តោះមកដឹង! ០៥ ចំណុចជួយសិស្សទី១២ ប្រឡងគណិតវិទ្យាបាននិទ្ទេសល្អ

  • 2022-11-30 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៥ ខែធ្នូ ខាងមុខនេះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ២០២២ នឹងមកដល់ឆាប់ខាងមុខនេះ ដោយមានការរឹតបន្តឹងយ៉ាងខ្លាំងមិនខុសពីឆ្នាំមុនៗឡើយ ហើយគេសង្កេតឃើញសិស្សានុសិស្សទូទាំងប្រទេសបានកំពុងតែត្រៀមខ្លួនផងដែរសម្រាប់ការប្រលងនេះ។ ដើម្បីជួយសម្រួលដល់សិស្សានុសិស្សទាំងអស់អាចធ្វើសម្រាប់ការប្រឡងដ៏សំខាន់នេះ តោះមកដឹងពី ០៥ ចំណុចដែលជួយសិស្សទី១២ ប្រឡងមុខវិជ្ជាគណិតទទួលបាននិទ្ទេសល្អ មុនពេលការប្រលងមកដល់។

ទី១. កំណត់ផែនការយកនិទ្ទេសល្អ៖

ផែនការត្រូវធ្វើដោយផ្អែកតាមឯកសារត្រូវរៀន និងពេលវេលារៀន។ ជាក់ស្តែង ប្រសិននៅសល់ពេលជិតមួយខែមុនប្រឡង មានសៀវភៅ៤ក្បាលសម្រាប់មើល ដោយសៀវភៅ១ក្បាលៗត្រូវមើលឱ្យចេះ និងចប់មុន១សប្តាហ៍ ហើយទុកពេលខ្លះ សម្រាប់រំលឹកឡើងវិញ ។

ទី២. រៀនឱ្យចំទិសដៅ៖

ត្រូវមានសៀវភៅឯកសារសម្រាប់រៀនត្រៀមប្រឡងមុខវិជ្ជាគណិតវិទ្យា និងពិនិត្យវិញ្ញាសាទាំងនោះឱ្យដឹងពីប្រភេទលំហាត់ ធ្លាប់ចេញ រួចសន្និដ្ឋាន តើប្រភេទលំហាត់បែបណាដែលអាចចេញប្រឡង? លំហាត់ដែលចេញអាចមានប្រភពនៅឯណា?

ទី៣. រៀនមេរៀនឱ្យបានច្បាស់លាស់៖

រៀនមេរៀន គឺរៀនឱ្យយល់ពីរូបមន្ត ឬទ្រឹស្តីបទនានាដែលជាចំណេះមូលដ្ឋាន និងជាដើមទុនយ៉ាងសំខាន់ក្នុងការ ដោះស្រាយ លំហាត់ គ្រប់ប្រភេទ ។ ហេតុនេះ រាល់រូបមន្ត ឬទ្រឹស្តីបទសិស្សត្រូវរៀនឱ្យចេះពីរបៀបដោះស្រាយលំហាត់។ បន្ថែមពីនេះ គួររៀនធ្វើ ឬមើលឧទាហរណ៍គំរូមួយចំនួនដើម្បីយល់ និងចេះប្រើប្រាស់រូបមន្តឱ្យបានច្បាស់។

ទី៤. រៀនធ្វើលំហាត់៖

ត្រូវធ្វើលំហាត់ប្រឡងសាកល្បងឱ្យដូចពេលប្រឡងបាក់ឌុប ដោយជ្រើសពីវិញ្ញាសាចាស់ៗ ឬឯកសារនានា មកអនុវត្ត និងកំណត់ពេលវេលាឱ្យបានត្រឹមត្រូវ បន្ទាប់មកផ្ទៀងផ្ទាត់អត្រាកំណែ ដើម្បីអាចដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯង ហើយរកវិធីកែលម្អបានទាន់ពេលវេលា។

ទី៥. អំឡុងពេលប្រឡង៖

ធ្វើលំហាត់ដែលខ្លួនឯងចេះ និងគិតថាងាយស្រួលមុន និងត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះមុខវិជ្ជាដែលកំពុងប្រឡងប៉ុណ្ណោះ ដោយឈប់បារម្ភ និងខ្វល់ខ្វាយពីមុខវិជ្ជា ដែលបានប្រឡងរួច និងមុខវិជ្ជាដែលត្រូវប្រឡងជាបន្តបន្ទាប់ ៕

ប្រភព៖ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម