អាស៊ាន បើកទូលាយដោយអ្នកណាក៏ដោយ ឱ្យតែចង់ក្លាយជាមិត្តភក្តិរបស់អាស៊ានគឺអាស៊ានទទួលស្វាគមន៍ជានិច្ច
- 2022-11-10 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាស៊ាន បើកទូលាយដោយអ្នកណាក៏ដោយ ឱ្យតែចង់ក្លាយជាមិត្តភក្តិរបស់អាស៊ានគឺអាស៊ានទទួលស្វាគមន៍ជានិច្ច
ចន្លោះមិនឃើញ
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នាសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ បានមានប្រសាសន៍ថា ពាក់ព័ន្ធសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ជាមួយអ៊ុយក្រែន អាស៊ានគឺជាស្ថាប័នតំបន់មួយដែលបើកទូលាយទៅដល់ដៃគូទាំងអស់ ដោយអ្នកណាក៏ដោយ ឱ្យ តែចង់ក្លាយជាមិត្តភក្តិរបស់អាស៊ានគឺអាស៊ានទទួលស្វាគមន៍ជានិច្ច។
ឯកឧត្តម គង់ ភោគ បានបញ្ជាក់ថា ជាធម្មតាការធ្វើជាដៃគូ វាមានដំណើរការរបស់វា ឧទាហរណ៍ការចូលជាហត្ថលេខី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ លេខាធិការអាស៊ានគឺត្រូវធ្វើការវាយតម្លៃទាំងផ្នែកសេដ្ឋកិច្ច នយោបាយ សង្គម ថាតើដៃគូមានសក្តានុពលប៉ុនណាដើម្បីរួមចំណែក ធ្វើយ៉ាងណា ឱ្យកិច្ចសហប្រតិបត្តិការនាំទៅដល់ផ្លែផ្កា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការកសាងមិត្តភាពអ្វីមួយ គឺចង់ធានាថា គ្រប់ភាគីទាំងអស់សុទ្ធតែទាញផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការទាំងនោះ ដូច្នេះសម្រាប់អាស៊ានគឺស្វាគមន៍ ហើយរំពឹងថា កិច្ចសហប្រតិបត្តិការក៏ដូចជាទំនាក់ទំនងគឺរឹតតែស៊ីជម្រៅផងដែរ។
សូមបញ្ជាក់ថា ប្រទេសអ៊ុយក្រែនបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១០ ខែសីហានេះ ដើម្បីក្លាយជាសមាជិកទី៥០នៅក្នុងសន្ធិសញ្ញាមួយនេះ ខណៈកាលពីខែសីហាកន្លងទៅ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៥៥ នៅរាជធានីភ្នំពេញ មានប្រទេសចំនួន៦ រួមមាន៖ ប្រទេសដាណឺម៉ាក ក្រិក ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម បានចូលរួមក្នុងដំណើរការលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ TAC ជាផ្លូវការ៕
ប្រភព៖ ក្រសួងព័ត៌មាន