មាស នីតា ប្រឈមកើតជំងឺបាក់ទឹកចិត្ដ តែ សេង សុឃីម លេបថ្នាំរម្ងាប់អារម្មណ៍បាត់ទៅហើយ!

  • 2022-12-07 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងតារាចម្រៀងស្រី មាស នីតា ធ្លាប់រៀបការ ថែមទាំងមានកូនដល់ទៅ ២នាក់ បានបែកធ្លាយជាសាធារណៈ ក្រោយមានជម្លោះជាមួយអតីតសង្សារនាយចឺម គឺអ្នកនាង សេង សុឃីម។ បញ្ហានេះ ត្រូវបានអ្នកគាំទ្រ មាស នីតា ពោលអាណិត ហើយថា មាស នីតា ប្រឈមនិងជំងឺបាក់ទឹកចិត្ដ។

ងាកមកអ្នកមេម៉ាយកូន១ សេង សុឃីម ដែលជាគូជម្លោះវិញ ក៏បានអះអាងថាខ្លួនមានជំងឺបាក់ទឹកចិត្ដបាត់ទៅហើយ ដោយសារតែរឿងរ៉ាវជាមួយអ្នកនាង មាស នីតា។ យោងតាមឯកសារពេទ្យដែលអ្នកនាង សេង សុឃីម បង្ហោះតាមបណ្ដាញសង្គម ឲ្យដឹងថា អ្នកនាងកំពុងប្រើថ្នាំរម្ងាប់អារម្មណ៍ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍។

អ្នកមេម៉ាយរូបនេះ ក៏បានប្រាប់Sabay បន្ថែមថា នៅពីក្រោយស្នាមញញឹមរបស់អ្នកនាង គឺមានទុក្ខជាច្រើន ហើយសម្ដីជេរម្រមាថរបស់ មាស នីតា មកលើខ្លួន និងម្ដាយអ្នកនាងដែលមិនដឹងអីសោះនោះ គឺជាបន្ទុកបន្ថែមទៀតធ្វើឲ្យអ្នកនាងឈឺចិត្ដគិតរហូតដល់មានបញ្ហាសុខភាពផ្លូវចិត្ដ។

សេង សុឃីម៖ “គេថាខាងណោះ(មាស នីតា)ប្រឈមមុខនិងជំងឺបាក់ទឹកចិត្តហ្អី! ចុះបងប្អូនមានដឹងរាល់ថ្ងៃហ្នឹងខ្ញុំយ៉ាងម៉េចអត់? ខ្ញុំត្រូវការក្ដីអាណិត ក្ដីស្រឡាញ់ពិតប្រាកដ ខ្ញុំអត់ចេះធ្វើវេទនា ឲ្យគេអាណិតទេ”។

សូមរំលឹកថា ជម្លោះពាក្យសម្ដី ឈានដល់ការប្ដឹងគ្នាឡើងតុលាការរវាងតារាចម្រៀង មាស នីតា ជាមួយអតីតសង្សារនាយចឺម គឺអ្នកនាង សេង សុឃីម គឺបន្ទាប់ពីគេឃើញនាយចឺម ថើប មាស នីតា នៅកណ្ដាលចំណោមក្នុងកម្មវិធីមួយកាលពីពេលថ្មីៗ។

សកម្មភាពស្និទ្ធស្នាលនៅក្នុងវីដេអូនោះ ត្រូវបានគេយកទៅកាត់បង្ហោះបន្ដតាមបណ្ដាញសង្គមដោយចំអន់ថា នាយចឺម ចោលសង្សារស្អាតដូចហង្ស ទៅយកស្រីមុខអាក្រក់ ដែលបញ្ហានេះធ្វើឲ្យមាស នីតា ខឹង ហើយនឹកគិតថា សេង សុឃីម គឺជាមេគំនិតក្នុងការបង្កើតរឿងនេះឡើង ទើបកើតជារឿងជេរប្រមាថតែម្ដង៕

ជិន សុភ័ក្ដ្រ