ប៉ូ គីមថេងសុទ្ធធីតា និយាយពីពេលឈានទៅរកការគិតខ្លី និងជីវិតកាលទៅបួស

  • 2022-10-06 03:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូ គីមថេងសុទ្ធធីតា គឺជាអតីត Miss Grand Cambodia ឆ្នាំ ២០២១ ដែល​បាន​នាំកម្ពុជាឡើងលើឆាកអន្តរជាតិ ពិសេស​មានសមត្ថភាពឈាន​ដល់វគ្គ Top 10។ ប្រជាជន​កម្ពុជានៅ​មិនទាន់​ភ្លេចឡើយ នូវភាពក្លាហាដែល​នាង​បាន​បង្ហាញ​ពេលនោះ និងចងចាំមក​ដល់បច្ចុប្បន្ន។

ទោះជាយ៉ាងណា ក្រោយឈាន​ជើង​ចូលពិភពត្រចះត្រចង់ ឬក្លាយជាមនុស្សរបស់មហាជន ធីតា ពិតជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើនមក​ទន្ទឹមនឹង​ភាពជោគជ័យ។ ស្របពេលខ្លួនជា​មនុស្សគិតច្រើនស្រាប់ ដូច្នេះ​វាពិបាក​ណាស់ក្នុងការឲ្យនាងសម្រួល​ចិត្ត តាំងអារម្មណ៍ឲ្យស្ងប់។

ពិតណាស់ អារម្មណ៍មិនស្រណុកក្នុងចិត្ត និងរឿងរ៉ាវជា​ច្រើនបាន​ធ្វើទុក្ខបុកម្នេញនាង រហូតដល់ពេល​មួយដែល នាងត្រូវធ្លាក់ខ្លួនក្លាយជាជនរងគ្រោះពី «សម្ពាធផ្លូវចិត្ត»ធីតា បាន​រ៉ាយរ៉ាប់ពីពេលវេលាដ៏ខ្មៅងងឹតនោះថា៖ «ដូចគេអន្ទងយើង ចង់ឲ្យយើងគិតខ្លី… ឧទាហរណ៍ថានៅពេល​យើងចង់ Relax នៅលើភ្នំ បែរជាមានអារម្មណ៍មួយអន្ទងយើង ចង់ឲ្យយើងនៅកន្លែងហ្នឹង ឬក៏របៀបគេហៅយើងឲ្យទៅនៅជាមួយគេ...នៅពេល​ដែលរាសីយើងធ្លាក់ខ្លាំង! តែក៏មានអ្នកជួយទាន់ (មិត្តភ័ក្តិ) ប៉ុន្តែបើខ្ញុំនៅម្នាក់ឯង ខ្ញុំអាចនឹងគិតខ្លីមែន»

ក្រោយជួបបទពិសោធព្យុះភ្លៀងហូរហែ អតីត Miss Grand Cambodia ឆ្នាំ ២០២២ បានខិតខំជម្នះមានបរាជ័យ និងជោគជ័យ លាយឡំគ្នា ប៉ុន្តែអរគុណដល់ការតាំងចិត្តទើបនាងអាចឈរមកដល់ថ្ងៃនេះ។ ប៉ុន្តែនាងក៏បានជួយជាដំបូន្មានដល់អ្នកដែលរងសម្ពាធទាំងឡាយ នៅពេល​អារម្មណ៍អូសទាញទៅឲ្យគិតខ្លី សុំគិតដល់អ្នកផ្ទះមុនគេ ឬមនុស្សជា​ទីស្រឡាញ់ផ្សេងទៀត ព្រោះ​ពួកគេគឺជាអ្នកដែល​តែងចង់ឃើញយើងល្អ និងចង់ឃើញយើងសប្បាយចិត្ត ពិសេស​គិតដល់ពេលដែលយើងប្រឹងប្រែងពីមុន។

រហូត​ដល់ពេល​មួយ នាង​បាន​គិតថា នៅថ្ងៃណា​មួយដែល​នាង​រសាយពីការងារ នាង​នឹង​ទៅបួស ស្លៀកស ពាក់ស ហូបបួស រស់នៅជាមួយព្រះធម៌ ដើម្បីជម្រះរឿងមិនល្អចេញឲ្យស្រឡះពីខ្លួន។

ទាក់ទងនឹងការបួសវិញ គឺ ធីតា ចំណាយពេល ១សប្ដាហ៍ ដោយនាង​បាន​លើកឡើងក្នុង​កម្មវិធី Vtalk Confession ថា៖

- ទម្លាប់ជាប្រចាំ គឺស្ដាប់ធម៌អប់រំចិត្តដដែល

- ចំពោះការញ៉ាំ គឺឈប់ញ៉ាំចាប់ពីម៉ោង ៥ល្ងាចទៅ ហើយនាង​មិនប៉ះពាល់សាច់ទេ ដោយញ៉ាំតែបន្លែសុទ្ធ

- តែងសមាធិ ដកដង្ហើមចេញចូល (ដ្បិតដំបូងៗ នាង​ស្ពឹកខ្លួន តែនៅពេលព្យាយាមគិតរឿងវិជ្ជមាន អារម្មណ៍ស្ពឹកក៏អស់រលីង រហូតពេលខ្លះលែងឃ្លានបាយ)

- បិទទូរស័ព្ទ និងចាកចេញពីបណ្ដាញសង្គម (បើបើក គឹនៅពេលដែលមានការសំខាន់ ឬតបសារគ្រួសារកុំឲ្យបារម្ភពីសុខទុក្ខ)

នៅពេល​នេះ ធីតា កាន់តែមានភាពចាស់ទុំ និងរឹងមាំជាងមុន ទោះបីជា​ត្រូវទ្រាំទូលទុក្ខតែឯង ប៉ុន្តែនាង​តែងបង្ហាញតែភាពរីករាយ និងគិតដល់ម្ដាយឪពុកជានិច្ច។ នាងនៅបាន​បន្ថែម​ថា នៅពេល​ណាដែលត្រូវជួបរឿងអ្វី នាងនឹង​ដោះស្រាយម្ដងមួយៗ និងតស៊ូ ជម្នះជាដរាប ឯបញ្ហាផ្លូវចិត្ត នាងព្យាយាមស្ដារបន្តិចម្ដងៗ ដើម្បីឲ្យមានភាពប្រសើរជាងមុន៕

អត្ថបទ៖ ធារី

អត្ថបទថ្មី