រដូវកាលទឹកជំនន់ មកដឹងពីវិធីសង្គ្រោះបឋមដល់អ្នកលង់ទឹក ដែលគ្រប់គ្នាគួរចេះ
- 2022-10-13 01:45:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដូវកាលទឹកជំនន់ មកដឹងពីវិធីសង្គ្រោះបឋមដល់អ្នកលង់ទឹក ដែលគ្រប់គ្នាគួរចេះ
ចន្លោះមិនឃើញ
ការសង្រ្គោះបឋម ជាចំណេះដឹង ដែលគ្រប់គ្នាត្រូវយល់ដឹង ព្រោះការជួយសង្រ្គោះខុស អាចធ្វើឲ្យស្ថានភាពជនរងគ្រោះកាន់តែធ្ងន់ធ្ងរ។ ខាងក្រោមនេះ ជារបៀបសង្រ្គោះបឋម ចំពោះអ្នកលង់ទឹក ដែលចែករំលែកដោយទំព័រហ្វេសប៊ុក Medical Students in Cambodia។
សូមអានទាំងស្រុង ដូចខាងក្រោម៖
មនុស្សដែលឈប់ដកដង្ហើម ឬបេះដូងឈប់លោត អាចបន្តររស់បានតែ ៣-៤នាទីប៉ុណ្ណោះ ដូច្នេះការសង្រ្គោះត្រូវធ្វើភ្លាមៗ។ អ្នកត្រូវតែជួយឲ្យបានឆាប់រហ័សបំផុត។
ចាប់ផ្ដើមការផ្លុំដង្ហើមតាមមាត់ទល់មាត់ភ្លាម បើអាចធ្វើបាន ត្រូវធ្វើមុនពេលស្រង់អ្នកលង់ទឹកចេញពីទឹក នៅពេលមានកន្លែងទឹករាក់ល្មមដែលអាចឈរបាន។
បើអ្នកពុំអាចផ្លុំខ្យល់ចូលក្នុងសួតគាត់មុនចេញផុតពីទឹកបានទេ នោះនៅពេលមកដល់ច្រាំង ត្រូវប្រញាប់ដាក់គាត់ដេកនៅទីរាបស្មើ ហើយចាប់ផ្តើមសង្កត់ទៅលើទ្រូង ៣០ដង ហើយផ្លំុខ្យល់ចូលតាមមាត់ ២ដង។ ធ្វើបែបនេះរហូតជនរងគ្រោះមានដង្ហើម ឬ/និង ជីពចរ ឡើងវិញ ឬរហូតមានអន្តរាគមន៍។
របៀបសង្រ្គោះ
១. ត្រូវអង្រួន និងហៅជនរងគ្រោះ ដើម្បីដឹងថាគាត់នៅដឹងខ្លួនឬអត់
២. ដាក់ត្រចៀកក្បែរមាត់ ច្រមុះរបស់គាត់ ថាតើមានការដកដង្ហើមឬអត់ ហើយមានអ្វីស្ទះឬអត់ បើមានត្រូវយកចេញ
៣. បើគ្មានដង្ហើម គឺត្រូវធ្វើការសង្កត់ទ្រូងភ្លាមៗ ដើម្បីបានឈាមទៅដល់ខួរក្បាល (សង្កត់៣០ដង ផ្លុំខ្យល់២ដង សម្រាប់មនុស្សធំ ហើយសង្កត់ ១៥ដង ផ្លុំ២ដង សម្រាប់កូនក្មេង)។ ការសង្កត់មិនត្រូវខ្លាចគាត់ឈឺនោះទេ គឺសង្កត់ជម្រៅប្រហែល៥ស.ម ហើយចង្វាក់ត្រូវឲ្យបាន ១០០ដងក្នុង១នាទី។ ចំណាំ៖ មិនត្រូវបង្អង់ការសង្កត់រហូតដល់លើស ១០វិនាទីនោះទេ គឺត្រូវតែសង្កត់រហូតដល់គាត់មានចលនា រឺមានឡានពេទ្យមកដល់។ ប្រសិនបើមានអ្នកដូរ គឺត្រូវដូរបើយើងអស់កម្លាំង។ ចំពោះការផ្លុំខ្យល់គឺត្រូវភ្ងើយចង្ការគាត់ឲ្យងើយ ដើម្បីផ្លូវដង្ហើមបើកបានល្អ។
៤. ត្រូវចាំថា បើយើងមិនជួយគាត់ភ្លាមៗទេ គឺគាត់ស្លាប់ ព្រោះបើបេះដូងមិនកន្ត្រាក់ច្របាច់ឈាមទៅខួរក្បាលត្រឹម៣ទៅ៤នាទី គឺខួរក្បាលនឹងស្លាប់។ ដូចនេះការសង្កត់ទ្រូង គឺធ្វើដើម្បីបានឈាមទៅដល់ខួរក្បាល៕