លីម តិចម៉េង៖ «រាល់ថ្ងៃនេះខ្ញុំគ្មានអីទេ មានតែរបស់ ៣ យ៉ាងប៉ុណ្ណោះជាប់ខ្លួន...»

  • 2022-09-27 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លៀតពេលទំនេរពីការងារ ម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ តែងចំណាយវេលានៅជិតជាមួយនឹង​អ្នកគាំទ្ររបស់ខ្លួន។ ដូចកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោកបានបើកការ Live ជជែកកម្សាន្តជាមួយនឹង Fan ព្រមទាំងឆ្លៀតប្រាប់ពីស្ថានភាពខ្លួនខ្លះៗផងដែរ។

ដូចប្រិយមិត្តមួយចំនួនបានជ្រាបស្រាប់ហើយថា ក្រោយពេល​បញ្ចប់ការប្រកួត Cambodian Idol រដូវកាលទី ៤ ដោយជោគជ័យហើយ លីម តិចម៉េង ពិតជា​រវល់ខ្លាំង​បំផុត សឹងរកពេល​សម្រាកគ្មាន ដោយត្រូវ​ថត MV បទថ្មីទោលផ្ទាល់ខ្លួន ដល់ទៅ ២ បទ ហើយនៅ​មាន​ចូលរួមកម្មវីធីជា​ច្រើន ទាំងក្នុងទីក្រុងភ្នំពេញ និង​តាមបណ្ដាខេត្តនានា។

ចំជាមានឱកាសអាច​ឆ្លៀតពេល​ទំនេរបាន តិចម៉េង ក៏បានបើកការ Live ជជែក​កម្សាន្តជាមួយនឹង​អ្នកគាំទ្រ និង​លើកហេតុផលជាក់ស្ដែង ថាដោយសារសព្វថ្ងៃលោកពិតជា​រវល់មែន ទើប​មិនសូវជា​មាន​ពេល​ បាន​ចូល​លេងជាមួយនឹង​គ្រប់គ្នាក្នុង Group Telegram មិនសូវបាន​ចូលតបឆាតផ្ទាល់ជាមួយនឹង​គ្រប់គ្នា ឬ Update Post ផ្សេងៗលើ Facebook Page, Instagram, TikTok ជាដើម ប៉ុន្តែនៅពេលណា​ដែលលោកឆ្លៀតបាន លោក​ព្យាយាមតបតាមដែលអាចធ្វើបាន។

អ្វី​ដែល​សំខាន់ អ្នកចូលមើល Live របស់កូនប្រុសអ្នកកំពង់ចាមរូបនេះ នៅបាន​កត់ចំណាំ ពាក្យមួយឃ្លារបស់លោក ដោយលោកបាន​សង្កត់ន័យថា៖ «អរគុណបងប្អូនជារួម អ្នកគាំទ្រតាំងពីដើមរហូតដល់ឥឡូវ! ហើយក៏សូមផ្ដាំបងប្អូន ដដែលជាដដែលថា បងប្អូន! នៅលើឆាកបងប្អូនទុកខ្ញុំជា Idol តែនៅក្រៅឆាក គឺខ្ញុំជាបង ជាប្អូន កូនចៅនៃក្រុមគ្រួសារបងប្អូនទាំងអស់គ្នាម្នាក់! ហើយខ្ញុំអត់មានអីទេបងប្អូន អត់មានអីទេ (ទី១) រាល់ថ្ងៃនេះ​ គឺខ្ញុំមានតែឈ្មោះជាអ្នកចម្រៀងនៅក្នុងប្រទេសរបស់យើង (ទី២) ខ្ញុំមានត្រឹមតែឈ្មោះជាមនុស្សរបស់មហាជន មនុស្សរបស់បងប្អូនទាំងអស់គ្នា (ទី៣) ខ្ញុំមានតែកិត្តិយស ជូនដល់ក្រុមគ្រួសារ​និងសង្គមជាតិរបស់ខ្ញុំទេ។ ក្រៅពីហ្នឹងគឺខ្ញុំគ្មានអីទេបងប្អូន គឺខ្ញុំដូចបងប្អូនទាំងអស់គ្នាអ៊ីចឹង គេងលើគ្រែតែមួយ ហូបបាយ ៣ពេល ធ្វើការដើម្បីរកចំណូល ដូចបងប្អូនទាំងអស់គ្នាអ៊ីចឹង អត់ខុសគ្នាទេបងប្អូន»

អត្ថបទ៖ ធារី