សម្ដេចនឹងជួបប្រធានាធិបតីអាមេរិក ថ្ងៃនេះ ខណៈកម្ពុជាត្រូវដឹកនាំរបៀបវារៈ៦សំខាន់ៗ
- 2022-11-12 01:50:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចនឹងជួបប្រធានាធិបតីអាមេរិក ថ្ងៃនេះ ខណៈកម្ពុជាត្រូវដឹកនាំរបៀបវារៈ៦សំខាន់ៗ
ចន្លោះមិនឃើញ
សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានដឹកនាំប្រជុំកំពូលអាស៊ាន នឹងត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រីជប៉ុន និងមេដឹកនាំប្រទេសអាស៊ានផ្សេងទៀត តាមរបៀបវារៈចំនួន ៦ ដែលត្រូវធ្វើនៅថ្ងៃនេះ។
កិច្ចប្រជុំសំខាន់ៗទាំង៦នោះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន និងកាណាដា។
ក្រៅតែពីកិច្ចប្រជុំនេះទៅ នៅពេលរាត្រីនេះ សម្តេចតេជោ ហ៊ុន សែន, មេដឹកនាំអាស៊ាន, មេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ាន, អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ដទៃទៀត ព្រមទាំងគណៈប្រតិភូជួបជុំគ្នាប្រារព្ធពិធីជប់លៀង។ ពិធីជប់លៀងនេះ មេដឹកនាំពាក់ព័ន្ធទាំងអស់នឹងស្លៀកសម្លៀកបំពាក់ឈុតប្រពៃណី ដែលកាត់ជូនដោយកម្ពុជា។
ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន, ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីអាមេរិក និងឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។
សូមបញ្ជាក់ថា ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន កម្ពុជាទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា។ ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន និងទទួលភារកិច្ចរៀបចំកិច្ចប្រជុំនានា បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាប្រឈមនឹងបញ្ហាក្តៅជាច្រើន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ បញ្ហាទាំងនោះរួមមាន៖ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម៕