ស្ថិតក្នុងថ្ងៃខួប ១៤ឆ្នាំនៃការចូលសិល្បៈ IU ឆ្លៀតបរិច្ចាគទឹកប្រាក់ដ៏ច្រើនជួយអង្គការសប្បុរសធម៌

  • 2022-09-19 03:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ គឺជាគម្រប់ខួប ១៤ឆ្នាំ នៃការ​ចូលសិល្បៈរបស់ IU ហើយស្ថិតក្នុងឱកាសដ៏មាន​ន័យ​នេះ​ នាង​មិនឲ្យរំលងទៅដោយងាយៗទេ ដោយ​បាន​បរិច្ចាគថវិកាផ្ទាល់ចំនួន ២០០ លានវ៉ុន (ខ្ទង់ ១៤៤ ០០០ដុល្លារ) ជូនដល់អង្គការសប្បុរសធម៌។

យោងតាមផលិតកម្ម EDAM បាន​ឲ្យដឹង​ថា​ តារា​ស្រី​រូបនេះ​ បាន​ប្រើឈ្មោះ "IU​aena” (ពាក្យបញ្ចូលគ្នារវាង IU និងឈ្មោះក្រុមអ្នកគាំទ្ររបស់នាងគឹ Unaena) ដើម្បីបរិច្ចាគទឹកប្រាក់ចំនួន ១០០លានវ៉ុន (ខ្ទង់ ៧២ ០០០ដុល្លារ) ទៅដល់មូលនិធិ Asian Social Welfare Foundation និង ១០០លានវ៉ុនទៀត ជូន​ដល់ សមាគម Seoul Metropolitan Child Welfare Association

ទឹកប្រាក់ដែល​បាន​ប្រគល់ជូន មូលនិធិ Asian Social Welfare Foundation នឹងត្រូវ​ប្រើប្រាស់ ដើម្បីចំណាយលើការព្យាបាលជំងឺមហារីកសម្រាប់ស្ត្រី និងកុមារដែលជួបបញ្ហា​លំបាកក្នុង​ផ្នែកហិរញ្ញវត្ថុ ខណៈ​ការឧបត្ថម្ភជូនទៅកាន់ សមាគម Seoul Metropolitan Child Welfare Association នឹង​ជាផ្នែក​មួយជួយគាំទ្រ​ដល់យុវជន សម្រាប់ដោះស្រាយបញ្ហាហិរញ្ញវត្ថុ។

IU បាន​លើកឡើងថា៖ «ជាមួយនឹង​ Uaena អ្នកដែល​ផ្ដល់នូវអព្ភូតហេតុអស្ចារ្យទាំងតូចទាំងធំ មកឲ្យខ្ញុំ រយៈពេល ១៥ឆ្នាំ​មក​នេះ ខ្ញុំ​សូម​ចែករំលែកនូវភាពកក់ក្ដៅម្ដងទៀតនៅ​ឆ្នាំ​នេះ ជាមួយនឹង​បេះដូងពេញទៅដោយការអរគុណ។»

បន្តទៀត តារាស្រីរូបនេះ​ក៏បាន​ បង្ហាញ​ក្ដីសង្ឃឹមថា៖ «ខ្ញុំ​សង្ឃឹម​ថា​ បេះដូងរបស់ពួកយើង នឹងរួមគ្នានាំយកនូវអព្ភូតហេតុអស្ចារ្យតូចៗផ្សេងទៀតទៅកាន់អ្នកណា​ម្នាក់។ គ្រប់ពេល​ដែល​ខ្ញុំ​អាច​ចំណាយពេល​ជាមួយនឹង​ Uaena ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ គឺ​ជា “ម៉ោងមាស” របស់​ខ្ញុំ។ អគុណខ្លាំង​ណាស់ ហើយខ្ញុំពិតជា​ស្រឡាញ់ង្នក​ទាំងអស់គ្នាបំផុត»។

ជាមួយគ្នា​នេះ​ដែរ IU ទើបតែ​បាន​បញ្ចប់​ការ​ប្រគំតន្ត្រីខ្នាតយក្ស ដែល​មាន​អ្នកចូលទស្សនាក្នុងមួយថ្ងៃៗ រាប់ម៉ឺននាក់ឯណោះ។ ការប្រគំតន្ត្រីនេះ​ដែរ បាន​ធ្វើឲ្យ IU ក្លាយជាតារា​ទោលនារីកូរ៉េដំបូង ដែល​កាន់កាប់ព្រឹត្តិការណ៍អស្ចារ្យនេះ ដល់ទៅ ២ ថ្ងៃ (ថ្ងៃទី១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២) ក្នុងពហុកីឡដ្ឋាន Jamsil ដែលជាទីតាំងដ៏ធំ។ ពេល​វេលាពិសេសៗជា​ច្រើនៗផ្សេងទៀត នាងក៏បាន​បង្កើតជូនជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានជូនដល់អ្នកគាំទ្រ ហើយបំពេញចិត្តគ្រប់គ្នាជាទីពេញចិត្តបំផុត៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី