កូកា-កូឡាកម្ពុជា បន្តភាពជាដៃគូជាមួយ MAJOR CINEPLEX រយៈពេល ៥ ឆ្នាំបន្ថែមទៀត
- 2022-10-23 05:11:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូកា-កូឡាកម្ពុជា បន្តភាពជាដៃគូជាមួយ MAJOR CINEPLEX រយៈពេល ៥ ឆ្នាំបន្ថែមទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) កំពុងបន្តភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្តឈានមុខគេរបស់កម្ពុជា គឺរោងភាពយន្ត Major Platinum Cineplex ដែលមានការចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២២ នៅរោងភាពយន្ត Major Cineplex Aeon Mall Sen Sok ដើម្បីបន្តភាពជាដៃគូផ្គត់ផ្គង់ភេសជ្ជៈរបស់ក្រុមហ៊ុនកូកា-កូឡា ជូនដល់អ្នកចូលទស្សនាភាពយន្ដ រយៈពេល ៥ឆ្នាំ បន្តទៀត។
អ្នកចូលទស្សនាភាពយន្តអាចបន្តទទួលបានភាពរីករាយស្រស់ស្រាយជាមួយភេសជ្ជៈដែលផ្តល់ដោយក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅពេលដែលពួកគេទៅទស្សនាភាពយន្តនៅគ្រប់សាខាទាំង ៥ នៃរោងភាពយន្ត Major Cineplex ៖ ១. រោងភាពយន្ត Major ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ២. រោងភាពយន្ត Major ផ្សារទំនើបអ៊ីអន ២ ៣. រោងភាពយន្ត Major សូរិយា រាជធានីភ្នំពេញ ៤. រោងភាពយន្ត Major ផ្លាទីនីមខេត្តសៀមរាប ៥. រោងភាពយន្ត Major BIG C ក្រុងប៉ោយប៉ែត។
អ្នកដែលចូលទស្សនានៅរោងភាពយន្ត Major Cineplex ញឹកញាប់ប្រាកដជាបានដឹងហើយថា កូកា-កូឡាដែលជាភេសជ្ជៈពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ មកនោះ គឺជាដៃគូរបស់រោងភាពយន្ត Major Cineplex។
ដោយសារតែទទួលបាននូវភាពជោគជ័យចំពោះកិច្ចសហប្រតិបត្តការនាពេលកន្លងមក ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយក្នុងការបន្តកិច្ចព្រមព្រៀងសម្រាប់រយៈពេល ៥ឆ្នាំបន្ថែមទៀត ដើម្បីបន្តផ្តល់នូវភេសជ្ជៈពេញនិយមលំដាប់ពិភពលោកនេះ ទៅកាន់អ្នកទស្សនាភាពយន្តទាំងអស់គ្នា។ ភាពជាដៃគូនេះ គឺជាការចាប់ដៃគូឈ្នះឈ្នះរយៈពេលវែងទៅមុខទៀត។
លោក David Wigglesworth នាយកប្រតិបត្តិនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍ថា៖ «អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា បានពាំនាំមកនូវភាពរីករាយ និងភាពស្រស់ស្រាយដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា ហើយយើងពិតជារំភើបក្នុងការបន្តផ្ដល់ភាពស្រស់ស្រាយនេះ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការរបស់យើងជាមួយរោងភាពយន្ត Major Cineplex»។
លោក David បានពន្យល់បន្ថែមថា៖ «យើងពេញចិត្តចំពោះភាពរីកចម្រើននៃអាជីវកម្មរបស់យើង ក្នុងអំឡុងពេល ៦០ ឆ្នាំកន្លងមកនេះ ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ ក្រៅពីគោលដៅធំៗផ្នែកអាជីវកម្ម ដែលរួមមានដូចជាកិច្ចសហការជាមួយ Major Cineplex នេះផងដែរនោះ យើងក៏មានគោលដៅធំៗជាច្រើនទៀត ដូចជាការប្ដេជ្ញាជួយធ្វើឲ្យពិភពលោកគ្មានសំរាម ក៏ដូចជាការជួយផ្ដល់ទឹកស្អាតទៅឲ្យសហគមន៍វិញ ការកាត់បន្ថយបំភាយកាបូន ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចដោយការធ្វើឌីជីថលកម្ម ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជាទាំងមូល»។
ការបន្តភាពជាដៃគូនេះ បើយោងតាមលោក ជី សិលា ដែលជានាយកក្រុមហ៊ុន Major Cineplex គឺជាការអភិវឌ្ឍដ៏ល្អមួយ ហើយលោកបានសម្តែងនូវក្តីរំភើបរីករាយដែលបានធ្វើការជាមួយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដើម្បីធ្វើឲ្យអ្នកទស្សនាភាពយន្ដ ទទួលបានអារម្មណ៍កាន់តែស្រស់ស្រាយ ជាមួយ បទពិសោធន៍មើលភាពយន្តកាន់តែល្អប្រសើរ។
យោងទៅតាមសម្តីរបស់ លោក ជី សិលា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូជាមួយក្រុមហ៊ុនភេសជ្ជៈដែលជាអ្នកផ្គត់ផ្គង់ភេសជ្ជៈលំដាប់ពិភពលោក។ អ្វីកាន់តែពិសេសគឺក្រុមហ៊ុននេះបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ចំពោះនិរន្តរភាព និងអនាគតជារួម»។ លោកបន្ថែមថា៖ «កូកា-កូឡា គឺជាភេសជ្ជៈដែលពេញនិយមរបស់ប្រជាជនកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០។ យើងជឿជាក់ថាកិច្ចសហការរបស់យើងនឹងផ្តល់ឱ្យអតិថិជនទាំងអស់នូវបទពិសោធន៍កម្សាន្តដ៏ល្អបំផុត និងស្រស់ស្រាយរាល់ពេលដែលពួកគាត់មកមើលកុន” ។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា) មិនត្រឹមតែផ្គត់ផ្គង់ភេសជ្ជៈកូកា-កូឡាប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏នៅមានភេសជ្ជៈដ៏ពេញនិយមជាច្រើនទៀតដូចជា Sprite, Fanta, Schweppes, Dasani, Fuzetea, Samurai, Predator និង Aquarius ផងដែរ។
អំពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាដៃគូផលិតភេសជ្ជៈរបស់ ក្រុមហ៊ុន កូកា-កូឡា នៅកម្ពុជា និងជាតំណាងចែកចាយតែមួយគត់សម្រាប់ផលិតផលរបស់ក្រុមហ៊ុន Monster Energy។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ Bottling Investments Group (BIG) នៃ The Coca-Cola Company។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០កន្លែង និងការងារប្រយោលប្រមាណជាង ៨០០០កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសម្បកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និងមិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai, Predator និង Aquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអាជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ ១៩៩៣ មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារ លើគម្រោង សហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (Women Empowerment) និងការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង facebook.com/CambodiaBeverageCompanyLtd ទំនាក់ទំនង៖ Media: Sambath Munyvorleak | smunyvorleak@coca-cola.com.kh
អំពីរោងភាពយន្ត Major Cineplex Cambodia Major Cineplex Group Pcl គឺជាប្រតិបត្តិកររោងកុនធំជាងគេបំផុតក្នុងតំបន់ ដែលបានចាប់ផ្តើមពង្រីកប្រតិបត្តិការ និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៤។ ជាមួយនឹងជំនាញរយៈពេល ២៨ ឆ្នាំក្នុងប្រតិបត្តិការភាពយន្ត Major Cineplex បាននាំមកនូវបទពិសោធន៍ភាពយន្ត និងសេវាកម្មអតិថិជនលំដាប់ពិភពលោក តាមរយៈទម្រង់ភាពយន្តជាច្រើនរួមមាន IMAX, 4DX, laser ក៏ដូចជាផ្តល់ជូននូវបន្ទប់វីអាយភីដែលមានគ្រឿងបរិក្ខារប្រណីតៗទៀតផង។ រោងភាពយន្ត Major Cineplex Cambodia បច្ចុប្បន្នមានសាខាចំនួន ៣សាខានៅក្នុងរាជធានីភ្នំពេញ មួយសាខានៅខេត្តសៀមរាប និងមួយសាខាទៀតនៅក្រុងប៉ោយប៉ែត៕