«រត់ដើម្បីវីរជនជួរមុខ» មានចំនួនអ្នកចូលរួមដល់ជាង ៤០០០នាក់រួមគ្នានៅកោះពេជ្រ ដើម្បីគាំទ្រដល់វីរជនជួរមុខ និងជនស៊ីវិលដែលបាត់បង់ទីជម្រក

  • 2025-12-18 08:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ រាជធានីភ្នំពេញ – អ្នករត់ជាង ៤០០០ នាក់បានប្រមូលផ្តុំគ្នានៅកោះពេជ្រកាលពីល្ងាចថ្ងៃពុធ សម្រាប់កម្មវិធី «រត់ដើម្បីវីរជនជួរមុខ» ដែលជាកម្មវិធីរត់សប្បុរសធម៌ចម្ងាយ ៣ គីឡូម៉ែត្រ ដែលប្រារព្ធឡើងដើម្បីសាមគ្គីភាពជាមួយកងទ័ពជួរមុខកម្ពុជា និងជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មូលនិធិ ម៉ានី ក៏ដូចជា ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ហើយត្រូវបានរៀបចំរួមគ្នាដោយក្លឹបរត់ចំនួន ១៦ ដោយទាក់ទាញសហគមន៍ភ្នំពេញទាំងមូលឱ្យមកជួបជុំគ្នាដើម្បីបុព្វហេតុនេះ។

ការរត់នេះបានរៃអង្គាសថវិការរហុតដល់ ១៦,០០០ ដុល្លារដែលនឹងត្រូវបរិច្ចាគដោយផ្ទាល់តាមរយៈ ស.ស.យ.ក ដើម្បីគាំទ្រដល់គ្រួសារ និងសហគមន៍ដែលត្រូវបានផ្លាស់ទីលំនៅ ដែលនេះជាការពង្រឹងគោលបំណងមនុស្សធម៌របស់ព្រឹត្តិការណ៍នេះ។

កម្មវិធីរត់នេះត្រូវបានធ្វើឡើងនៅទីក្រុងកោះពេជ្រ ដោយចាប់ផ្តើម និងបញ្ចប់នៅអគារ អេលីស្សេ (Elysee Tower) ដោយបានប្រមូលផ្តុំអ្នករត់ អ្នកស្ម័គ្រចិត្ត និងសមាជិកសហគមន៍នាពេលល្ងាចក្នុងការបង្ហាញនូវសកម្មភាពរួបរួមសាមគ្គី។

«កម្មវិធីនេះគឺជាឱកាសសម្រាប់សហគមន៍របស់យើងក្នុងការបង្ហាញពីសាម្គីភាព និងនៅជាមួយអ្នកដែលកំពុងប្រឈមមុខនឹងការលំបាក។ ក្រៅពីសកម្មភាពជានិមិត្តរូបនៃការរត់ជាមួយគ្នា ជំហាននីមួយៗរួមចំណែកដល់គោលបំណងធំជាងនេះ៖ ដើម្បីគាំទ្រដល់គ្រួសារដែលបាត់បង់ទីលំនៅ និងទាហានជួរមុខ ដោយជួយពួកគេបំពេញតម្រូវការជាមូលដ្ឋាន និងមានអារម្មណ៍រឹងមាំនៃសាមគ្គីភាពរួមរបស់យើង។» នេះបើតាមការលើកឡើងរបស់លោក ឧក រ៉ូហ៊ីត អ្នករត់ប្រណាំងជម្រើសជាតិ និងជាសមាជិកនៃក្រុម Elite Runners ដែលបានវិលត្រឡប់មកវិញបន្ទាប់ពីការដកខ្លួនចេញរបស់អត្តពលិកកម្ពុជាទាំងអស់ពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥។

ការរត់នេះបានកើតឡើងនៅពេលដែលតម្រូវការមនុស្សធម៌កំពុងកើនឡើងនៅទូទាំងប្រទេស។ យោងតាមក្រសួងមហាផ្ទៃ ជនស៊ីវិលជាង ៤៧០,០០០ នាក់ត្រូវបានផ្លាស់ទីលំនៅនៅទូទាំងខេត្តចំនួនប្រាំពីរ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ កោះពេជ្រក៏បានបម្រើជាចំណុចមួយក្នុងការបង្ហាញសាមគ្គីភាពជាសហគមន៍ផងដែរ ដោយបានរៀបចំគំនិតផ្តួចផ្តើមបរិច្ចាគ និងសប្បុរសធម៌ជាច្រើន ខណៈដែលតម្រូវការបន្តកើនឡើង។

ដើម្បីធានាបាននូវសុខុមាលភាពរបស់អ្នកចូលរួម មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) និងមន្ទីរពេទ្យ Khmer Medical បានចល័តរថយន្តសង្គ្រោះបន្ទាន់ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅនឹងកន្លែង ដោយជួយរក្សាសុខភាព និងសុវត្ថិភាព នៅពេលដែលអ្នករត់ប្រណាំងបានចេញដំណើរតាមផ្លូវនៅពេលល្ងាច។

«នេះមិនមែនគ្រាន់តែជាការរត់នោះទេ។ នេះគឺជាការជួបជុំគ្នាដោយដើម្បីអំពាវនាវឱ្យមានឯកភាព និងដើម្បីបង្ហាញក្តីសង្ឃឹមសម្រាប់សន្តិភាព ខណៈពេលដែលយើងអាចឈរជាមួយជនស៊ីវិលដែលត្រូវបានជម្លាសពីផ្ទះរបស់ខ្លួនតាមរយៈសកម្មភាពរួមគ្នា» នេះបើតាមការលើកឡើងរបស់ ស៊ន ស្រីលាភ តំណាងក្រុម Night Runners។

ការរត់នេះត្រូវបានរៀបចំរួមគ្នាដោយក្លឹបរត់រួមមាន Night Runners, Castor, Cambodia RUTT, Kak Runners, Khmer Run, Meow Run, Wynnie, Susu, Run.Na K Ban, Neak Runners, Samanh, Zero Runners, Sabay Running, Garmin Running, Run with Sal និង Hanuman Run។

«រត់ដើម្បីវីរជនជួរមុខ» បានបង្ហាញពីភាពរឹងមាំនៃគំនិតផ្តួចផ្តើមដែលដឹកនាំដោយសហគមន៍ ដោយបង្ហាញពីរបៀបដែលកីឡា សាមគ្គីភាព និងការទទួលខុសត្រូវរបស់ពលរដ្ឋអាចរួមគ្នាដើម្បីគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងអំឡុងពេលដ៏លំបាកមួយសម្រាប់ប្រទេសជាតិ។

អត្ថបទថ្មី