XPeng G9 ឡានអគ្គិសនីចិន សាកត្រឹម ៥នាទី ជិះបាន ២០០គ.ម ឯកម្លាំងជាង ៥០០សេះ
- 2022-09-22 03:32:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
XPeng G9 ឡានអគ្គិសនីចិន សាកត្រឹម ៥នាទី ជិះបាន ២០០គ.ម ឯកម្លាំងជាង ៥០០សេះ
ចន្លោះមិនឃើញ
Xpeng គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនមួយ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយថ្មីៗនេះទើបតែបានប្រកាសចេញ រថយន្តថ្មីមួយម៉ូដែលទៀត ហៅថា G9។
រថយន្តអគ្គិសនី XPeng G9 ថ្មីនេះ មានទាំងជម្រើសប្រើប៉ុង១ និង ជម្រើសប្រើប៉ុង២។ សម្រាប់ប្រភេទប្រើប៉ុងក្រោយ១ និងម៉ូទ័រអគ្គិសនី១ មានកម្លាំង ៣០៨សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៤វិនាទី ហើយមានល្បឿនអតិបរមា ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានជម្រើសអាគុយចំនួន ២ ប្រភេទ គឺ Standard ផ្តល់ចម្ងាយបើកបរ ៥៧០គីឡូម៉ែត្រ និង Long Range ផ្តល់ចម្ងាយបើកបរសរុប ៧០២គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង។
ចំពោះអ្នកដែលចង់បាន Performance ខ្លាំង អាចជ្រើសរើសយកប្រភេទ ប្រើប៉ុង២ និង ម៉ូទ័រអគ្គិសនី ដែលមានកម្លាំងសរុបដល់ ៥៤៣សេះ និងកម្លាំងរមួល ៧១៧ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៩វិនាទី ហើយអាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
បើនិយាយពីការសាកភ្លើងវិញ រថយន្ត XPeng G9 ប្រើបច្ចេកវិទ្យា 800V Charging Technology ធ្វើឲ្យវាជាប់ឈ្មោះជា «រថយន្ត SUV ដែលសាកភ្លើងលឿនបំផុតលើពិភពលោក»។ បើតាមការអះអាងពីក្រុមហ៊ុន បានឲ្យដឹងថា បើសាកតាមស្ថានីយ៍ Supercharging Stations កម្លាំង ៤៨០គីឡូវ៉ាត់ ត្រឹម ៥នាទី គឺអាចជិះបានដល់ ២០០គីឡូម៉ែត្រឯណោះ។
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ រថយន្ត SUV អគ្គិសនីនេះបំពាក់កុងទ័រឌីជីថលតូចមួយ ប៉ុន្តែប្រើអេក្រង់កម្សាន្តទ្រវែង ទំហំសរុប ៣០អ៊ីញ ដែលលាតពីតាបឡូផ្នែកកណ្តាលដល់កន្លែងអ្នកដំណើរខាងមុខ។ ក្នុងនោះវាគាំទ្រការបញ្ជាដោយសំឡេង និង ការគ្រប់គ្រងលើមុខងារជាង ៦០០មុខលើរថយន្ត អមដោយប្រព័ន្ធសំឡេងដែលមាន Speaker សរុប ២៨គ្រាប់ទៀតផង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រថយន្ត XPeng G9 មានបំពាក់ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ជំនាន់ទី២ ក៏ដូចជា សេនស័រចំនួន ៣១គ្រាប់, កាមេរ៉ាមុខ និង សេនស័រ LiDAR ២គ្រាប់ ផងដែឬ។ វានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៤៣,០០០ដុល្លារ ដល់ ៦៦,០០០ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន៕