ស្ដាយណាស់ ក្រុមគោព្រៃកណ្ដាលម៉ាប់ឆ្វេង លែងបានបង្ហាញមុខក្នុងពាន Slamball ទៀតហើយ!

  • 2022-12-09 03:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដណ្ដើមពានរង្វាន់បាល់ទះ Anchor Slamball លើកដំបូង​ក្នុង​ឆ្នាំ២០២២នេះ មាន៨ក្រុមខ្លាំងៗចូលរួមដូចជាក្រុមត្រីឆ្លាំងភ្នំពេញ ក្រុមគោព្រៃកណ្ដាល ក្រុមនាគព្រៃវែង ក្រុមពង្រូលកំពង់ស្ពឺ ក្រុមខ្លាពពកបាត់ដំបង ក្រុមដំរីសៀមរាប ក្រុមមាន់ជល់កំពង់ចាម និងក្រុមត្រីឆ្លាមកំពត។ ប៉ុន្តែក្នុងចំណោម៨ក្រុមនេះ ក្រុមគោព្រៃកណ្ដាលដែលគេស្គាល់ជាក្រុមរបស់កីឡាករ គ្រឹល ម៉ាប់ ហៅសឺវីសឥតស្រមោលម៉ាប់ឆ្វេង ស្មាត់ស្ដាំ ផេន វណ្ណៈ ហៅស្មាត់ជ័យ ស្មាត់ស្ដាំ ម៉ាត់ សុខគ្រី ហៅម៉ាប់ស្ដាំ កីឡាករអាងលិក ហៅ​លិកម៉ាទីអូ និង នាក់ រតនៈ ហៅឌីប៉ះសេ បានធ្លាក់ចេញពីកម្មវិធីប្រកួតដណ្ដើមពានរង្វាន់នេះ​ហើយ ក្រោយពួកគេ​ចាញ់ពីរប្រកួតជាប់ៗគ្នា។

ក្រុម​គោព្រៃ​កណ្ដាល ម៉ាប់​ឆ្វេង​

ការប្រកួតលើកទីមួយរបស់ក្រុមមកពីភូមិជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាលកាល​ពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាញ់ក្រោមថ្វីដៃរបស់ក្រុមពង្រូលកំពង់ស្ពឺដែលមានស្មាត់ល្បីៗ​ ទុយ កុសល ហៅយុនស្រែស្រែ ទុយ រាជ ហៅអធិរាជប្រអប់ស្មាត់រាជ ផាត សុភ័ក្រ្ត ហៅទូចអង្គរក្ស កីឡាករដេញបាល់លឿន កែវ សុធារិទ្ធ និងអ្នកប៉ះសេឆ្នើម នួន វិចិត្រ ក្នុងលទ្ធផលពីរ​សិតទល់នឹងមួយ​សិតនៅទឹកដីខ្លួនឯង។

ចាំ​បាន​ថា​ការប្រកួតក្នុង​សិតទីមួយ ក្រុមគោព្រៃកណ្ដាល ពិតជាសហការគ្នាបានយ៉ាងល្អទាំងការម៉ាត់ ការចែកបាល់ ការការពារ និងការធ្វើរនាំងជា​ដើម​ ដោយបានយកឈ្នះក្រុមភ្ញៀវនៅសិតទីមួយ​នេះ​។ ចូលដល់សិតទីពីរ​ ក្រុមពង្រូលកំពង់ស្ពឺ​ដែល​ដឹកនាំដោយលោកគ្រូ សៅ សាមីត ហាក់លេងសង់តង់គ្នានិងបានដាក់សម្ពោធយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះវិញ​ រហូតទទួលបានជ័យជម្នៈពិន្ទុ២៥មុន​វិញ​។

ការ​ប្រកួត​សិតទីបីដែលជាសិតកាត់សេចក្ដី១៥ពិន្ទុ បានធ្វើឲ្យប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះនៅទីលានផ្ទាល់រាប់រយនាក់ និងអនឡានប្រមាណជិត១ម៉ឺននាក់ មាន​អារម្មណ៍​រន្ធត់តក់ស្លុតជាខ្លាំង ដ្បិតពួកគេ​ចង់អោយក្រុមដែលខ្លួនស្រលាញ់​ពេញចិត្តឡើងទៅវគ្គបន្តទៀត។ ការប្រកួតបានប្រព្រឹតទៅយ៉ាងស្វិតស្វាញ និងបញ្ចប់​ដោយរលូន ហើយទីបំផុតក្រុមពង្រូលកំពង់ស្ពឺធ្វើបានល្អជាងដោយ​យកបានពិន្ទុ១៥មុន ​ឈ្នះពីរសិត​ទល់នឹងមួយសិតលើក្រុមដឹកនាំដោយលោកគ្រូបង្វឹក ហ៊ន កកដ្ដា។

ក្រុមពង្រូល​កំពង់ស្ពឺ

ការប្រកួតលើកទី២កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២២ ក្រុមគោព្រៃកណ្ដាលបានធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះត្រីឆ្លាំងភ្នំពេញ នៅ​តារាង​បាល់ទះ​ MS GYM II។ នៅសិតទីមួយ ក្រុមម្ចាស់ផ្ទះដែលមានធន់ធានកីឡាករក្មេងៗ និង​មានបទពិសោធន៍ជោគជាំក្នុងការប្រកួតបាល់ទះផ្លូវការទាំង៤ស្មើនិង៦ស្មើ មកពីក្លឹបក្រសួងមហាផ្ទៃ ធីម៉េងហួង ហៅកូននាគស្លាបហង្ស លីប្រូឈួន ប្រសិទ្ធ ស្មាត់វ័យក្មេង មឿន ម៉េងឡាយ ស្មាត់ឆ្វេងកំពុង​ឡើង​ ខុម ហុងទ្រី និងអ្នកប៉ះសេចាស់វស្សា ប៊នណារិទ្ធ ធ្វើបានល្អ​យកឈ្នះដោយឡើងពិន្ទុ២៥មុន។ ទោះបី​ជា​យ៉ាងណាក្នុង​សិតទី២ ក្រុមម្ចាស់ផ្ទះហាក់បង្ករកំហុសច្រើនក្នុងការប្រកួតរបស់ខ្លួន (ឡាក់) ជាហេតុនាំអោយក្រុមម៉ាប់ឆ្វេង ឆ្មក់ឱកាសបាននិងដាក់សម្ពោធកាន់តែខ្លាំងរហូតយកពិន្ទុតាមស្មើ និងនាំមុខ និងទីបំផុតបានយកឈ្នះនៅសិតនេះតែម្ដង។ ឈ្នះមួយសិតម្នាក់បែបនេះបានធ្វើអោយអារម្មណ៍អ្នកទស្សនាពុះកញ្ជ្រោលចង់ដឹងលទ្ធផល ដូច្នេះក្រុមត្រីឆ្លាំងភ្នំពេញដឹកនាំដោយលោកគ្រូ អ៊ូ សុផល និងក្រុមគោព្រៃកណ្ដាលដឹកនាំដោយលោកគ្រូ ហ៊ន កក្ដដា ត្រូវប្រកួតយកចាញ់ឈ្នះនៅសិតទីបីដែលជាការប្រកួតកាត់សេចក្ដី។

ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ

នៅសិតទីមរណៈនេះ នៅដើមសិតក្រុមភ្ញៀវម៉ាប់ឆ្វេងបាន​បង្ហាញ​អនុភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​​ដោយមានពិន្ទុនាំមុខ ប៉ុន្តែ​ពួកគេមិនធ្វើអ្វីម្ចាស់ផ្ទះបានឡើយ ហើយទីបំផុតបានត្រឹមហាលអាវនាំគ្នាត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ។ ប៉ុន្តែ​គួរ​អោយ​កត់​សម្គាល់​ឃើញ​ថា​ ក្រុមពង្រូលកំពង់ស្ពឺ និងក្រុមត្រីឆ្លាំងភ្នំពេញ សុទ្ធ​តែ​ជា​ក្រុម​បិះទៅភ្នំក្រោមថ្វីដៃរបស់ក្រុមគោព្រៃកណ្ដាលទៅហើយ។

២ប្រកួតកន្លងមកនេះរបស់ក្រុមគោព្រៃកណ្ដាល បុរសសម្ដីផ្អែមម៉ាប់ឆ្វេង ត្រូវបានគេមើលឃើញថាធ្វើបានល្អ និងហត់នឿយជាងគេ​។ សូម្បីអ្នកប៉ះសេឆ្នើមរបស់ក្រុមត្រីឆ្លាំងភ្នំពេញលេងតំណាងអោយក្លឹបបាល់ទះ MS GYM ll ក៏កោតសរសើរសមត្ថភាពរបស់ស្មាត់ឆ្វេងមកពីខេត្តកំពតរូបនេះដែរ។

ប៊ន ណារិទ្ធ អ្នកប៉ះសេរបស់ក្រសួងមហាផ្ទៃ

ពាក់ព័ន្ធចំណុចនេះការខំប្រឹងប្រែង និងហត់នឿយខ្លាំងនេះដែរ ម៉ាប់ឆ្វេង ដែលលេងតំណាងអោយក្លិបបាល់ទះម្លប់ត្នោតជ្រៃលាស់ បានប្រាប់មកកាន់ Sdap Keila News ថា គឺដើម្បីជួយក្រុមនិងកេរ្តិ៍ឈ្មោះក្រុម។

ទោះបីជាធ្លាក់ចេញពីការប្រកួតក៏ដោយ ជាចុងក្រោយម៉ាប់ឆ្វេងបានអរគុណដែលក្រុម​ហ៊ុន​ស្រាបៀរ Anchor បង្កើតអោយមានការប្រកួតបាល់ះ Slamball ដ៏ធំនេះឡើង ហើយបើមានរដូវកាលបន្ត​បន្ទាប់ទៀត គេមិនស្ទាក់ស្ទើរក្នុងការដាក់ពាក្យចូលរួមប្រកួតប្រជែងឡើយ ព្រោះកម្មវិធីនេះបានលើកស្ទួយដល់វិស័យកីឡាបាល់ទះនៅកម្ពុជា។

គួរបញ្ជាក់ថា ការប្រកួតដណ្ដើមពានរង្វាន់បាល់ទះ Slamball ឆ្នាំ២០២២ បានចាប់ផ្ដើមការប្រកួតដំបូងរបស់ខ្លួននៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ការប្រកួតធ្វើឡើងតាមទម្រង់ Double Elimination មានន័យថាក្រុមឈ្នះប៉ះក្រុមឈ្នះ (ស្តិតក្នុងតារាង Upper Bracket) ឡើងទៅវគ្គបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ និង​ក្រុមចាញ់ប៉ះក្រុមចាញ់ (ស្ថិតក្នុងតារាង Lower Bracket) ហើយក៏​មានឱកាសឡើងទៅវគ្គបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្រដូចគ្នាដែរ។

ការប្រកួតមានចំនួនបីសិត ក្រុមឈ្នះ២សិតចាត់ទុកថាឈ្នះ ប៉ុន្តែឡើងដល់វគ្គបួនក្រុមចុងក្រោយ ការប្រកួតមា​នចំនួន៥សិត ក្រុមឈ្នះបីសិតចាត់ទុកថាឈ្នះ ខណៈសិតទីបីនិងទី៥មាន១៥ពិន្ទុដូចគ្នា។

កាន់តែពិសេសក្រៅពីប្រាក់រង្វាន់លេខ១បានមេដាយមាស១ពាន១និងទឹកប្រាក់ ៥,០០០ដុល្លារ លេខ២បានទឹកប្រាក់ ៣,០០០ដុល្លារ និងលេខ៣បាន ១,៥០០ដុល្លារ។ មិន​តែ​ប៉ុណ្ណោះ​ក្រុម​នីមួយៗ​ក៏​ទទួលបាន​ប្រាក់​ថ្លៃធ្វើដំណើរ ស្នាក់នៅ ហូបចុកពី​ក្រុម​ហ៊់ុន Anchor ដែរ។ កាន់​តែ​ពិសេស​មិន​ធ្លាប់​មាន​ក្រុមណាមួយដែលឈ្នះមួយប្រកួតនឹងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែម​ចំនួន ៥០០​ដុល្លារ​ពីលើទៀតផង៕

អត្ថបទ៖ អ៊ុំ សុភក្តិ