មុនមកដល់ចំណុចសព្វថ្ងៃ សម្ដេចតេជោ ចាកចេញពីផ្ទះ មានប្រាក់ជាប់ខ្លួនតែ ១២រៀលគត់
- 2022-09-28 10:58:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនមកដល់ចំណុចសព្វថ្ងៃ សម្ដេចតេជោ ចាកចេញពីផ្ទះ មានប្រាក់ជាប់ខ្លួនតែ ១២រៀលគត់
ចន្លោះមិនឃើញ
ដំណើររឿងនៃឆាកជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ពេលចាកចេញពីស្រុកកំណើត ត្រូវបានលាតត្រដាង ថានៅពេលនោះ សម្ដេចដែលមានវ័យត្រឹមជាង១០ឆ្នាំ ចាកចេញពីផ្ទះមកជាមួយលុយត្រឹមតែ ១២រៀលគត់។
សាច់រឿងនេះ ត្រូវបានលាតត្រដាងតាមរយៈភាពយន្តចម្រៀងជីវិតពិតរបស់សម្ដេចរឿង "ជីវិតក្មេងវត្ត" ដែលត្រូវបើកសម្ពោធនៅព្រឹកថ្ងៃនេះ។ តាមប្រវត្តិដែលបានរៀបរាប់នៅក្នុងសាច់រឿង សម្ដេច បានប្រសូតនៅក្នុងគ្រួសារក្រីក្រមួយក្នុងខេត្តកំពង់ចាម។ កុមារា ប៊ុនណាស់ ដែលជាឈ្មោះកំណើតរបស់សម្ដេច បានចាប់កំណើតនៅថ្ងៃអង្គារ ត្រូវនឹងថ្ងៃពេញបូរមី ឆ្នាំរោង ១៩៥២។
វ័យវិវត្តដល់ខ្ទង់ ១០ឆ្នាំជាង កុមារ ប៊ុនណាល់ ត្រូវឪពុកម្ដាយសម្រេចចិត្តឲ្យចាកចេញពីផ្ទះទាំងបង្ខំមកបន្តការសិក្សាវិទ្យាល័យនៅរាជធានីភ្នំពេញ ដោយសារនៅស្រុកកំណើតមិនមានសាលាកម្រិតវិទ្យាល័យ។ វេលានោះ អ្នកមានគុណដ៏ក្រខ្សត់ បានផ្ដល់ជូន ប៊ុនណាល់ នូវប្រាក់ ១២រៀលគត់ សម្រាប់កំដរកុមារាតូច មកផ្សងព្រេងនៅរាជធានី។
ប៊ុនណាល់ បានមកស្នាក់នៅវត្តនាគវ័ន្ត ជាមួយព្រះសង្ឃមួយអង្គដើម្បីបន្តការសិក្សា។ អំឡុងពេលសិក្សា ប៊ុនណាល់ បានរងការមើលងាយ មើលថោកពីក្រុមកូនមន្ត្រីធំៗ ដោយសារតែខ្លួនក្រខ្សត់ ឋានៈតូចទាប។ យ៉ាងណា ដោយការអត់ធ្មត់ ព្យាយាមសិក្សា ប៊ុនណាល់ បានរកឃើញពន្លឺជីវិតដ៏ត្រចះត្រចង់ ក្នុងនាមជាអ្នកដឹកនាំប្រទេស។
ដោយធ្លាប់ជាអ្នកផ្ញើខ្លួនក្នុងវត្ត ជួបរឿងរ៉ាវជាច្រើន សម្ដេចបានតែងបទចម្រៀង "ជីវិតក្មេងវត្ត" និងពេលនេះ ត្រូវបានផលិតចេញជាភាពយន្តចម្រៀងរយៈពេល ៣០នាទី។ រឿងនេះ បានចំណាយការផលិតអស់ប្រមាណ ១២ម៉ឺនដុល្លារអាមេរិក។ ផលិតករក្នុងរឿងនេះ មានជំទាវ ចន ច័ន្ទលក្ខិណា ឧកញ៉ា ហេង ឡុង និងឧកញ៉ា អ៊ឹង លីហៀង ដឹកនាំដោយលោក ហ្វៃ សំអាង។
តួសម្ដែងក្នុងរឿងនេះ រួមមាន លោក ប៉ាន់ ខែមម៉ានូ, កុមារា អោក ឧត្តម, លោក ឆឹម សក្កដា, កញ្ញា ដួង ហ្សូរីដា, លោកស្រី ឌី សាវ៉េត, ជំទាវ ចន ចន្ទលក្ខិណា, លោក ម៉េង ប៊ុនឡូ លោក ពៅ ពិសិដ្ឋ, កញ្ញា នីតា វរវង្ស, និងកញ្ញា ប៉ូគឹមថេង សុធីតា ជាដើម។ រឿងនេះនឹងមានបញ្ចាំងនៅលើទំព័រហ្វេសប៊ុកសម្ដេច និងស្ថានីយទូរទស្សន៍ក្នុងស្រុកជាច្រើន។
ភាពយន្តចម្រៀង "ជីវិតក្មេងវត្ត" បើកសម្ពោធ ក្រោមអធិបតី លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងភ្ញៀវកិត្តិយសជាសិល្បករ យុវជន ស.ស.យ.ក មន្ត្រីក្រសួងដែនដី និងនគររូបនីយកម្ម លោក ឧកញ៉ា អ្នកឧកញ៉ា ប្រមាណជាង ២ ០០០នាក់៕