ទាំងនេះហើយ គឺជាគោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅប្រទេសកម្ពុជា​

  • 2022-09-15 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាគឺដើម្បី សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោក​ទាំង​មូល​ ៖ ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់​សមត្ថ​ភាព​ដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។

បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជា​មា​គ៌ា​​ឆ្ពោះ​ទៅ​កាន់​​ពិភ​ពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាព​ផ្នែក​ភស្តុ​ភា​រ​​នៅក្នុង​ប្រទេសពិសេស ​ពីភ្នំពេញ​ទៅ​បណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស​។​

ពង្រឹង និងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា៖ ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុង​ការទទួល​បន្ទុ​ក​​យានយន្ត​ធ្ងន់ៗបម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (Phnom Penh-Sihanoukville Expressway) ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំង​ស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម​​។​ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ​ពី​ភ្នំពេញ​​​នៅចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន​រំលង ៣២១កន្លែង កន្លែង​ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ​ចនា​សម្ព័ន្ធសំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។ ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤៨ ខែ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។

ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ ផងដែរ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិតក្នុង ដំណាក់កាលពិភាក្សាលើតម្លៃនៃគម្រោង និងប្រភពថវិកា៕