CEO របស់ HYBE បញ្ជាក់ចំៗពីគម្រោងចូលទាហានរបស់សមាជិក BTS និងការចេញអាល់ប៊ុម
- 2022-11-04 03:03:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO របស់ HYBE បញ្ជាក់ចំៗពីគម្រោងចូលទាហានរបស់សមាជិក BTS និងការចេញអាល់ប៊ុម
ចន្លោះមិនឃើញ
ក្រោយពេលមានសេចក្ដីរាយការណ៍ថា Jin (BTS) នឹងចូលទាហានក្នុងពេលឆាប់ៗ ឯសមាជិកផ្សេងៗទៀត គ្រោងចូលបំពេញកាតព្វកិច្ចសំខាន់ជូនជាតិជាបន្តបន្ទាប់ ក៏ស្រាប់តែមានការទាយទុកមួយចំនួនលើកឡើងថា ចំណូលរបស់ HYBE នៅឆ្នាំ ២០២៣ ទំនងជាយ៉ាប់យ៉ឺនជាឆ្នាំមុនៗ។ ប៉ុន្តែ HYBE នៅតែបន្តក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននៅតែអាចស្ដារភាពល្បីល្បាញបាន នៅឆ្នាំក្រោយ តាមរយៈគម្រោងថ្មីៗជាមួយនឹងក្រុមផ្សេងៗទៀត។
នៅថ្ងៃទី០៣ ខែវិច្ឆិកា នាយកប្រតិបត្តិរបស់ HYBE គឺ លោក Park Jiwon បានលើកឡើងក្នុងសន្និសីកាសែតដោយបង្ហាញពីចំណូលដែលរកបាននៅត្រីមាសទី ៣៖ «សមាមាត្រនៃការលក់ (សម្រាប់ HYBE) គឺ BTS នៅ ៦០-៦៥ភាគរយ ហើយតារាផ្សេងទៀត គឺប្រហែល ៣៥-៤០ភាគរយ»។
លោកក៏បានព្យាករណ៍ថា៖ «ឆ្នាំនេះយើងនឹងអាចទទួលបានប្រាក់ចំណេញប្រតិបត្តិការពាក់កណ្តាល ១០ភាគរយ ដោយសារតែការងារផ្សេងរបស់ BTS»។ ប្រាក់ចំណេញប្រតិបត្តិការរបស់ HYBE នៅក្នុងឆមាសទីមួយនៃឆ្នាំនេះគឺ ១៥,៧ភាគរយ។
ដោយសារ Jin ជាសមាជិកដែលមានអាយុច្រើនជាងគេក្នុងក្រុម ដូច្នេះតាមគម្រោង គឺលោកត្រូវចូលបម្រើទ័ពនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ជាហេតុម្ចាសភាគហ៊ុនមួយចំនួន ហាក់មានសម្ពាធ និងគិតថាស្ថានភាពអាចនឹងពិបាកនៅឆ្នាំក្រោយ។
ទោះជាយ៉ាងណា សមាជិក BTS នឹងបន្តចេញអាល់ប៊ុមទោល បន្ទាប់ពី J-Hope, Jin និង Leader RM (ដែលគ្រោងចេញអាល់ប៊ុមនៅក្នុងពេលឆាប់ៗ)។ ដូច្នេះ Suga, Jimin, V និង Jungkook ក៏នឹងគ្រោងចេញអាល់ប៊ុមម្ដងម្នាក់ ជាបន្តបន្ទាប់នៅ ឆ្នាំក្រោយ។ HYBE ក៏បានបញ្ជាក់ដែរថា ក្រុមនឹងវិលជុំគ្នាវិញជាប្រាកដនៅឆ្នាំ ២០២៥ ពោលគឺនៅពេលពួកគេបញ្ចប់កាតព្វកិច្ចពីជួរទ័ពចប់សព្វគ្រប់។
ចំណុចសំខាន់មួយទៀតនោះគឺ កាលវិភាគសម្រាប់ការចូលទ័ពរបស់ សមាជិកផ្សេងទៀតក្រៅពី Jin នៅមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។
ជាក់ស្ដែងនៅឆ្នាំនេះ HYBE បានផ្ដោតលើការបណ្ដុះភាពល្បីល្បាញថែមមួយកម្រិតសម្រាប់តារារបស់ខ្លួនផ្សេងទៀត រួមមាន៖ Seventeen, TXT, ENHYPEN, LE SSERAFIM និង NewJeans ដែលពួកគេទាំងនេះហើយ គឺជាអ្នកដែលអាចបំពេញវត្តមាននៅពេល BTS ផ្អាកសកម្មភាពការងារក្រុម ៣ឆ្នាំ៕