បណ្ឌិត​ គីម​ ហ៊ាង៖​ រយៈពេល​១០​ឆ្នាំ​ពាន​ KW League​ ចំណាយ​មិន​ទាន់​ដល់​១លាន​ដុល្លារ​

  • 2022-10-25 05:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិត​ គីម ហ៊ាង​ ស្ថាបនិក​ពាន​រង្វាន់​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ KW League​ ថា​គម្រោង​របស់​លោក​ដាក់​១លាន​ដុល្លារ​ក្នុង​ការ​បង្កើត​ពាន​មួយ​នេះ​រយៈពេល​ ១០​ឆ្នាំ​ ប៉ុន្តែ​ជាក់ស្ដែង​អស់​មិនទាន់​ដល់​នោះ​ទេ​ ខណៈ​កំពុង​ពិចារណា​បន្ត​ពាន​នេះ​ ឬ​ឈាន​ទៅ​លេង​លីគ​ទី២។​

បណ្ឌិត​ គីម ហ៊ាង​

បណ្ឌិត​ គីម ហ៊ាង​ បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​បាល់ទាត់​ពាក់​កណ្ដាល​អាជីព​ KW League​ នេះ​គឺ​បង្កើត​ឡើង​អំឡុង​ឆ្នាំ​២០១២ មក​ម្ល៉េះ​ហើយ​បើ​គិត​ដល់​ពេល​នេះ​មាន​អាយុ​១០​ឆ្នាំ​ហើយ។​ បើ​តាម​គម្រោង​ដែល​លោក​គិត​ពី​មុន​មក​នោះ​គឺ​ដាក់​ថវិកា​១លាន​ដុល្លារ​សម្រាប់​បង្កើត​ពាន​រង្វាន់​ខាង​លើ​នេះ​ឲ្យ​បាន​រយៈពេល​១០​ឆ្នាំ​ ប៉ុន្តែ​ជាក់ស្ដែង​ការ​ចំណាយ​១០ឆ្នាំ​នេះ​មិន​ទាន់​អស់​ដល់​១លាន​ដុល្លារ​នេះ​នៅ​ឡើយ​ទេ។​

ការប្រកួតយកលេខ១-២

បន្ទាប់​ពីគម្រប់​១០​ឆ្នាំ​ហើយ​នោះស្ថាបនិត​បាល់ទាត់​មួយ​នេះ ​កំពុង​គិត​ពិចារណា​ថា​ត្រូវ​បន្ត​បង្កើត​ពាន​នេះ​ទៀត​ ឬ​យក​ក្រុម​បាល់ទាត់​ KHMER UNITED របស់​លោក​ទៅ​លេង​លីគ​២។​ លោក​បន្ថែម​ទៀត​ថា​ បើ​ទៅ​លេង​លីគ​ទី២​ គឺ​បាន​តែ​មួយ​ក្រុម​របស់​លោក​ទេ​ តែ​បើ​បន្ត​បង្កើត​ KW League ​គឺ​មាន​ក្រុម​ជា​ច្រើន​ មនុស្ស​រាប់​រយ​នាក់​បាន​ចូលរួម​ប្រកួត​កម្សាន្ត​ដូច​ជា​ពេល​នេះ​ដែរ។​

ប្រាក់រង្វាន់លេខ១

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​បាល់ទាត់​ពាក់កណ្ដាល​អាជីព​ KW League​ បាន​បញ្ចប់​ការ​ប្រកួត​រដូវ​កាល​ទី១០​​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៣​ ខែ​តុលា​ ឆ្នាំ​២០២២​ នេះ​នៅ​តារាង​បាល់ទាត់​វិទ្យាល័យ​បឹងត្របែក។​ ក្រុម​បាល់ទាត់​ KHMER UNITED ជា​អ្នក​លើក​ពាន​ KW League 2022 ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ TN Kandal​ ដោយ​លទ្ធផល ១-០។​ ក្រុម​លេខ៣​ បាន​លើ​ RIEL PP FC និង​ក្រុម​លេខ៤ បាន​លើ​ MARLIANS FC។​ ក្រុម​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ៤០​លាន​រៀល​ ក្រុម​លេខ​២​ ទទួល​បាន​២០​លាន​រៀល​ លេខ៣​ទទួល​បាន​១៥លាន​រៀល​ និង​លេខ៤​ ទទួល​បាន​១០​លាន​រៀល៕​

ក្រុមលេខ១

អត្ថបទ៖ នួន ស៊ីណា​