តើ ប៊ុត សីហា អាចឈរនៅលំដាប់ណា នៃសិល្បករជោគជ័យ?

  • 2022-09-14 01:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការវិលចូលសិល្បៈវិញរបស់ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ឆ្នាំ២០១៤ លោក ប៊ុត សីហា ត្រូវបានមហាជន ជាពិសេសមិត្ដសិល្បៈជជែកគ្នាយ៉ាងក្ដៅគគុក។ អ្វីដែលគេគេជែកគ្នាខ្លាំងនោះ គឺលក្ខណៈសម្បត្ដិរបស់លោក ខណៈអ្នកសិល្បៈជោគជ័យខ្មែរភាគច្រើនបានប្រកាន់យកទ្រឹស្ដីថា៖"ភាពស្មោះត្រង់ និងការគោរពពេលវេលាថត គឺត្រូវតែដើរមុនសមត្ថភាព”។

ចំពោះសមត្ថភាពចម្រៀង គេមិនដែលប្រកែកប្រណាំងថា ប៊ុត សីហា ធ្វើមិនកើត ឬធ្វើមិនបានល្អនោះទេ តែអ្វីដែលគេនៅបារម្ភត្រង់ថា សីហា បានទម្លាក់ចោលនូវទម្លាប់មិនគោរពពេលវេលាការងារ ដែលករណីនេះធ្លាប់ធ្វើឲ្យផលិតកម្មហង្សមាសខកចិត្ដ និងផ្ដាច់កុងត្រាច្រៀងទាំងដែលខ្លួនជាអ្នកជ្រោងកេរ្ដិ៍ឈ្មោះ ប៊ុត សីហា ឲ្យមហាជនបានស្គាល់ទូទាំងប្រទេស តាមរយៈកម្មវិធីលំដាប់ពិភពលោកមួយនេះ។

កាលពីឆ្នាំ២០១៨ ម្ចាស់ពានរូបនេះ ធ្លាប់មានរឿងអាស្រូវគ្រឿងញៀន ហើយផលិតករមួយចំនួន បានបាត់ទំនុកចិត្ដលើភាពស្មោះត្រង់ និងការមិនគោរពពេលវេលាថតរបស់លោក។ ប៉ុន្ដែបច្ចុប្បន្នដែល ប៊ុត សីហា កំពុងទទួលបានការជ្រោមជ្រែងខ្លះៗពីថៅកែហាងពេជ្រ ទ្រី ដាណា ស្រាប់តែចាងហ្វាងផលិតកម្ម Galaxy គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផ្ដល់ឱកាសឲ្យ ប៊ុត សីហា ជាថ្មីទៀត។

ទន្ទឹមនឹងការផ្ដល់ឱកាស អ្នកឧកញ៉ាក៏បានទម្លាយរឿងមិនល្អមួយរបស់ ប៊ុត សីហា ដែរ។ តាមពិតទៅកាលពីផលិតកម្ម Galaxy បើកដំណើរការដំបូង អ្នកឧកញ៉ាបានចាត់ឲ្យលោក យឹម តាស្រង់ ដែលកាលណោះលោកនៅជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម ដើម្បីទាក់ទងតារាចម្រៀងពីររូប គឺកញ្ញា តន់ ចន្ទសីម៉ា និងលោក ប៊ុត សីហា នេះឯង។ ប៉ុន្ដែ ប៊ុត សីហា បានធ្វើឲ្យផលិតកម្មខកចិត្ដ ដោយកាលណោះ ប៊ុត សីហា មិនបានមកជួបតាមការណាត់ ទើបខាងផលិតកម្មសម្រេចលែងជជែកចរចាអ្វីទៀត។

ដោយឡែកអតីតបេក្ខជនប្រឡងចម្រៀងក្នុងវិធី The voice Cambodia រដូវកាលទី១ ជាមួយគ្នាម្នាក់ ក៏បានប្រកាសតាមបណ្ដាញសង្គមរកមុខអ្នកដែលនិយាយថា ប៊ុត សីហា កែខ្លួនហើយ ដើម្បីលោកបង្ហាញធាតុពិតរបស់ ប៊ុត សីហា។ លោកថា ថ្មីៗនេះរូបលោកបានទូរស័ព្ទទៅ ប៊ុត សីហា ទម្រាំបានលើក និងនិយាយបបួលគ្នាថាទៅជួបអតីតមិត្ដប្រឡងរួមជំនាន់ គឺលោក រស់សេរី សុភា ដែលកំពុងមានជំងឺធ្ងន់នៅមន្ទីរពេទ្យ ដើម្បីផ្ដល់កម្លាំងចិត្ដ។ ប៉ុន្ដែដល់ថ្ងៃណាត់ ស្រាប់តែ ប៊ុត សីហា តេលែងលើក និងពេលខ្លះទូរស័ព្ទទៅចុចបិទតែម្ដង។

ទោះជាយ៉ាងណា ប៊ុត សីហា ក៏នៅមានអ្នកគាំទ្រ និងអ្នកចាំផ្ដល់ឱកាសឲ្យច្រើនដែរ។ សីហា បានទទួលយកកំហុសគ្រប់យ៉ាងដែលលោកធ្វើខុសកន្លងមក ហើយប្ដេជ្ញានិងខ្លួនឯងថា នឹងក្រោកឈរឡើងវិញក្នុងអាជីពចម្រៀង ខណៈដែលផលិតកម្មយក្សរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់ឱកាសឲ្យលោកជាថ្មី។ ប៉ុន្ដែគិតមកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងថា ប៊ុត សីហា បានចាប់យកឱកាសនេះ ឬនៅទេ៕

ជិន សុភ័ក្ដ្រ