដែរ​នោះ​ទើប​វា​ត្រូវ​តែ​មាន​ការ​ដាក់​​​កាល​បរិច្ឆេទ​ថ្ងៃ​ផុត​កំណត់​​​ដូច​​ប្រភេទ​អាហារ​ដទៃ។

មូលហេតុ​ពិសេស​មួយ​ទៀត​​គឺ​ថា ការ​កំណត់​នេះ​​គឺ​ដើម្បី​ដឹង​​គុណភាព​ដប​ទឹក មិន​មែន​ទឹក​នៅ​ក្នុង​ដប​ទេ។ ដប​ប្លាស្ទិក បើ​កាល​ណា​ដល់​ពេល​កំណត់​ផុត​កាល​បរិច្ឆេទ​ប្រើប្រាស់ វា​នឹង​លេច​ធ្លាយ​ចេញ​នូវ​សារធាតុ​គីមី​ចូល​ទៅ​ក្នុង​ទឹក​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​ខូច​គុណភាព និង​រសជាតិ​មិន​ល្អ។

ដោយ​ឡែក​មូលហេតុ​បន្ទាប់​បន្សំ​ទៀត​នៃ​​ការ​ដាក់​​​ថ្ងៃ​ផុត​កំណត់​​ដប​ទឹក​សុទ្ធ​​គឺ​ព្រោះ​​កត្តា​បច្ចេកទេស។ ភាគ​ច្រើន​នៃ​​ម៉ាស៊ីន​ផលិត​ដប​ទឹក​បរិសុទ្ធ​មាន​ដាក់​មក​ស្រាប់​នូវ​មុខងារ​កំណត់​កាល​បរិច្ឆេទ ព្រោះ​ម៉ាស៊ីន​ទាំង​នោះ​មិន​មែន​​អាច​ផលិតតែ​ដប​ទឹក​នោះ​ទេ គឺ​វា​អាច​ផលិត​​ផលិតផល​កំប៉ុង​ផ្សេង​ៗ​ទៀត​ ដែល​ទាមទារ​ឲ្យ​មាន​ការ​កំណត់​កាល​បរិច្ឆេទ​គុណភាព។ បន្ថែម​ពី​នេះ បើ​មាន​កា​ល​បរិច្ឆេទ​ត្រឹមត្រូវ នោះ​វា​ងាយស្រួល​សម្រាប់​ខាង​រោងចក្រ​ដើម្បី​ស្វែង​រក​ទំនិញ​មក​វិញ នៅ​ពេល​រក​ឃើញ​ថា​មាន​កំហុស​ឆ្គង​លើ​ផ្នែក​បច្ចេកទេស​ផលិត​ណា​មួយ៕