វ៉ាង ស្រីណូ លេងខ្លាំងហើយ ទុកពេល៤៨ម៉ោងឲ្យបុរសម្នាក់ចេញមកបកស្រាយការពិត
- 2022-10-12 04:10:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាង ស្រីណូ លេងខ្លាំងហើយ ទុកពេល៤៨ម៉ោងឲ្យបុរសម្នាក់ចេញមកបកស្រាយការពិត
ចន្លោះមិនឃើញ
បន្ទាប់មានរឿងមិនដាច់ស្រេច លើករណីផ្ញើប្រាក់ច្រឡំគណនីចូលមកគណនីធនាគារ វ៉ាង ស្រីណូ ហើយក៏មានបុរសម្នាក់ចូលមកសរសេរ Comment ឌឺដងឲ្យតារាស្រី ឥឡូវករណីនេះឈានដល់ការប្ដឹងផ្ដល់ហើយ ហើយ មេធាវី ស្រីណូ ទុកពេលឲ្យបុរសនោះ ៤៨ម៉ោង ដើម្បីរៀបរាប់ការពិត។
រឿងរ៉ាងរបស់តារាសម្ដែងល្បីឈ្មោះកញ្ញា វ៉ាង ស្រីណូ ហាក់មិនទាន់រកទីបញ្ចប់ឃើញនៅឡើយ ខណៈនៅមុននេះបន្តិចមេធាវីរបស់នាងបានចេញលិខិតជូនដំណឹងមួយដោយទុកពេល៤៨ម៉ោងឲ្យបុរសម្នាក់ចេញបំភ្លឺ និងសុំទោសកូនក្ដីរបស់ខ្លួនជាសារធារណៈមុនចំណាត់ការផ្លូវច្បាប់នឹងត្រូវធ្វើឡើង។
យោងតាមលិខិតរបស់មេធាវី ពិត សុខណែត ជាសមាជិកគណៈមេធាវី និងជាប្រធានក្រុមមេធាវីអាស៊ីអាគ្នេយ៍ បានជូនដំណឹងទៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ផា សុជាតិ ( Pha Socheat) ដែលកន្លងមកបាន Comment បញ្ចេញមតិក្លែងបន្លំជាម្ចាស់ប្រាក់ ១៤ ០០០ដុល្លារ ដែលបានផ្ទេរប្រចំចូលគណនីធនាគាររបស់ វ៉ាង ស្រីណូ នាពេលកន្លងមក និងបានបំផ្លើសការពិត ក្នុងចេតនាឆបោក និងញុះញង់ឲ្យមានការរើសអើង បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបានធ្វើឱ្យសាធារណជន មានការភន្ត័ច្រឡំចំពោះកូនក្តីរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។
យោងតាមលិខិតរបស់មេធាវីដដែល បានទាមទារឲ្យលោក ផា សុជាតិ បកស្រាយការពិត ហើយធ្វើការសុំទោសជាសាធារណៈចំពោះតារាសម្ដែង វ៉ាង ស្រីណូ ដោយទុករយៈពេលមិនឱ្យលើសពី ៤៨ ម៉ោង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជៀសវាងការចាត់វិធានការផ្លូវច្បាប់ ពីព្រោះទង្វើរបែបនេះត្រូវចាត់ទុកជាបទល្មើស និងត្រូវផ្ដន្ទាទោសតាមច្បាប់។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ មានការផ្ទេរប្រាក់ចំនួន USD ១៤,០០០ (មួយម៉ឺនបួនពាន់ដុល្លារអាមេរិក) ពីគណនីមួយទៅកាន់គណនីធនាគាររបស់តារាសម្ដែងស្រីល្បីឈ្មោះ វ៉ាង ស្រីណូ។ បន្ទាប់ពីបានដឹងថា មានការផ្ទេរប្រាក់ច្រឡំ និងមានការព្រមព្រៀងជាមួយភាគីម្ចាស់ប្រាក់ នាងក៏បានសហការវេរប្រាក់រហ័សភ្លាមៗទៅឲ្យម្ចាស់គេវិញ ដោយពុំមានការផ្អឹមទុកយូរឡើយ ហើយនាងក៏បានបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួនពីការធ្វើអំពើល្អមួយនេះផងដែរ។
នៅពេលនោះ ស្រាប់ម្ចាស់គណនីហ្វេសបុក (Facebook) ខាងលើបានចូលមកបញ្ចេញមតិ (comment) ដោយប្រាប់មហាជនថា ខ្លួនជាម្ចាស់ប្រាក់ និងជាជនរងគ្រោះក្នុងបញ្ហានេះ។ បើយោងតាមសំណេររបស់លោក ផា សុជាតិ បានComment នៅខាងក្រោមការបង្ហោះរបស់ វ៉ាង ស្រីណូ បែបឌឺដងថា លោកជាម្ចាស់លុយ 14000$ ហើយជាលុយរបស់ក្រុមហ៊ុនដែលលោកធ្វើការ។
ឥឡូវ វ៉ាង ស្រីណូ បានដក 300$ យកហេងៗ តែលោកត្រូវចងការគេ 300$ សងក្រុមហ៊ុន ការហេងរបស់នាង គឺជាការស៊យរបស់លោក អរគុណនូវទឹកចិត្តដ៏ល្អលោក។ ការបញ្ចេញមតិនេះធ្វើឱ្យសាធារណជនរាប់ពាន់នាក់គាំទ្រ និងបានបង្ហាញក្តីអាណិតអាសូរចំពោះលោក ជា សុជាតិ ថាជាជនរងគ្រោះលើបញ្ហានេះ។
ប៉ុន្តែតាមធាតុពិត គឺម្ចាស់គណនីនេះមិនមែនជាម្ចាស់ប្រាក់ដែលបានផ្ទេរប្រាក់ច្រឡំនោះឡើយ។ នេះបើតាមតារាសម្ដែង វ៉ាង ស្រីណូ បន្ទាប់ពីបានទំនាក់ទំនងទៅម្ចាស់លុយផ្ទាល់។ ដូច្នេះក្រុមមេធាវីតំណាងឲ្យតារាសម្ដែង វ៉ាង ស្រីណូ បានទាមទារឲ្យបុគ្គលឈ្មោះ ផា សុជាតិ បកស្រាយការពិតនៃរឿងនេះ ហើយធ្វើការសុំទោសជាសាធារណៈដោយទុករយៈពេលមិនឱ្យលើសពី ៤៨ ម៉ោង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕