សេង សុឃីម សម្រេចប្ដឹង មាស នីតា ដោយផ្អែកលើភស្ដុតាំងសារសំឡេងបែកធ្លាយ

  • 2022-11-30 04:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្លោះពាក្យសម្ដីឈានដល់ការប្ដឹងផ្ដល់គ្នារបស់តារាចម្រៀង មាស នីតា និងអតីតសង្សានាយចឺម គឺអ្នកមេម៉ាយកូន១ សេង សុឃីម កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ ថ្ងៃនេះ សេង សុឃីម ប្រកាសប្ដឹង មាស នីតា ដោយផ្អែកលើសារសំឡេងបែកធ្លាយជាច្រើន។

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា អ្នកនាង សេង សុឃីម បានបង្ហោះសារដល់ទៅពីរ ដើម្បីឆ្លើយតបទៅនិងកញ្ញា មាស នីតា ដែលគេសង្ស័យថាមានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយនាយចឺម។ សុឃីម មិនទោមនស្សនឹងទំនាក់ទំនងនេះទេ ប៉ុន្ដែអ្វីដែលនាងខឹងនោះ គឺសារសំឡេងដែលបែកធ្លាយនោះ គឺនីតា បានជេរប្រមាថអ្នកនាង និងម្ដាយទាំងដែលអ្នកនាងមិនដឹងរឿងអ្វីសោះ។

សេង សុឃីម៖ “ទាំងខ្ញុំ និងម្តាយខ្ញុំ រងភាពប្រមាថ និងអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរក្នុងឆាកជីវិតខ្ញុំ បើគិតមកដល់នេះ ព្រោះមិនធ្លាប់ជួបរឿងបែបនេះពីមុនឡើយ។ ខ្ញុំសូមប្រកាសជាផ្លូវការ ខ្ញុំចាត់ការដោយផ្លូវច្បាប់ ដើម្បីរកភាពយុត្តិធម៌សម្រាប់ខ្ញុំ និងគ្រួសារខ្ញុំ”។

ទន្ទឹមគ្នានេះអ្នកនាង សេង សុឃីម ក៏ទម្លាយថា មាស នីតា បានព្យាយាមឆាតមកនាង ប៉ុន្ដែអ្នកនាងមិនតបតអ្វីទាំងអស់ ហើយព្រមានតាមបណ្ដាញសង្គមថានឹងជួបគ្នាឆាប់ៗ នៅចំពោះមុខច្បាប់ ហើយអ្នកនាងក៏សូមឲ្យកញ្ញា មាស នីតា ឈប់ឆាតមកអ្នកនាងទៀត។

គិតត្រឹមម៉ោងជិត១២ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ Sabay មិនទាន់អាចទាក់ទងកញ្ញា មាស នីតា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ។ ប៉ុន្ដែយោងតាមសារសំឡេងដែលបែកធ្លាយពីក្នុងគ្រុបឆាតអ្នកគាំទ្រកញ្ញា មាស នីតា ឲ្យដឹងថា គណនីតេឡេក្រាមមួយដែលគេស្គាល់ថា ជាកញ្ញា មាស នីតា បានជេរដោយមិនចំឈ្មោះដោយពាក្យអសុរសជាច្រើនដូចជា៖ “មីស្រីថោក សាច់សដូចចាន តែមាយាទមិនបានដូចឆ្កែ និងជេរដោយពាក្យថា អាចម៍ទៅស្អុយ មីនេះវាស្អុយជាងអាចម៍ទៅទៀត”៕

ជិន សុភ័ក្ដ្រ