តារាកំប្លែងល្បីឈ្មោះខុសជំនាន់គ្នា សម្រេចរួមក្រុមតែមួយ ហើយបានពោលពាក្យសរសើរគ្នាទៀត

  • 2022-10-13 03:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ដមានរបស់តារាកំប្លែងជើងចាស់ អ៊ុក សុវណ្ណារិទ្ធ ហៅនាយចាប ចៀន នៅក្នុងក្រុមកំប្លែងលោកតាវ៉ិចទ័រកាលពីថ្ងៃមុន បានធ្វើឲ្យមហាជនចាប់អារម្មណ៍លើរូបលោកជាថ្មី។ តារាជើងចាស់រូបនេះ ទទួលបានការកោតសរសើរ និងស្វាគមន៍យ៉ាងកក់ក្ដៅពីសមាជិកក្រុមថ្មី ហើយលោកក៏មានពាក្យតបវិញដែរ។

ក្នុងឱកាសចូលរួមសម្ពោធកម្មវិធីកម្សាន្ដចំនួន ៣របស់ក្រុមកំប្លែងលោកតាវ៉ិចទ័រ នៅស្ថានីយទូរទស្សន៍PNN កាលពីថ្ងៃទី១១ ខែតុលា នាយ ចាប ចៀន ប្រាប់Sabay ថាលោកពិតជាសប្បាយចិត្ដដែលបានរួមការងារសម្ដែងជាមួយក្រុមលោកតាវ៉ិចទ័រ និងនាយពាក់មី តាមរយៈកម្មវិធីមួយឈ្មោះថា“ផ្ទះលេខ១ ផ្ទះលេខ២” បើទោះបីជាអ្នកដឹកនាំថតចាត់ឲ្យលោកសម្ដែងជាតួអ្វីក៏ដោយ។

ចំពោះរូបលោកផ្ទាល់មិនដែលប្រកាន់ថា ខ្លួនជាតារាកំប្លែងច្រើនជំនាន់ ហើយមិនឲ្យតម្លៃប្អូនៗដែលជាតារាកំប្លែងរួមក្រុមជំនាន់ក្រោយនេះទេ ផ្ទុយទៅវិញគឺលោកតម្លៃសមាជិកក្រុមដូចគ្នា ហើយលោកក៏ចង់ឲ្យទស្សនិកជនបានទស្សនាផ្ទាំងទស្សនីយភាពច្រើនទម្រង់ ឬរបៀបលេងប្លែកៗគ្នា ដើម្បីផ្ដល់សំណើចដល់មហាជនកាន់តែសម្បូរបែប។

ទន្ទឹមគ្នានេះនាយពាក់មី ដែលជាផលិតករម្នាក់ក្នុងក្រុមលោកតាវ៉ិចទ័រ បានកោតសរសើរនូវសមត្ថភាពសម្ដែង និងការប្រើពាក្យរបស់នាយចាប ចៀន នៅចំពោះមុខផលិតករ និងសិល្បករ-សិល្បការិនីជាច្រើននាក់នៅសាលសម្ពោធកម្មវិធីថ្ងៃមុនថា ពាក្យមួយចំនួនដែលលោកពូចាបចៀន ប្រើក្នុងការសម្ដែង ត្រូវបានមហាជនចាប់អារម្មណ៍ ហើយខ្លះបានយកពាក្យទាំងនោះទៅប្រើលើបណ្ដាញសង្គមទៀតផង។

សូមបញ្ជាក់ថា កម្មវិធីកម្សាន្ដចំនួន ៣របស់ក្រុមកំប្លែងលោកតាវ៉ិចទ័រ បានសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍PNN កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ ក្នុងនោះគេក៏ឃើញវត្ដមានតារាប្លែកមុខក្រៅពីក្រុមកំប្លែងចាស់របស់នាយពាក់មី និងលោកតាវ៉ិចទ័រខ្លះដែរ គឺមានដូចជា៖ លោក ងួន សុបិន និងលោក អ៊ុក សុវណ្ណារិទ្ធ ហៅនាយចាប ចៀន ជាដើម៕

ជិន សុភ័ក្ដ្រ