ចង់ដឹងអ្នកឈ្នះកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” កុំភ្លេចទៅមើលវគ្គផ្ដាច់ព្រ័ត្រ និងសិល្បៈតន្ត្រីកម្សាន្ត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃ ១៤ ធ្នូ
- 2022-12-08 09:36:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដឹងអ្នកឈ្នះកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” កុំភ្លេចទៅមើលវគ្គផ្ដាច់ព្រ័ត្រ និងសិល្បៈតន្ត្រីកម្សាន្ត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃ ១៤ ធ្នូ
ចន្លោះមិនឃើញ
នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជនជ្រាបថា៖ នាយកដ្ឋាន សហការជាមួយអង្គការជាតិ អន្តរជាតិ នឹងប្រារព្ធទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត” និងការប្រកួតផ្តាច់ព្រ័ត្រកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ” នាថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
ទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីសារៈសំខាន់នៃការងារស្ម័គ្រចិត្ត និងផ្តល់ឱកាសឱ្យអ្នកស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធនានា ដើម្បីអបអរសាទរកិច្ចខិតខំប្រឹងប្រែង ការចែករំលែកគុណតម្លៃ និងការលើកកម្ពស់ការងាររបស់អ្នកស្ម័គ្រចិត្តក្នុងចំណោមសហគមន៍ អង្គការមិនមែនរដ្ឋភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ សង្គមស៊ីវិល អាជ្ញាធរ រដ្ឋបាភិបាល និងវិស័យឯកជន។
ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល) បានរៀបចំកម្មវិធីការប្រកួតប្រជែងយកជ័យលាភីគម្រោងឆ្នើមចំនួន ៣ក្រុម ក្នុងចំណោម ៨៦ក្រុម ដែលបានអនុវត្តលើប្រធានបទធំៗ ចំនួន ៨ គឺ៖ អប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ កសិកម្ម បរិស្ថាន សហគ្រិនភាព និងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០ របស់យុវជនស្ម័គ្រចិត្ត មកពី ២៥ រាជធានី ខេត្ត និងស្រុកកងមាស ចំនួន៤៣០នាក់ ដែលបានអនុវត្តគម្រោងអស់រយៈពេល ៦ខែកន្លងមក នៅក្នុងសហគមន៍ដែលពួកគេរស់នៅ។ សូមជម្រាបដែរថា ទន្ទឹមនឹងការរៀបចំព្រឹត្តិការណ៍ខាងលើ នឹងមានកម្មវិធីសិល្បៈតន្ត្រីកម្សាន្តផងដៃរ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន អ្នកសារព័ត៌មាន ជាពិសេស យុវជន អ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិ ជ្រាបជាព័ត៌មាន និងរង់ចាំទស្សនាការផ្សាយផ្ទាល់តាមផេកមួយចំនួន តាមការគួរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០១២ ៨៩៦ ៩៥៨ / ០១១ ៣៧១ ៨២៦។