យុវតី​ស្រស់​ស្អាត​១រូប បង្ហើរ​សំនៀង​ស្រួយស្រេះ ច្រៀង​រៀបរាប់​ពី​វត្ត​ក្នុង​ភូមិ​ស្រុក​ខ្លួន កំពុង​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម

  • 2022-09-21 08:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​១បទ​ពីរោះគ្រលួច បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម ហើយ​បាន និង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ ខណៈ​បទ​នោះ ច្រៀង​ដោយ​យុវតី​ស្រស់​ស្អាត​១​រូប រៀបរាប់​ពី​វត្ត​អារាម​មួយ​ស្ថិត​ក្នុង​ភូមិ​ស្រុក​ខ្លួន​ឯង។

បទ​ចម្រៀង​មាន​ចំណង​ជើង​ថា "ផ្លូវ​ទៅ​វត្ត​អង្គ​ប្រិយ៍" យក​បទ​ភ្លៀង​លំនាំ​បទ "ផ្លូវ​ណា​ទៅ​ផ្ទះ​ម៉ែ​ក្មេក" ។ ចម្រៀង​នេះ ជាស្នាដៃនិពន្ធរបស់​ព្រះតេជគុណ សច្ចភាណកោ សែម សុភា ជាព្រះចៅអធិការវត្តធម្មនិមិត្តអង្គប្រិយ៍ នៅខេត្តតាកែវ​តែ​ម្ដង ដែល​ព្រះតេជគុណ មាន​បំណង​​ផ្សព្វផ្សាយពី​សក្ដានុពល​ទីវត្ត​អារាម​ខាង​លើ ទៅ​កាន់​ញាតិញោមពុទ្ធបរិស័ទ​ជិត​ទាំង​ឡាយ។

ព្រះតេជគុណ សែម សុភា មានសង្ឃដីកាថា៖ “បទចម្រៀង MV ដែលអាត្មាផ្ដួចផ្ដើមនិពន្ធ និងសហការផលិតនេះ ធ្វើឡើងក្នុងគោលបំណង ជំរុញឱ្យពុទ្ធបរិស័ទ ញាតិមិត្តព្រះធម៌ពីទីជិតឆ្ងាយ ជាពិសេសក្មួយៗយុវវ័យ បានស្គាល់វត្តអង្គប្រិយ៍កាន់តែច្រើន នាអំឡុងរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ”។

ព្រះតេជគុណ មានសង្ឃដីកាបន្ថែមថា ក្រៅពីចង់បំផុសពីទីតាំងវត្តអង្គប្រីយ៍ហើយនោះ ចម្រៀងមួយបទនេះ ក៏ចង់ផ្ញើជូនញាតិញោមក្នុងឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក៏ដូចជា ញាតិញោមពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស បានកម្សាន្តអារម្មណ៍​ផង នារដូវបុណ្យភ្ជុំនេះផងដែរ។ MV “ផ្លូវទៅវត្តអង្គប្រីយ៍” សម្ដែង និងច្រៀង ដោយ យុវតី ភេម ស្រីនាថ ក្រុមការងារយុវជនមួយក្រុម​ក្នុង​តំបន់។

ដោយ​ឡែក វត្តធម្មនិម្មិតអង្គប្រីយ៍ ហៅវត្តអង្គប្រីយ៍ មានទីតាំងស្ថិតនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ បច្ចុប្បន្ន ទីអារាមមួយនេះ កំពុងទទួលការចាប់​អារម្មណ៍ និងជាទីជ្រះថ្លាយ៉ាងខ្លាំង ពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ អញ្ជើញមកធ្វើបុណ្យ៕

អត្ថបទ៖ ទារិកា