ទើបប្រឡងបាក់ឌុបហើយ! មុនសម្រេចចិត្តជ្រើសរើសមុខវិជ្ជារៀននៅសាកល គួរដឹង៧ចំណុចនេះ
- 2022-12-08 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបប្រឡងបាក់ឌុបហើយ! មុនសម្រេចចិត្តជ្រើសរើសមុខវិជ្ជារៀននៅសាកល គួរដឹង៧ចំណុចនេះ
ចន្លោះមិនឃើញ
ក្រោយពេលប្រឡងបញ្ចប់បាក់ឌុបថ្មីៗនេះរួច ស្របពេលនេះបេក្ខជនកំពុងទន្ទឹងរងចាំលទ្ធផលនៃការប្រឡងរបស់ខ្លួន ដោយឡែកក៏មានបេក្ខជនខ្លះក៏កំពុងរិះគិតថាគួរបន្តការសិក្សា ឬបញ្ចប់់ និងខ្លះក៏កំពុងគិតរកមុខវិជ្ជាណាដែលខ្លួនជ្រើសចង់រៀនបន្តនៅសាកលវិទ្យាល័យ សម្រាប់អនាគតនាពេលទៅមុខបន្តទៀត ។
ការជ្រើសរើសជំនាញសម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ត្រូវធ្វើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ចត់ ព្រោះការសម្រេចចិត្តមួយនេះ នឹងដៅវិថីជីវិតរបស់អ្នក។ តើយុវជនត្រូវយល់ដឹងពីអ្វីខ្លះមុននឹងសម្រេចចិត្តជ្រើសរើសយកជំនាញអ្វីមួយ?
កត្តាធំៗចំនួន ៣ នៃការសម្រេចចិត្តរបស់យុវជន គឺ កត្តាជំរុញពីក្រុមគ្រួសារ កត្តាអូសទាញពីមិត្តភក្តិ និងកត្តាផ្សព្វផ្សាយទាក់ទាញពីសាកលវិទ្យាល័យនានា។ កត្តាទំាង៣នេះ អាចធ្វើឲ្យអ្នកមានភាពច្របូកច្របល់ក្នុងការសម្រេចចិត្ត។ ដើម្បីចូលរួមជាប្រយោជន៍សម្រាប់ការសម្រេចចិត្តត្រឹមត្រូវមួយនេះ Sabay បានដកស្រង់ និងចែករម្លែកកត្តាធំៗចំនួន ៧ ខាងក្រោមនេះ សម្រាប់ពិចារណាមុនសម្រេចចិត្តជ្រើសរើសរៀនជំនាញមួយ៖
១. ពិចារណាលើចំណុចខ្លាំង និងខ្សោយរបស់ខ្លួន
នៅលើគេហទំព័រមហាវិទ្យាល័យCollege of Charleston បានសរសេរថាមុននឹងជ្រើសរើសមុខវិជ្ជាណាមួយកូនសិស្សត្រូវពិភាក្សាជាមួយអ្នកធ្លាប់មានបទពិសោធន៍ឆ្លងកាត់ការសិក្សានៅមហាវិទ្យាល័យ ឬពិភាក្សាជាមួយអ្នកប្រឹក្សាយោបល់របស់សាលកលវិទ្យាល័យណាមួយដែលអ្នកសិក្សាពេញចិត្ត ដើម្បីឲ្យដឹងថាភាពខ្លាំងរបស់អ្នកសិក្សា ស៊ីជាមួយនឹងមុខវិជ្ជាណាមួយ។ ជាពិសេសប្រភពដដែលថាដើម្បីឲ្យដឹងថាមុខវីជ្ជាដែលនឹងត្រូវសិក្សាគឺ ចំគោលដៅដែលអ្នកសិក្សាចង់បាន។
២. ពិចារណាលើមុខវិជ្ជាដែលខ្លួនពូកែ
ប្រភពខាងលើលើកទឹកចិត្តឲ្យអ្នកសិក្សាពិចារណាទៅលើមុខវិជ្ជាដែលខ្លួនរៀនពូកែ ធ្វើបានល្អ។ ទោះយ៉ាងណាអ្នកខ្លះពិតជាពូកែល់មុខវិជ្ជាណាមួយមែន តែមិនសូចចាប់អារម្មណ៍ចង់បន្តរៀនមុខវិជ្ជាដដែលនេះទៀតទេ ដែលចំណុចនេះអ្នកសិក្សាក៏ត្រូវពិចារណាផងដែរ។ ប្រភពខាងលើសង្កត់ធ្ងន់ថាកុំចូលចិត្តមុខវិជ្ជាណាមួយដោយគ្រាន់តែបានឭ ឬឃើញអ្នកដទៃសិក្សា តែថាត្រូវសិក្សាឬសួរនាំឲ្យបានលម្អិតជាមុនផងដែរ។
៣. សួរនាំអ្នកធ្លាប់រៀនលើមុខវិជ្ជាដែលខ្លួនស្រឡាញ់
អ្នកសិក្សាអាចព្យាយាមសាកសួរអ្នករៀនមុនៗលើមុខវិជ្ជាដែលខ្លួនពេគចិត្ត ថាតើមុខវិជ្ជានេះមានឱកាសការងារយ៉ាងដូចម្តេច ឬពេលរៀនមានបញ្ហាអ្វីដែលអាចនឹងប្រឈមជាដើម។ នេះបើតាមសំណេរនៅលើគេហទំព័រមហាវិទ្យាល័យCollege of Charleston ដដែល។
៤. ជ្រើសរើសសាកលវិទ្យាល័យដែលខ្លួនគិតថាល្អ
នៅលើគេហទំព័រ College Choice ណែនាំថាអ្នកសិក្សាគួរស្វែងយល់ពីសាកលវិទ្យាល័យដែលខ្លួនពេញចិត្ត និងត្រឹមត្រូវតាមគោលបំណងនៃការសិក្សារបស់ខ្លួន។ ត្រូវស្វែងយល់ទៀតថាតើកម្មវិធីសិក្សារបស់សាកលវិទ្យាល័យនោះមានឈ្មោះល្បីឬមានការទទួលស្គាល់បែបណាមុននឹងសម្រេចិត្តជ្រើសរើសមុខវិជ្ជាណាមួយសិក្សានៅសាកលវិទ្យាល័យនោះ។
៥. ងារការ និងប្រាក់ខែដែលរំពឹងទុក
ចំណុចនេះក៏ជារឿងសំខាន់មួយដែរសម្រាប់អ្នកសិក្សា បើអ្នកសិក្សាមុខវិជ្ជាជំនាញដូចជាវេជ្ជបណ្ឌិត ឬមេធាវី ជាដើម ប្រាដកណាស់ថាអ្នកនឹងមានចំណូលខុសគ្នានឹងអ្នកសិក្សាលើមុខវិជ្ជាភាសារបទេស សង្គមវិទ្យា ប្រវត្តិវិទ្យា ជាដើម។
៦. ត្រូវដឹងពីឱកាសរីកចម្រើនក្នុងទីផ្សារការងារ
មុននឹងចំណាយរយៈពេល ៤ ឬ ១០ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រមួយនេះ អ្នកត្រូវដឹងថាឱកាសរីកចម្រើននៃការងារ ឬ វិស័យដែលពាក់ព័ន្ធនឹងជំនាញដែលអ្នកនឹងជ្រើសរើសមានខ្ពស់កម្រិតណា។ ព័ត៌មានទំាងនេះ អ្នកអាចដឹងបានតាមរយៈការសិក្សាស្រាវជ្រាវពីក្រសួងពាក់ព័ន្ធផ្សេងៗ ឬ មើលពីតម្រូវការក្នុងសេចក្តីប្រកាសឱកាសការងាររបស់បណ្តាភ្នាក់ងារជ្រើសរើសបុគ្គលិកនានាជាដើម។
៧. ត្រូវដឹងពីលទ្ធភាពគ្រួសារ
មុនជ្រើសរើសជំនាញ អ្នកក៏ត្រូវដឹងពីធនធានរបស់គ្រួសារផងដែរ។ ប្រសិនបើជីវភាពគ្រួសារអ្នកខ្សត់ខ្សោយ អ្នកគួរតែជ្រើសរើសរៀនជំនាញណាដែលមានរយៈពេលខ្លីសមរម្យ និងមិនចំណាយថវិការច្រើនពេកទៅលើសម្ភារៈសិក្សាដែរ ព្រោះវាអាចធ្វើឲ្យគ្រួសារអ្នក និងអ្នកមានសម្ពាធរហូតដល់អាចនឹងបោះបង់ការសិក្សាបាន៕