ទើបប្រឡូកចូលសិល្បៈ ស៊ីន ជេននី ប្អូនបង្កើត ស៊ីន យូប៊ិន មិនហានរំពឹងខ្ពស់ល្បីដូចបង
- 2022-11-07 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបប្រឡូកចូលសិល្បៈ ស៊ីន ជេននី ប្អូនបង្កើត ស៊ីន យូប៊ិន មិនហានរំពឹងខ្ពស់ល្បីដូចបង
ចន្លោះមិនឃើញ
កញ្ញា ស៊ីន ជេននី ប្អូនស្រីបង្កើតរបស់តារាសម្តែងស្រីឆ្នើមកញ្ញា ស៊ីន យូប៊ីន ទើបបោះជំហានចូលប្រឡូកវិស័យសិល្បៈតាមគន្លងបងស្រី កាលពីចុងឆ្នាំ ២០២១ តែមិនហានរំពឹងខ្ពស់ថាអាចល្បីដូច ស៊ីន យូប៊ីន ឡើយព្រោះមានហេតុផលមួយចំនួន។
ថ្មីៗនេះស្រីស្អាត ស៊ីន ជេននី បានចេញមុខតាមកម្មវិធីមួយចំនួន និងបានក្តោបការងារសិល្បៈខ្លះៗ ដូចជាថតស្ពត ថតប្រូម៉ូតផលិតផល ថត MV ជាដើម រហូតមកដល់ពេលនេះស្រាប់តែលេចមុខរបស់នាងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ភីអិនអិន ដែលនាងសម្តែងជាតួក្រមិចក្រមើម។ ជេននី បានបញ្ជាក់ថា សម្រាប់រឿង «លួចស្នេហ៍គូដណ្តឹង» នេះគឺជារឿងទី១ និងលើកទី១ហើយដែលនាងបានសម្តែងតាំងពីចូលសិល្បៈមក។ ស៊ីន ជេននី និយាយថា ៖«សម្រាប់ការរំពឹងនោះគឺហ៊ានរំពឹងខ្ពស់នោះទេបង អាច ៥០% បានហើយ ហើយសល់ ៥០% ទៀតទុកឲ្យហ្វេនៗជាអ្នកដាក់ពិន្ទុឲ្យ»។
ស្រីស្រស់ទើបចូលវ័យ ២០ឆ្នាំ ស៊ីន ជេននី បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការសម្តែងលើកដំបូងនេះនាងគ្មានបទពិសោធន៍នោះទេ តែបានបងស្រី ស៊ីន យូប៊ីន ជួយពន្យល់ប្រាប់តិចនិចក្នុងការសម្តែង ក៏ដូចជារៀមច្បងដែលជាអ្នករួមការងារជាមួយជួយណែនាំបន្ថែមទៀតផងដែរ។
តារាស្រីទើបតែដុះពន្លករូបនេះ នឹងព្យាយាមកសាងកេរ្តិ៍ឈ្មោះឲ្យខ្លួនឯង ហើយបង្កើនការសម្តែងឲ្យកាន់តែច្រើនជាងមុនកាន់តែល្អជាងមុន ដើម្បីឲ្យអ្នកគាំទ្រចូលចិត្តនិងបន្តការគាំទ្រដល់រូបនាងជាបន្តទៀត៕