រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង និង​ប្រណាំង​កង់​លើ​ភ្នំ​បូកគោ ​យក​ថវិកាជួយមន្ទីរពេទ្យ គន្ធបុប្ផា

  • 2022-11-28 07:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សណ្ឋាគារ ឋានសួគ៌ សុខា បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និង​ប្រណាំង​កង់​ លើកទី៧​ នៅលើភ្នំបូកគោ ​រយៈពេល​២ថ្ងៃ​ ដើម្បី​ស្វែង​រកមូល​និធីជួយ​ដល់មន្ទីរ​ពេទ្យ​គន្ធបុប្ជា ​ខណៈ​អ្នកចូលរួមប្រកួតទាំងអស់​បានបង្ហាញក្តីរីករាយ​ គាំទ្រយ៉ាងពេញទំហឹង ដោយ​ពួកគាត់​បាន​ចូលរួម​ចំណេញ​ទាំងសុខភាព​ និងជួយធ្វើសកម្មភាពសប្បុរសធម៌។

លោក កែវ សិទ្ធ នាយកផ្នែកលក់នៃសណ្ឋាគារ សុខា គូសបញ្ជាក់ថា​ ការរៀប​ចំព្រឹត្តិការណ៍ដ៏ធំប្រចាំ​ឆ្នាំ​លើ​ភ្នំ​បូកគោ ​រយៈពេល​២ថ្ងៃនេះ​មាន​អ្នក​ស្នេហាកីឡា​ចូលរួមសរុប​ប្រមាណ​៧០០នាក់​ ក្នុងនោះ​អ្នក​ចូល​រួមរត់ប្រណាំងជាង៥​០០នាក់ និងអ្នកចូលរួមប្រណាំងកង់ជាង១០០នាក់។​ ក្រៅ​ពីជន​ជាតិ​ខ្មែរ ​ក៏​មាន​ជន​ជាតិបរទេស​ចូលរួមច្រើននាក់ផងដែរ​ ដើម្បីគាំទ្រ​ដល់កម្មវិធីនេះ​បានប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និងជោគជ័យ​ ប្រកបដោយបរិយាកាសសប្បាយរីករាយ មិត្តភាព សាគ្គីភាព និង​បង្កប់​នូវ​អនុស្សាវរីយ៍​ល្អៗ​មិនអាចបំភ្លេចបានផងដែរ។

លោក កែវ សិទ្ធ បន្ថែមទៀតថា នេះជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ​ ហើយទឹកប្រាក់ដែល​ទទួល​បានពី​ព្រឹត្តិការណ៍​នេះនឹងត្រូវ​បរិច្ចាគជូន​ទៅមន្ទីរពេទ្យ គន្ធបុប្ផា។ ព្រឹត្តិការណ៍ការ​នេះ​រួមមាន​កម្មវិធី​សប្បាយ​ៗជាច្រើន​ ក្នុងនោះក៏មានការប្រគំតន្រ្តីដ៏ធំ ​ការរត់ពាក់កណ្តាលម៉ារ៉ាតុង​ រួមមាន៖ ចម្ងាយ ២១គីឡូម៉ែត្រ ​១០គីឡូម៉ែត្រ ​៥គីឡូម៉ែត្រ ​និងការរត់បែបកម្សាន្តលក្ខណៈគ្រួសារ ​៣គីឡូម៉ែត្រ ព្រម​ទាំង​ការ​ប្រណាំងកង់ ​៣២គីឡូម៉ែត្រ ​ដែលជាឱកាសដ៏ល្អឥតខ្ចោះ ​ដើម្បីបង្កើតនូវអនុស្សាវរីយ៍ ដែល​មិន​អាច​បំភ្លេច​បាន​ជាមួយ​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់អ្នកចូលរួមនានា។​ ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​មិនត្រឹម​តែផ្តល់នូវភាពសប្បាយរីករាយ​ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​គាំទ្រ​ដល់​សកម្មភាព​សប្បុរសធម៌ដ៏មាន​អត្ថន័យ​ថែមទៀតផង។

ក្នុងព្រឹត្ដិការណ៍ដ៏អស្ចារ្យនេះ​ ក៏មានសកម្មភាពកម្សាន្តផ្សេង​ៗជាមួយ និងការប្រគំតន្រ្តីផ្ទាល់ រួមនិង​ស្តង់​លក់​អាហារ​ និងភេសជ្ជៈ​នៅបរិវេណខាងក្រៅសណ្ឋាគារ​ ក្រោមរាត្រីដ៏សែនមនោរម្យ។ ភ្ញៀវ​ចូល​រួម​អាច​ជ្រើសរើស​ក្នុងការ​ស្នាក់​នៅ​សណ្ឋាគារ​ប្រណីត ​ឋានសួគ៌ សុខា ឬសណ្ឋាគារ ឡឺ បូកគោ ផា​ឡេស ​ជាមួយនឹងការផ្តល់ជូនតម្លៃពិសេស ​ឬទទួលយកបទពិសោធន៍ពីការបោះតង់ផងដែរ។

កម្មវិធីនេះ​ ប្រារព្ធឡើងនៅលើភ្នំបូកគោ​ ស្ថិតក្នុងខេត្តកំពត ដែល​ជាគោលដៅ​ទេសចរណ៍​ប្រវត្តិ​សាស្រ្ត​ដ៏​ល្បីល្បាញ​នៅក្នុងប្រទេសកម្ពុជា ​ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល​ និង​តំបន់​ទេសចរ​ជា​ច្រើន ​ដែលអ្នកចូលរួមអាចស្វែងយល់ ​និងកម្សាន្តជាមួយ​នឹងការផ្សងព្រេង​ផ្សេងៗ។

ក្រោយបញ្ចប់ការប្រកួតរត់ប្រណាំង និងប្រណាំងកង់ កីឡាករ​ កីឡាការិនីបានបង្ហាញ​នូវក្តី​សប្បាយ​រីករាយ ​ចំពោះ​ការ​ចូលរួម ក្រោម​ការរៀបចំរបស់​គណៈកម្មការ​បច្ចេកទេសប្រកប​ដោយភាព​សុក្រិត​យុត្តិធម៌ ​រៀបចំ​បាន​ល្អ​ប្រសើរ ​ប្រកប​អាកាសធាតុ​បរិសុទ្ធលើកំពូល​ភ្នំ​បូកគោ។ កីឡាករ​ កីឡាការិនី​បាន​កោត​សរសើរ ​និង​វាយតម្លៃខ្ពស់ចំពោះ​អ្នករៀបចំព្រឹត្តិការណ៍ដំណើរការដោយរលូន ហើយ​ពួក​គាត់​ក៏បានសំណូមពរឲ្យ​រៀបចំឲ្យបាន​ច្រើនលើក​ ក្នុង១ឆ្នាំផងដែរ។​

ចំពោះលទ្ធផលជ័យលាភី រួមមាន៖ ផ្នែករត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ​២១គីឡូម៉ែត្រ លេខ១ កីឡាករ ​ម៉ា វីរ៉ូ លេខ២ កីឡាករ ម៉ឺន ឯម និងលេខ៣ កីឡាករ សម រចនា។ ១០គីឡម៉ែត្របុរស លេខ១ ​កីឡាករ កាង ធឿន លេខ២ កីឡាករ ហ៊ុយស៊ាង លេខ៣ ​សួស សេរីរដ្ឋា។ ១០គីឡូម៉ែត្រ ផ្នែកនារី ​កីឡាការិនី ស្នូត រីដា ​លេខ២ លាង ចន្ធី និងលេខ៣ កីឡាការិនី សូយ សុភា។ ក្រៅពីនេះក៏មានជ័យលាភី ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ ដែលទទួលបានរង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍ផងផងដែរ។

ជ័យលាភី​ផ្នែកប្រណាំងកង់ វិញ្ញាសា ELIT លេខ១ កីឡាករ ​សាន ណាម៉ាវ លេខ២ កីឡាករ សីហា និងលេខ៣ ​កែវ សុផា ខណៈជ័យលាភីលើវិញ្ញាសា Open និង Master ក៏ត្រូវបាន​រកឃើញ​ពីលេខ​១​ដល់​លេខ៥ដូច​ៗគ្នាផងដែរ៕

អត្ថបទពេញនិយម