ចេញ​រកស៊ី​ហើយ តែ​ចង់​ដឹង​ខ្លួន​មាន​ភាព​ជា​ម្ចាស់​អាជីវកម្ម ឬ​សហគ្រិន តាម​ដាន​ទាំង​អស់​គ្នា!

  • 2022-11-25 04:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និន្នាការ​នៃ​ការ​ចេញ​រកស៊ី​ខ្លួន​ឯង ធ្វើ​ឲ្យ​មាន​យុវជន​ជា​ច្រើន​បាន​ហក់​ចូល​មក​ប្រឡូក​ជំនួញ​ដោយ​បង្កើត​អាជីវកម្ម​ខ្លួន​ឯង ដែល​ភាគ​ច្រើន ជា​ប្រភេទ​សហគ្រាស​ធុនតូច និង​មធ្យម(SME)។ ត្បិត​យ៉ាង​នេះ នៅ​ក្នុង​នៅ​មាន​លាយឡំ​រវាង ម្ចាស់​អាជីវកម្ម និង​សហគ្រិន។

តាម​ប្រសាសន៍ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើក​ឡើង​នៅ​ថ្ងៃ​ប្រគល់ពានសហគ្រិនថ្នាក់ជាតិ ២០២២ នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ថា ម្ចាស់​អាជីវកម្ម និង សហគ្រិន មាន​ទាំង​ដូច និង​ចំណុច​ខុស​គ្នា។

**១.ចំណុច​​ដូច​គ្នា **

១.១ ទាំង​ម្ចាស់​អាជីវកម្ម និង​សហគ្រិន គឺបង្កើត​អាជីវកម្ម​ឡើង​សម្រាប់​សាធារណជនដូចគ្នា

១.២ ជំរុញ​អាជីវកម្ម​ដើម្បី​រក​ប្រាក់​ចំណេញ​ដូច​គ្នា

១.៣ ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ដូច​គ្នា។

២.​ចំណុច​ខុស​គ្នា

២១.ម្ចាស់​អាជីវកម្ម គឺជាអ្នកបើកដំណើរក្រុមហ៊ុន​ជាមួយ​លក្ខណៈសម្បត្តិ​ដែលមានស្រាប់។ ដូច​ជា​ការ​ទទួល​ស្នង​មរតក​គ្រប់​គ្រង​អាជីវកម្ម​ត​ពី​គ្រួសារ ឬ​អ្នក​ខ្លះ ដំណើរ​ការ​អាជីវកម្ម​ដោយ​ការ​ទិញ​សិទ្ធិ(Franchise)ពី​គេ​មក។ ដោយ​ឡែក សហគ្រិន មិន​គ្រាន់​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​គេ​បង្កើត​ក្រុមហ៊ុនថ្មីៗ​ខ្លួន​ឯង និង​មាន​ការ​ច្នៃប្រឌិត​ខ្ពស់។

២.២.ម្ចាស់​អាជីវកម្ម ជំរុញ​ដើម្បី​ដំណើរ​ការ​អាជីវកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព ធ្វើ​ឲ្យ​មាន​ការ​លក់​កាន់​តែ​ច្រើន ប្រាក់​ចំណូល​កាន់​តែ​ច្រើន។ ដោយ​ឡែក​សហគ្រិន មិន​ត្រឹម​ប៉ុណ្ណឹង​ទេ តែ​គេ​មាន​មហិច្ឆតា ផ្លាស់​ប្ដូរ​ផលិតផល និង​ផ្ដល់​អ្វី​ដែល​ខុស​ប្លែក ហើយ​មាន​ភាព​ទាក់ទាញ។

២.៣.ម្ចាស់​អាជីវកម្ម តែង​តែ​រក្សានូវ​គំរូ​អាជីវកម្ម​ខ្នាត​តូច​របស់​គេតទៅ ដើម្បី​រក្សា​ឲ្យ​បានប្រសិទ្ធភាព​ទាក់ទាញ​អតិថិជន​កាន់​តែ​ច្រើន។ សហគ្រិន មិនត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​គេ​តែង​នឹក​គិត​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​ឲ្យ​ដល់​កម្រិត​កំពូល ហើយ​អភិវឌ្ឍ​ជា​ប្រចាំ។

ជា​បន្ថែម ឯកឧត្តម​បណ្ឌិត បាន​ពន្យល់​ទៀត​ថា រវាង​ម្ចាស់​អាជីវកម្ម និង​សហគ្រិន គឺ​ម្ចាស់​អាជីវកម្ម​គេផ្ដោត​ជា​សំខាន់​លើ​ការ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់​គេ ដើម្បី​ទទួល​បាន​អតិថិជន​ស្មោះត្រង់ និង​បង្កើន​ការ​លក់​កាន់​តែ​ច្រើន។

ដោយ​ឡែក សហគ្រិន កំណត់​ទស្សនៈរបស់​ពួក​គេ​ខ្ពស់​ជាង សហគ្រិន​ផ្ដល់​ជូន​នូវ​សេវាកម្ម ឬ​ផលិតផល​ថ្មីៗគួរ​ឲ្យ​ទាក់​ទាញ ដែល​ពួក​គេ​រំពឹង​ថា មាន​តម្លៃ​ខ្ពស់។ ពួក​គេ​មាន​គោល​បំណង​ធ្វើ​ឲ្យខ្លួន​ឯង​លេច​ធ្លោ ដើម្បី​ប្លែក​ជាង​គេ​ក្នុង​ការ​ប្រកួត​ប្រជែង។

ឯកឧត្តម សង្កត់​ធ្ងន់​ថា សហគ្រិន​ដែល​ជោគជ័យ​បំផុត ត្រូវ​សិក្សា​ពី​ការ​ប្រកួត​ប្រជែង ​ឲ្យ​ស្គាល់​ច្បាស់​នូវ​ផលិតផល និង​សេវាកម្ម​របស់​គូ​ប្រជែង។ ពួក​គេ​ក៏​មាន​ភាព​បត់បែន​ផង​ដែរ ដោយ​រក្សា​នូវ​បច្ចេកវិទ្យាចុងក្រោយ​បំផុត និងប្រើ​ប្រាស់​មតិកែលម្អ​របស់​អតិថិជន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​និន្នាការ​ថ្មី និង​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង៕​

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម